ជីវិត និង​ស្នាដៃ​របស់ អាល់ប៊ែរ ស្វ័យហ្សែរ

 អាល់ប៊ែរ ស្វ័យហ្សែរ ជា​កូន​អាចារ្យ​អ្នកក្រ​ម្នាក់​ដែល​រស់​នៅ​គុយដែលបិច (ខេត្ត​មួយ​តូច​នៅ​តំបន់​ខ្ពង់រាប​ទន្លេ​សែន ដែល​ត្រូវ​ផ្ទេរ​មក​ចំណុះ​បារាំង​តាំង​ពី​ឆ្នាំ​១៩១៨។ ដោយ​មាន​បញ្ញា​ឈ្លាសវៃ និង​ស្រលាញ់​ការ​រៀន​សូត្រ នៅ​អាយុ​២០​ឆ្នាំ ស្វ័យហ្សែរ​បាន​ដណ្ដើម​តួនាទី​ជា​បណ្ឌិត​ទស្សនវិជ្ជា និង​បាន​ក្លាយ​ទៅ​ជា​សាស្ត្រាចារ្យ​រង​មហាវិទ្យាល័យ​ស្គីវ៉ាតបួរ ។ លោក​ជា​អ្នកនិពន្ធ​វណ្ណកម្ម​ស្រាវជ្រាវ​ដ៏​មាន​តម្លៃ​ជាច្រើន​ខាង​ទស្សនវិជ្ជា និង​ដូរ្យតន្ត្រី ព្រម​ទាំង​មាន​ជំហរ​យ៉ាង​រឹងប៉ឹង​ក្នុង​វិទ្យាសាស្ត្រ និង​សិល្បៈ ។ លុះ​មាន​អាយុ​បាន​៣០​ឆ្នាំ ស្វ័យហ្សែរ​ក៏​ផ្ទេរ​មក​បំពេញ​ភារកិច្ច​ខាង​វេជ្ជសាស្ត្រ​វិញ ។ លោក​បាន​សម្រេច​ចិត្ត​បោះបង់​ចោល​ជីវភាព​ដ៏​ស្ដុកស្ដម្ភ ដោយ​ទៅ​រស់​នៅ​ប្រទេស​ហ្គាបុង ទី​កន្លែង​ដែល​មាន​ជនជាតិ​ស្បែក​ខ្មៅ​រស់នៅ​យ៉ាង​លំបាក​វេទនា និង​ស្លាប់​រីងរៃ​ក្រោម​នឹម​ត្រួតត្រា​ដ៏​ឃោរឃៅ​របស់​ពួក​អាណានិគម​និយម​បារាំង ។ ស្វ័យហ្សែរ​បាន​បង្កើត​មន្ទីរពេទ្យ​មួយ​នៅ​ទីនោះ ហើយ​បាន​រស់​នៅ​ទីនោះ​រហូត​ដល់​លោក​ផុត​ជីវិត ។ លោក​បាន​យក​អស់​នូវ​ទេពកោសល្យ និង​កម្លាំង​ពលំ​របស់​ខ្លួន ដើម្បី​អនុវត្ត​នូវ​បេសកកម្ម​មនុស្សធម៌​ដ៏​ឧត្ដុង្គឧត្ដម​មួយ គឺ​ព្យាបាល​ជំងឺ និង​ថែទាំ​សុខភាព​ឲ្យ​ជន​ដែល​ត្រូវ​គេ​ប្លន់​យក​នូវ​សិទ្ធិ​រស់នៅ​ជា​មនុស្ស 

អាល់ប៊ែរ ស្វ័យហ្សែរ (Albert Schweitzer, 1875-1965)

ដោយ​ការ​រួម​ចំណែក​ដ៏​ធំធេង​ក្នុង​ការ​តស៊ូ​ដើម្បី​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្សជាតិ និង​សច្ចធម៌ ស្វ័យហ្សែរ​បាន​ទទួល​រង្វាន់​សន្តិភាព​លេនីន និង​រង្វាន់​ណូបែល 


