ហ្គាប៉ាត ម៉ុង ជាអ្នកគណិតសាស្ត្រ ជាបិតាបង្កើតចេញនូវមុខវិជ្ជារេខាគណិតពិពណ៌នា ។ លោកជាកូនក្នុងត្រកូលអ្នកក្រ ។ ដោយគ្មានមធ្យោបាយសម្រាប់ឲ្យកូនបន្តការសិក្សានៅសាលាឲ្យបានខ្ពស់ថែមទៀត ឪពុករបស់លោកបានរិះរកមធ្យោបាយផ្ញើកូន លោកឲ្យរៀននៅវិទ្យាស្ថានបច្ចេកទេសយោធា ។ ដោយមានស្នាដៃល្អក្នុងពេលសិក្សា ទើបពេលប្រឡងចេញពីសាលា លោកត្រូវបានវិទ្យាស្ថានឃាត់ទុកឲ្យលោកធ្វើជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថាននេះ ។
ហ្គាប៉ាត ម៉ុង (Gaspard Monge, 1746-1818)
បណ្ដាវណ្ណកម្មរបស់ ហ្គាប៉ាត ម៉ុង
ដែលត្រូវបានប្រកាសក្នុងចន្លោះឆ្នាំ១៧៧០‑១៧៨០ បានបើកចេញនូវដំណាក់កាលថ្មីនៃការរីកចម្រើនរបស់រេខាគណិតពិពណ៌នា និងរេខាគណិតវិភាគ ។
លោកជាអ្នកបណ្ដុះបណ្ដាលនូវអ្នកបច្ចេកទេសដ៏ល្បីល្បាញជាច្រើនរូបក្នុងចំណោមនោះមាន សាឌីកាកណូ ។
ម៉ាស៊ីនបូមទឹកពន្លត់អគ្គីភ័យ
កាលអាយុ១៤ឆ្នាំ ហ្គាប៉ាត ម៉ុង បានបង្ហាញឲ្យឃើញនូវទេពកោសល្យពិសេសខាងបច្ចេកទេស ។ កុមាររូបនេះបានធ្វើដោយខ្លួនឯងនូវម៉ាស៊ីនបូមទឹកមួយគ្រឿងសម្រាប់ពន្លត់អគ្គីភ័យដែលអាចបាញ់ទឹកឡើងដល់កម្ពស់
១០ម៉ែត្រ ។ ថ្ងៃមួយ ហ្គាប៉ាត ម៉ុង
រួមនឹងមិត្តភក្តិមួយចំនួនកំពុងប្រឡែងលេងជាមួយម៉ាស៊ីនបូមទឹក
គាប់ជួនពេលនោះ មានវិស្វករម្នាក់ដើរកាត់ ។
គាត់មានការងឿងឆ្ងល់យ៉ាងខ្លាំងនឹងរចនាសម្ព័ន្ធដ៏ល្អរបស់ម៉ាស៊ីនបូមទឹកនេះ
ហើយគាត់កាន់តែស្រឡាំងកាំងថែមទៀតពេលឃើញអ្នកច្នៃប្រឌិតវាគឺជាកុមារម្នាក់ ។
«ប្អូនឯងរៀនមកពីណា
គោលការណ៍របស់ម៉ាស៊ីនបូមទឹកនេះ ?» ។
កុមារអេះអុញ «រៀនមកពីណាឬ ? ទេ ? ខ្ញុំគ្រាន់តែពិចារណាដោយខ្លួនឯង…
ខ្ញុំខំប្រឹងធ្វើយ៉ាងណាឲ្យវាគ្រាន់តែងាយស្រួល
ហើយសមស្របបំផុតប៉ុណ្ណោះ» ។
បន្ទាប់មក វិស្វករនេះ
ក៏យល់ភ្លាមនូវទេពកោសល្យដ៏ប្រពៃនេះ គាត់ខំដើរទៅដល់ផ្ទះ ហ្គាប៉ាត ម៉ុង
ដោយស្នើឲ្យឪពុកម្ដាយរបស់ ហ្គាប៉ាត ម៉ុង
ត្រូវតែបញ្ជូនកុមារបូមទឹកនេះឲ្យចូលរៀននៅវិទ្យាស្ថានបច្ចេកទេស ។
បណ្ដាកល្យាណមិត្ត
ក្នុងឆ្នាំដែលនៅសិក្សានេះដែរ ហ្គាប៉ាត ម៉ុង
បានគូរផែនទីទីក្រុងយ៉ាងត្រឹមត្រូវឥតខ្ចោះ ។
សូម្បីតែអ្នកឯកទេសក៏ត្រូវតែកោតសរសើរពេលដែលបានមើលផ្ទាំងគំនូរផែនទីដ៏ស្មុគ្រស្មាញនេះ ។
«ពូកែមែន ! ទាល់តែមានអ្នកជួយឯង
ទើបឯងធ្វើបាននូវកិច្ចការដ៏ល្អិតល្អន់នេះមែនទេ ?» ។ កុមារញញឹម «បាទមែនហើយ ! មានមិត្តពីរនាក់ទៀតដែលនៅតែជួយខ្ញុំជាដរាបនោះគឺ “ហត្ថាទាំងគូ
និងទឹកចិត្តអំណត់ព្យាយាម”» ។
