សម័យកាលជាង២០០ឆ្នាំកន្លងទៅហើយ អំពើពុករលួយបានកើតឡើងក្នុងវង្សស័ក្តិជន ជាតិអេស្ប៉ាញ ការរឹបជាន់ជញ្ជក់ឈាមរាស្ត្រ ធ្វើស្រែលើខ្នងរាស្ត្រ រហូតដល់ព្រះរាជាក៏រឹតត្បិតលើស័ក្តិជនអ្នករាជការរបស់ព្រះអង្គ ដែរ ។ អំពើពុករលួយនេះឯង ជាដង្កូវស៊ីរំលំនូវបង្គោលអំណាចមហាចក្រពត្តិនៃប្រទេសអេស្ប៉ាញ ឲ្យរលំរលាយហៀបតែនឹងអស់ទៅពីលើពិភពលោកនេះ ។ បណ្ដាអំពើទារុណ ជិះជាន់ដ៏សាហាវផ្សេងៗដែលធ្លាក់លើជនជាតិនៃរដ្ឋតូចៗលើទ្វីបអាមេរិកខាងត្បូង ដែលកំពុងងើបឡើងទាមទារសេរីភាព ឥស្សរភាព ។
ស៊ីម៉ុង បូលីវ៉ារ (Simon Bolivar, 1783-1830)
រដ្ឋធានីការ៉ាកាស នៃប្រទេសវ៉េណេស៊ុយអេឡា ជាដែនដីអាណានិគមរបស់អេស្ប៉ាញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៧៨៣
បានឲ្យកំណើតឡើងនូវវីរបុរសម្នាក់ឈ្មោះ ស៊ីម៉ុង
បូលីវ៉ារ ក្នុងត្រកូលក្ដុម្ពី ។ អាយុ៣ខួប ឪពុកស្លាប់ចោលទៅ
មាតាយកទៅឲ្យសិក្សាជាមួយចៅក្រមមួយរូប ។
លុះអាយុបាន៩ខួប មាតាក៏ស្លាប់ចោលទៅទៀត
ទុកបន្សល់កេរ្តិ៍មរតជាច្រើនឲ្យដល់ស៊ីម៉ុង ។
ស៊ីម៉ុងពុំសូវយកចិត្តទុកដាក់នឹងទ្រព្យសម្បត្តិទាំងនោះទេ
និស្ស័យជាអ្នកចូលចិត្តផ្សងព្រេង
សេពគប់តែនឹងកុមារដែលប្រដាល់ប្រតប់ច្រើន ក្រោយមកបានជួបនឹងទស្សនវិទូ
អចេលក៍ ជាអ្នកពនេចរម្នាក់ឈ្មោះ រ៉ូរីកាស (Roricas) ។ គ្រូនេះបានប្រដៅទ្រឹស្ដីមួយដល់ស៊ីម៉ុងថា «រាងកាយជាវត្ថុស័ក្តិសិទ្ធិ ដួងចិត្តជាវត្ថុល្ងង់ខ្លៅ» ។ ស៊ីម៉ុង
បានយកចិត្តទុកដាក់ណាស់ចំពោះទ្រឹស្ដីនេះ
ហើយគ្រូនោះក៏ដឹកនាំហ្វឹកហាត់ឲ្យស៊ីម៉ុងផ្គត់ផ្គង់តែរាងកាយដោយ
វិធីផ្សេងៗ មានហាត់ចំបាប់ កាប់ដាវ គុនដំបង និងដេកលើទីមិនស្អាត
ដើរផ្លូវឆ្ងាយដោយជើងទទេ ។ ក្រោយមក
ក៏បែកបាត់មុខគ្នាម្ដងអស់រយៈពេលជាយូរ
ស្រាប់តែបានជួបគ្នាឡើងវិញជាថ្មីទៀតនៅទីក្រុងប៉ារីស ។ គ្រូនេះបាននាំដើរកាត់ភ្នំអាល់ (Alps) ទៅកាន់ប្រទេសអ៊ីតាលី ទៅក្រុងមីឡង់ ក្រុងវ៉េនីស ក្រុងណាប និងក្រុងរ៉ូម ចូលគាល់សម្ដេចប៉ាប ។ ស៊ីម៉ុងពោលចំពោះសម្ដេចប៉ាបថា «ទូលបង្គំគោរពស្ដេច
តែទូលបង្គំពុំថើបជើងរបស់អ្នកណាទាំងអស់» ។ នៅក្រុងរ៉ូមនេះឯង
ស៊ីម៉ុងបានសម្រេចចិត្តធ្វើការរំដោះរដ្ឋ៦នៅអាមេរិកខាងត្បូងពីនឹមអាណានិគមអេស្ប៉ាញ ។
អាយុ១៦ឆ្នាំ ស៊ីម៉ុងបានឋានៈជាអនុសេនីយត្រី
ក្នុងកងអាសាស្ម័គ្ររបស់រដ្ឋការអេស្ប៉ាញ ថ្ងៃទី១៩ ខែមករា ឆ្នាំ១៧៩៩