កុមារ​សម្បូណ៌​ដោយ​ការ​ស្រមើស្រមៃ

ម៉ោង​រៀន​តែងសេចក្ដី​បាន​ចាប់​ផ្ដើម ។ លោក​គ្រូ​មុខវិជ្ជា​តែងសេចក្ដី​បាន​សរសេរ​ដោយ​ផ្ចិតផ្ចង់​នូវ​ចំណងជើង​កំណាព្យ​មួយ «នៅ​ក្រោម​ស្រមោល​ដើម​ស្រល់» នៅ​លើ​ក្ដារខៀន 


កុមារ​ស្វ័យហ្សែរ​ប្រឹង​ចម្លង​មេរៀន ហើយ​ចាប់​ផ្ដើម​នឹក​ស្រមៃ​ដល់​ទេសភាព​ព្រៃ​ដ៏​ស្រស់​ត្រកាល​ដែល​រេរាំ​តាម​ជំនោរ​ខ្យល់​បក់ ។ តែ​គេ​មិន​ដឹង​មក​ពី​មូលហេតុ​អ្វី​បាន​ជា​ព្រៃ​ស្រស់​ប្រែ​ពណ៌​ទៅ​ជា​លឿង​ទុំ ។ ស្លឹក​ដែល​ជ្រុះ​ពុកៗ​នៅ​ដី​បាន​ចោល​ក្លិន​ស្អុយ​ភាយៗ​បំពុល​បរិយាកាស ។ សំឡេង​នរណា​នោះ​ខ្សឹបខ្សៀវ​ដូច​ច្រៀង​បំពេ​ឲ្យ​គេង ពេល​នោះ​កុមារ​យើង​ក៏​ដេក​ងក់​លើ​តុ ភ្នែក​បិទ​ជិត​លែង​ឮ​ស្នូរ​លោកគ្រូ​និយាយ​ពី​អ្វី​ទៀត​ឡើយ​…


កាល​នោះ ស្វ័យហ្សែរ​បាន​ពិន្ទុ​យ៉ាង​ទាប​បំផុត ។ ឪពុក​ស្វ័យហ្សែរ​មិន​សប្បាយ​ចិត្ត​ទេ ហើយ​បាន​និយាយ​ជាមួយ​កូន​ថា «នែ ! អាល់ប៊ែរ ! កូន​ឯង​មាន​ដឹង​ថា តើ​ពុក​ត្រូវ​រត់ការ​អស់​ដៃ​អស់​ជើង​យ៉ាង​ណា​ទេ ទើប​អាច​សុំ​ឲ្យ​កូន​ចូល​រៀន​នៅ​សាលា​នេះ ? តែ​កូន​ឯង​មិន​ព្រម​រៀន​សូត្រ​អី​សោះ គង់​តែ​ថ្ងៃ​ណា​មួយ​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​សាលា​មិន​ខាន​ឡើយ​…» 


កុមារ​យើង​ក៏​កើត​ក្ដី​ទុក្ខព្រួយ សារភាព​ប្រាប់​ឪពុក​ថា ខ្លួន​រៀន​មិន​ចូល​ទេ​មុខវិជ្ជា​អក្សរសាស្ត្រ​ដ៏​គួរ​ឲ្យ​នឿយណាយ​នោះ ថ្វីបើ​ស្វ័យហ្សែរ​បាន​សន្យា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ថា នឹង​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ឲ្យ​កាន់​តែ​ខ្លាំងក្លា​ក៏​ដោយ តែ​ពេលណា​ក៏​ស្វ័យហ្សែរ​នៅ​តែ​ដេកងក់​នៅ​ក្នុង​ថ្នាក់​រៀន​ដដែល 