ភាពល្អប្រណីតនៃការបង្កើតថ្មី
មានម្ដងនោះ ពេលនៅរៀនក្នុងសាលាបច្ចេកទេសយោធា
គេបានដាក់លំហាត់មួយយ៉ាងពិបាកឲ្យ ហ្គាប៉ាត ម៉ុង ដោះស្រាយ ។ ប៉ុន្តែជាការស្មានមិនដល់ យុវសិស្សរូបនេះ
រកឃើញចម្លើយក្នុងរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះ ។
បណ្ដាលោកគ្រូមិនពេញចិត្តនឹងលទ្ធផលនោះឡើយ «ម៉ុង បើសិនជាប្អូនចង់ឲ្យជំហានបោះទៅមុខកាន់តែរឹងមាំថែមទៀត
ប្អូនត្រូវតែហាត់ចិត្តអំណត់ធ្វើលំហាត់
កុំប្រថុយប្រថានផ្សងព្រេងសំណាងដូចនេះទៀតណា៎ !» ។ ហ្គាប៉ាត ម៉ុង សំដែងការងឿងឆ្ងល់ «ជម្រាប់ប្រសាសន៍លោកគ្រូ
គឺប្អូនបានខិតខំធ្វើលំហាត់ដោយខ្លួនឯង
ប្អូនឥតមានផ្សងសំណាងអ្វីផងទេបាទ !» ។
«អូ៎…
យើងខ្ញុំមិនអាចជឿថាប្អូនឯងធ្វើលំហាត់នេះបានរួចរាល់ក្នុងរយៈពេលតែកន្លះម៉ោងនេះទេ
ព្រោះថាគ្រាន់តែរឿងរៀបឯកតាលេចក៏ត្រូវចំណាយពេលយ៉ាងហោចណាស់ក៏
២ដងនៃរយៈកាលធ្វើនោះដែរហើយ !» ។
យុវសិស្សយើងបង្ខំចិត្តត្រូវតែធ្វើការអធិប្បាយឡើងវិញនូវរបៀបធ្វើរបស់ខ្លួន ។ ការពិត នេះជាវិធីថ្មីតែម្ដង ៖ វិធីរេខាគណិតពិពណ៌នាសម្រាប់ស្រាយបំភ្លឺបណ្ដាវិធីលំដាប់គណិតដ៏ស្មុគស្មាញ ។
បណ្ដាគ្រូបង្រៀនត្រូវជជែកដេញដោលគ្នាយ៉ាងយូរពីវិធីថ្មីដែល
ហ្គាប៉ាត ម៉ុង ទើបនឹងនឹកចេញ ហើយនៅទីបំផុតត្រូវទទួលស្គាល់ថា
វិធីថ្មីនោះពិតជាត្រឹមត្រូវ ។
នោះជាមូលដ្ឋានដំបូងបង្អស់នៃមុខវិជ្ជារេខាគណិតពិពណ៌នា ។
ការសម្ងាត់របស់ប្រទេសជាតិ
នៅពេលដែលមុខវិជ្ជារេខាគណិតសាស្ត្រពិពណ៌នាដែល
ហ្គាប៉ាត ម៉ុង បានបង្កើតឡើងទើបនឹងបានការទទួលស្គាល់
រដ្ឋាភិបាលបារាំងក៏បានចាត់ទុកនោះជា «ការសម្ងាត់មួយរបស់ប្រទេសជាតិ» ។ ពីព្រោះថា
ផ្អែកតាមរេខាគណិតពិពណ៌នាគេអាចគិតគូររកឃើញបន្ទាត់បាញ់បានយ៉ាងចំគោលដៅ ។
ជាការពិត ប្រការនេះផ្ទុយពីគោលបំណងរបស់អ្នកប្រាជ្ញ ។ ក្នុងរយៈពេលរាប់សិបឆ្នាំ
តាំងពីពេលបានក្លាយជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យមក ហ្គាប៉ាត ម៉ុង
តែងតែតស៊ូជានិច្ចចំពោះការផ្សព្វផ្សាយវិទ្យសាស្ត្រថ្មីនេះ ។ ពីព្រោះថា
រេខាគណិតពិពណ៌នាពុំត្រឹមតែមានប្រយោជន៍ចំពោះយោធាប៉ុណ្ណោះទេ
គឺនៅថែមទាំងមានឥទ្ធិពលយ៉ាងធំធេងក្នុងវិស័យវិទ្យាសាស្ត្រដទៃទៀត ។
នៅទីបំផុត រដ្ឋាភិបាលបារាំងបានយល់ព្រមស្របតាម ហើយ ៣០ឆ្នាំ ក្រោយមក
វណ្ណកម្មដំបូងបង្អស់ស្ដីពីរេខាគណិតពិពណ៌នាថ្មីត្រូវបានបោះពុម្ពផ្សាយ ៕
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ
ចងក្រងដោយ ចាន់ សុខហេង