បានធ្វើដំណើរពីអាមេរិកខាងត្បូង មកកាន់ប្រទេសអេស្ប៉ាញ ។ នៅទីនោះបានពីរបីខែប៉ុណ្ណោះ ក៏ត្រូវរាជការចាប់នីរទេសទៅប៉ារីស
ដោយបទថារួមគំនិតក្បត់ជាមួយនឹងឪពុកធំ ដើម្បីធ្វើឃាតស្ដេច ។ អាយុ១៩ឆ្នាំផុតពីទោសនីរទេស
ហើយក៏ចូលទៅកាន់ប្រទេសអេស្ប៉ាញវិញ រៀបការនឹងស្ត្រីជាតិអេស្ប៉ាញម្នាក់
ហើយក៏ត្រលប់ទៅអាមេរិកខាងត្បូងវិញ រស់នៅយ៉ាងសុខសាន្ត ស៊ីមរតករបស់ខ្លួន ។ តែផ្ទុយទៅវិញ ស៊ីម៉ុងនៅមិនសុខសោះ ទទួលជោគជតាតាមមកផ្លាស់វេន
ភរិយាទទួលមរណភាពទៅ ។
ស៊ីម៉ុងក៏សម្រេចចិត្តមករៀនច្បាប់នៅឯប្រទេសអេស្ប៉ាញម្ដង ទៀត ។ ដោយត្រូវចោទពីបទថាជាអ្នកដឹកនាំនិស្សិតជាតិអាមេរិកខាងត្បូងឲ្យ
បង្កើតអង្គការសេរីកានិយម ស៊ីម៉ុងក៏ត្រូវនីរទេសទៅប៉ារីសម្ដងទៀត
(ឱកាសនេះឯងដែលជួបនឹងគ្រូចាស់ ហើយធ្វើដំណើររហូតដល់ក្រុងរ៉ូម
ដូចពោលខាងលើ) ។
លុះបានសម្រេចចិត្តធ្វើការរំដោះជាតិហើយ
ស៊ីម៉ុងក៏ធ្វើដំណើរចេញពីទីក្រុងរ៉ូម ទៅកាន់មាតុភូមិវិញ ។
ក្នុងអាយុ២៣ឆ្នាំ ស៊ីម៉ុងបានចូលរួមក្នុងចលនាតស៊ូដែលមានកើតឡើងស្រាប់នៅរដ្ឋ
វ៉េណេស៊ុយអេឡានោះ ។
តែការចុះដៃប្រកាសឯករាជ្យដំបូង ត្រូវរលំរលាយទៅវិញដោយបរាជ័យខាងកងទ័ព
មិនត្រឹមតែប៉ុណ្ណោះ កេរ្តិ៍មរតករបស់ខ្លួនក្នុងរដ្ឋនេះ
ក៏ត្រូវរាជការរឹបអូសយកអស់ទៀត ដោយហេតុរួមក្នុងការក្បត់នេះ ។ ទីបំផុត ស៊ីម៉ុងត្រូវរាជការចាប់ខ្លួនយកទៅឃុំឃាំងបានទៀត
តែបានរត់រួច កិច្ចការរំដោះជាតិក៏នៅតែមិនរលាយបាត់បង់ ។ ស៊ីម៉ុងចុះដៃធ្វើការទាំងពួង ដោយប្រកាន់លក្ខខណ្ឌថា «បើការងារអ្វីជាការលើសកម្លាំងមនុស្ស
យើងត្រូវប្រើកម្លាំងឲ្យលើសពីកម្លាំងមនុស្ស» ។
ដោយហេតុមកពី រ៉ូរីកាស
កល្យាណមិត្តរបស់គាត់ជាអ្នកសេពគប់ជល់គាត់ឲ្យជាអ្នកមានរាងកាយ
ស័ក្តិសិទ្ធិរួចមកហើយស្រាប់ ។
អាយុបាន៣០ឆ្នាំ នៅគ.ស១៨១៣
ស៊ីម៉ុងបានសាងរដ្ឋឯករាជ្យចំនួន៦គឺ ៖
1.
រដ្ឋវ៉េណេស៊ុយអេឡា ទំហំដី
៩១២.០០០ គម២ (តាម wikipedia: ៩១៦.៤៤៥ គម២)
2.
រដ្ឋកូឡុំប៊ី ទំហំដី
១.១៣៩.០០០ គម២ (តាម wikipedia: ១.១៣៨.៩១០ គម២)
3.
រដ្ឋអេក្វាទ័រ ទំហំដី ៣០០.៤០០ គម២ (តាម wikipedia:
២៨៣.៥៦០ គម២)
4.
រដ្ឋប៉េរូ ទំហំដី ១.២៨៥.០០០ គម២ (តាម wikipedia:
១.២៨៥.២១៦ គម២)
5.
រដ្ឋបូលីវី ទំហំដី ១.០៩៨.៦០០ គម២ (តាម wikipedia:
១.០៨៤.៣៨៩ គម២)
6.
រដ្ឋស៊ីលី ទំហំដី ៧៤១.៧៦៧ គម២ (តាម wikipedia:
៧៥៦.៩៥០ គម២)
ស៊ីម៉ុង បូលីវ៉ារ អស់អាយុនៅគ.ស១៨៣០
កាលអាយុបាន៤៧ឆ្នាំ ។
ដោយ ស៊ា ប៊ុនភេង សៀវភៅសាងខ្លួនឯង