ឪពុក​ស្វ័យហ្សែរ​សញ្ជប់សញ្ជឹង រួច​សុំ​ផ្លាស់​សាលារៀន​ឲ្យ​កូន ។ ចម្លែក​មែន តែ​២‑៣​ខែ​ក្រោម​មក ស្វ័យហ្សែរ​ក៏​បាន​ផ្លាស់ប្ដូរ​ចរិត​ទាំងស្រុង ។ ពី​កុមារ​ម្នាក់​ដែល​រៀន​ខ្សោយ​ខាង​មុខវិជ្ជា​អក្សរសាស្ត្រ ស្វ័យហ្សេរ​បាន​ក្លាយ​ទៅ​ជា​សិស្ស​ដែល​រៀន​ពូកែ ហើយ​ត្រូវ​បាន​លោកគ្រូ​សរសើរ​ជា​ច្រើន​លើក​ច្រើន​សា 


ការ​ពិត ដោយ​ស្វ័យហ្សែរ​មាន​ចរិត​សម្បូណ៌​ដោយ​ការ​ស្រមើស្រមៃ ប៉ុន្តែ​គេ​ស្រមើស្រមៃ​តែ​តាម​សម្ដី​ពន្យល់​ស្មើៗ និង​គ្មាន​ភាព​ស្វាហាប់​របស់​លោកគ្រូ​អក្សរសាស្ត្រ​មុន ទើប​ស្វ័យហ្សែរ​ធ្វើ​ឲ្យ​មាន​ការ​នឿយណាយ​ណាស់​ចំពោះ​មុខវិជ្ជា​អក្សរសាស្ត្រ​នេះ ។ តែ​ពេល​ដែល​ជួប​លោកគ្រូ​ថ្មី​ដែល​ជា​មនុស្ស​ម្នាក់​មាន​ចរិត​រួសរាយ ច្នៃប្រឌិត ខួរក្បាល​ស្រមើស្រមៃ​របស់​ស្វ័យហ្សែរ​ក៏​បាន​ភ្លឺថ្លា​ចាប់​ពី​ពេល​នោះ ស្វ័យហ្សែរ​ក៏​ចាប់​មាន​ចិត្ត​ស្រលាញ់​អក្សរសិល្ប៍ និង​ធ្វើ​ឲ្យ​ខ្លួន​មាន​ការ​រីកចម្រើន​ក្នុង​មុខវិជ្ជា​នេះ 


របៀប​បញ្ជាក់​បង្ហាញ​ដ៏​ល្អ​បំផុត

ក្នុង​ការ​ចាត់តាំង​រៀបចំ​ពិធីបុណ្យ​មួយ​របស់​សាលា គេ​បាន​ស្វែង​រក​សិស្ស​ម្នាក់​ដែល​មាន​ទេពកោសល្យ​សម្រាប់​សម្ដែង​បទ​ចម្រៀង​ស្នេហា​គ្មាន​វាចា​ថ្លែង​របស់ ម៉ែនដែលសុន (Mendelson) អ្នកនិពន្ធ​បុរាណ​ជាតិ​អាល្លឺម៉ង់ ។ ស្វ័យហ្សែរ​តាំង​ចិត្ត​ក្លាហាន​សុំ​ធ្វើ​ការ​អធិប្បាយ​បទកំណាព្យ​នោះ 


លោកគ្រូ​បង្រៀន​ដូរ្យតន្ត្រី​សម្លឹង​មើល​ទៅ​ម្រាម​ដៃ​ធំៗ​របស់​ស្វ័យហ្សែរ បង្ហាញ​នូវ​ការ​ព្រួយ​បារម្ភ «តើ​ប្អូន​អាច​ធានា​មិន​ធ្វើ​ឲ្យ​ខូចខាត​នូវ​បទ​ចម្រៀង​ដ៏​ប្រណិត​នេះ​ឬ​ទេ ?» 


ស្វ័យហ្សែរ​មិន​ឆ្លើយ​តប ។ ស្វ័យហ្សែរ​បាន​ចំណាយ​ពេល​មួយ​ខែ​សម្រាប់​ហាត់​រៀន​យ៉ាង​ព្យាយាម ។ មុន​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ ស្វ័យហ្សែរ​បាន​ទៅ​ផ្ទះ​លោកគ្រូ​ភ្លេង​ដើម្បី​សុំ​លេង​ព្យាណូ​សាកល្បង​បទចម្រៀង​ដ៏​ស្មុគស្មាញ​នោះ ។ លោកគ្រូ​ស្រឡាំងកាំង​យ៉ាង​ខ្លាំង​ចំពោះ​ទេពកោសល្យ​ដ៏​ប៉ុនប្រសប់​របស់​យុវសិស្ស​រូប​នេះ ហើយ​បាន​សូមទោស​ស្វ័យហ្សែរ​ចំពោះ​សម្ដី​មិន​គប្បី​ដែល​បាន​កត់​សម្គាល់​ដោយ​ប្រញាប់​ប្រញាល់​កាល​ពី​ថ្ងៃ​មុន​មក​លើ​ស្វ័យហ្សែរ 


វា​ជា​ការ​បកស្រាយ​មួយ​ប្រសើរ​ជាង​ការ​បកស្រាយ​ដោយ​វាចា

នៅ​ពេល​ដែល​បាន​ឮ​ដំណឹង​ថា សាស្ត្រាចារ្យ​រង​ខាង​ទស្សនវិជ្ជា និង​ជា​តន្ត្រីករ​ស្វ័យហ្សែរ​បាន​បោះបង់​ចោល​នូវ​តួនាទី​ដ៏​រឹងប៉ឹង​របស់​ខ្លួន​នៅ​មហាវិទ្យាល័យ ដោយ​ប្ដូរ​ទៅ​ខាង​បំពេញ​ការងារ​ខាង​វិជ្ជសាស្ត្រ​វិញ អ្នក​ទាំង​ឡាយ​សុទ្ធ​សឹង​ចាត់​ទុក​ថា លោក​បាន​ក្លាយ​ជា​ជន​វិកលចរិត​ទៅ​ហើយ ។ មិត្តភក្តិ​របស់​លោក​បាន​នាំ​គ្នា​សួរ​ពី​ហេតុផល​អ្វី​ដែល​បណ្ដាល​ឲ្យ​លោក​សម្រេច​ចិត្ត​យ៉ាង​នេះ ។ ស្វ័យហ្សែរ​ឆ្លើយ​តប​វិញ «ខ្ញុំ​ដឹង​ថា ការ​បកស្រាយ​ដោយ​សម្ដី​មិន​ទាន់​ពេញ​ជា​ការ​បកស្រាយ​បាន​ល្អ​បំផុត​នោះ​ទេ ។ តែ​យក​ល្អ​ត្រូវ​បកស្រាយ​ដោយ​ការងារ និង​ត្រូវ​ការ​ចំណាយ​ពេល​វេលា» 


លុះ​ដល់​ពេល​ក្រោយៗ​មក ទើប​គេ​យល់​គំនិត​របស់​ស្វ័យហ្សែរ​នៅ​ឱកាស​អាន​អត្ថបទ​កាសែត​មួយ​ដែល​និយាយ​ពី​វាសនា​ដ៏​អាណោចអាធ័ម​របស់​បណ្ដា​ជនជាតិ​ស្បែក​ខ្មៅ​ទាំងឡាយ​ក្រោម​របប​អាណានិគមនិយម ។ ស្វ័យហ្សែរ​បាន​សម្រេច​ចិត្ត​បំផុស​ចលនា​មួយ​ទូលំទូលាយ​ដើម្បី​តស៊ូ​ទាមទារ​សិទ្ធិ​រស់នៅ​របស់​មនុស្ស និង​ដើម្បី​សច្ចធម៌ ។ លោក​បាន​រៀន​មុខ​របរ​គ្រូពេទ្យ ហើយ​បាន​លះបង់​ជីវិត​រស់​នៅ​ដ៏​សុខស្រួល​របស់​ខ្លួន ទៅ​កាន់​ប្រទេស​ហ្គាបុង ។ លោក​បាន​បង្កើត​មន្ទីរពេទ្យ​មួយ​នៅ​កន្លែង​នោះ ដោយ​ពាំនាំ​នូវ​ពន្លឺ​វិទ្យាសាស្ត្រ​ទៅ​កាន់​ទី​ខ្មៅ​ងងឹត​បំផុត​នៃ​ពិភព​របស់​មនុស្សជាតិ 


ថាមពល​របស់​ទឹក​ចិត្ត​ស្រលាញ់

ភូមិករ ឡំបារ៉េណេ ជា​ទីកន្លែង​ដែល​ស្វ័យហ្សែរ​ជ្រើសរើស​សម្រាប់​មន្ទីរពេទ្យ ភូមិ​នេះ​ស្ថិត​ក្នុង​បរិវេណ​ព្រៃ​ចាស់​ដ៏​ឆ្ងាយ​ដាច់​ស្រយាល​នៃ​តំបន់​ទ្វីប​អាហ្រិក​អាក្វាទ័រ នៅ​ឆ្ងាយ​ពី​ទីក្រុង​ដែល​ស្ថិត​នៅ​ជិត​បំផុត ៦០០​យោជន៍ 


ដោយ​មិន​ចាំ​ឲ្យ​លោក​រៀបចំ​របៀបរបប​អ្វី​ទាន់​ឡើយ ជនជាតិ​ទាំង​នេះ​បាន​នាំ​គ្នា​មក​សុំ​ព្យាបាល​ដោយ​ប្រញាប់​ប្រញាល់ ។ ស្វ័យហ្សែរ​ត្រូវ​តាំង​បន្ទប់​ពិគ្រោះ​ជំងឺ និង​ចែក​ថ្នាំ​នៅ​ក្នុង​ខ្ទម​ស្លឹក​ដែល​កំពុង​ស្នាក់​នៅ​នោះ​តែ​ម្ដង ។ បន្ទប់​វះកាត់​របស់​លោក​គឺ​ជា​កន្លែង​ទ្រុង​មាន់ ដែ​ត្រូវ​បាន​កែ​ជួសជុល​ឡើង​វិញ ។ ថ្វីបើ​ដូច្នេះ​ក្ដី នៅ​ក្នុង​ឆ្នាំ​ដំបូង​បង្អស់​នេះ ស្វ័យហ្សែរ​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រាប់រយ​នាក់​ជា​ជនជាតិ​អាហ្វ្រិក 


មាន​ថ្ងៃ​មួយ​នៅ​ពេល​កណ្ដាល​អធ្រាត្រ មាន​មនុស្ស​ម្នាក់​មក​អញ្ជើញ​ស្វ័យហ្សែរ​ឲ្យ​ទៅ​ជួយ​ព្យាបាល​អ្នក​ជំងឺ​ម្នាក់​ដែល​កំពុង​រង់ចាំ​សេចក្ដី​ស្លាប់ ។ ស្វ័យហ្សែរ​សម្រេច​ចិត្ត​ចេញ​ដំណើរ​ភ្លាម​មួយ​រំពេច ដោយ​មិន​គិត​ដល់​ផ្លូវ​ព្រៃ​ដ៏​គ្រោះថ្នាក់​ឡើយ 


ថ្ងៃ​ក្រោយ​មក ពេល​ដែល​មាន​អ្នក​សួរ​លោក​ពី​ហេតុផល​ដែល​បណ្ដាល​ឲ្យ​លោក​ឈ្នះ​បាន​នូវ​ការ​ភ័យខ្លាច ស្វ័យហ្សែរ​បាន​ឆ្លើយ​តប​ថា «ដោយ​គ្រាន់​តែ​នឹក​គិត​ថា នៅ​តំបន់​អេក្វាទ័រ​នេះ អ្នក​ជំងឺ​ទាំងអស់ សង្ឃឹម​តែ​លើ​រូប​ខ្ញុំ​មួយ ខ្ញុំ​ក៏​មាន​សេចក្ដី​ក្លាហាន​ពុះពារ​ឆ្លង​កាត់​អ្វីៗ​បាន​ទាំងអស់»


យល់​ឃើញ​យ៉ាង​ណា​ពី​ប្រទេស​អាមេរិក

ឆ្នាំ​១៩៤៩ រដ្ឋាភិបាល​អាមេរិក​បាន​អញ្ជើញ​ស្វ័យហ្សែរ រួម​នឹង​គ្រួសារ​របស់​លោក​ទៅ​ទស្សនា​ប្រទេស​អាមេរិក ។ ឆ្លៀត​បាន​ឱកាស​ល្អ​នេះ កាសែត​ទស្សនាវដ្ដី​នានា​បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​ស្ងើច​សរសើរ​ចំពោះ​បុព្វហេតុ​របស់​លោក ប្រៀប​ដូច​នឹង​ឥស្សរជន​ដ៏​មហិមា​នា​សតវត្ស​ទី​២០ ។ តែ​បណ្ដា​ជន​ដែល​តែង​តែ​ចាត់​ទុក​ខ្លួន​ជា​អ្នក​ឈរ​នៅ​កំពូល​នៃ​ខឿន​អរិយធម៌​រីកចម្រើន​លើ​សាកលលោក ក៏​ចង់​បាន​ការ​ឆ្លើយ​តប​វិញ​ដោយ​សម្ដី​ថ្លែង​មតិ ៣‑៤​ម៉ាត់​របស់​ស្វ័យហ្សែរ​ពី​ទឹកដី​សេរីភាព​នេះ​ដែរ 


ស្វ័យហ្សែរ​ឆ្លើយ​តប​វិញ​ថា «ល្អ​បំផុត គឺ​អស់​លោក​គួរ​តែ​ឲ្យ​តម្លៃ​ដោយ​ខ្លួនឯង ។ ចំណែក​ខ្ញុំ​តាំង​ពី​ដើម​មក ខ្ញុំ​មិន​ចូលចិត្ត​និយាយ​ទេ ។ តែ​ប្រហែល​ជា​នៅ​ឱកាស​ងាយ​ស្រួល​ណា​មួយ ខ្ញុំ​នឹង​សូម​មាន​មតិ​…» 


ស្វ័យហ្សែរ​បាន​ប្រកាន់​ខ្ជាប់​ពាក្យ​សន្យា​មែន  ឆ្នាំ​១៩៥៧ លោក​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បរិហារ​ចំពោះ​រាល់​ឧបាយកល​ត្រៀម​ធ្វើ​សង្គ្រាម​របស់​អាមេរិក  ឆ្នាំ​១៩៦៥ នៅ​មុន​ពេល ៣‑៤​ខែ ដែល​បច្ចុរាជ​ប្រុង​ផ្ដាច់​ជីវិត ស្វ័យហ្សែរ​បាន​បញ្ចេញ​សំឡេង​ជំទាស់​ដាច់​ខាត​នឹង​អំពើ​ជ្រៀតជ្រែក​របស់​អាមេរិក​ចូល​មក​ប្រទេស​វៀតណាម និង​ការ​សម្លាប់​រង្គាល​ដ៏​សាហាវ​ដែល​កងទ័ព​អាមេរិក​កំពុង​បង្ក​នៅ​ប្រទេស​វៀតណាម​នា​សម័យ​នោះ 



ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង

 

មុន បន្ទាប់