ប្រទេសអង់គ្លេសសម័យព្រះនាង វិគតូរៀ (Victoria) មាននាយករដ្ឋមន្ត្រីពីររូបគឺ ឌីស្រាអេលី និង ក្លេតស្តូន (Gladstone) ជាគូប្រជែងប្រណាំងគ្នាអស់រយៈវេលា៤០ឆ្នាំ ផ្លាស់ប្ដូរគ្នាជានាយករដ្ឋមន្ត្រី រហូតអស់មួយសម័យនោះ ព្រោះតែអ្នកទាំងពីរនេះ ប្រជែងប្រណាំងគ្នានោះឯង ។ ប្រទេសអង់គ្លេសទើបបានទទួលនូវអំណាចដ៏ខ្ពង់ខ្ពស់បំផុត ដោយម្នាក់ៗសុទ្ធតែមានមានៈ ធ្វើសេចក្ដីល្អឲ្យបានប្រសើរក្រៃលែងជាងគ្នា ហើយផលដែលអ្នកទាំងពីរធ្វើនោះ ក៏ធ្លាក់ទៅជាប្រយោជន៍របស់ប្រទេសជាតិ ។
បេនហ្សាមិន ឌីស្រាអេលី (Benjamin Disraeli, 1804-1881)
វីរជនទាំងពីរនេះផ្ទុយគ្នាស្រឡេះ
តាំងពីកើតមករហូតបានជាធំទាំងការគិត
និងនិស្ស័យចិត្តថ្លើមក៏ផ្សេងគ្នាទៀត ។ តែក្នុងទីនេះ
យើងសូមជូនតែប្រវត្តិ ឌីស្រាអែលី ទេ ព្រោះអាចមានប្រយោជន៍ធំ ។
ឌីស្រាអែលី ជាជនជាតិជ្វីហ្វ កើតនៅថ្ងៃទី២១ ខែធ្នូ
ឆ្នាំ១៨០៤ ក្នុងសម័យនោះ អង់គ្លេសស្អប់ខ្ពើមជាតិជ្វីហ្វយ៉ាងក្រៃលែង
ទើបគ្មានមហាវិទ្យាល័យណាមួយទទួលឲ្យចូលសិក្សាឡើយ ។ តែជាគ្រោះល្អ
បិតារបស់ ឌីស្រាអែលី ជាអ្នកតែងសៀវភៅ ។
សៀវភៅមួយក្បាលដែលបិតារបស់គាត់តែងឡើងបានទទួលការនិយមបំផុតឈ្មោះ «រឿងដែលគួរដឹងក្នុងអក្សរសាស្ត្រ (Curiosity of Literature)» ។ ឌីស្រាអែលីបានអាស្រ័យការសិក្សាពីបិតារបស់ខ្លួន
និងនិយមទីស្ងាត់ជាកន្លែងអានសៀវភៅ និងរៀនសូត្ររបស់គាត់
ទើបគាត់ធ្ងន់ទៅខាងអក្សរសាស្ត្រ ។ ដល់ចម្រើនវ័យឡើង
បានផ្ដើមតែងសៀវភៅលក់ តែកុំថាតែមានមនុស្សទិញឡើយ
សូម្បីឲ្យទទេក៏គ្មាននរណាចង់បានដែរ ។ ឌីស្រាអែលី
ពុំលះបង់ព្យាយាមចចេសតែងទៀត ។ ក្រោយមកបានតែងរឿង វិវៀនហ្គ្រេយ (Vivian
Gray) ក្នុងអាយុ២២ឆ្នាំ ទើបមានមនុស្សផ្ដើមស្គាល់គាត់ខ្លះ
ជាការសម្រេចជាន់ទី១ ។
ឌីស្រាអែលី
ជាឧទាហរណ៍យ៉ាងល្អរបស់មនុស្សដែលមានសេចក្ដីព្យាយាម មិនរួញរា
និងខកចិត្តកាលធ្វើអ្វីពុំបានសម្រេច ។ កាលតែងសៀវភៅច្រើនឡើងៗ
ទាល់តែមានមនុស្សនិយម និងទទួលស្គាល់ការវាងវៃរបស់ខ្លួន
ហើយក៏នាំយកការនិយមនោះ
មកប្រើជាឧបករណ៍សម្រាប់សាងឲ្យខ្លួនបានទទួលជ្រើសចូលក្នុងរដ្ឋសភា
ជាតំណាងរាស្ត្រក្នុងមណ្ឌលរបស់ខ្លួន ។ តែការព្យាយាមនោះ
ធ្វើឲ្យបានសម្រេចដោយលំបាកក្រៃលែង
ជាងការតែងសៀវភៅឲ្យមនុស្សនិយមជាច្រើនរយគុណ តែជនជាតិស្បែកសតែងប្រកាន់ថា
ការមិនសម្រេចជាកាំជណ្ដើរទី១ ដែលនឹងនាំទៅកាន់ការសម្រេច ។
ព្រោះហេតុនោះ កាលមួយឆ្នាំពុំបានសម្រេចក្នុងការជ្រើស
ក៏ព្យាយាមដូច្នេះទាល់តែអាយុ៣៤ឆ្នាំ ទើបបានជ្រើសចូលក្នុងសភាសាមញ្ញ
ជាការសម្រេចលើកទី២ ។
កាល ឌីស្រាអែលី ក្រោកឡើងនិយាយក្នុងសភាសាមញ្ញ
ជាដំបូងគ្មាននរណាចង់ស្ដាប់សោះ សមាជិកទាំងអស់ក្នុងសភានោះ
សុទ្ធតែនាំគ្នាមើលងាយចំអកឡកឡឺយ ។ ដូច្នោះ
កាលគាត់និយាយចប់មុននឹងអង្គុយចុះ គាត់តែងបន្ថែមចុងក្រោយថា «គង់មានវេលាថ្ងៃណាមួយដែលលោកទាំងឡាយនឹងត្រូវតាំងចិត្តស្ដាប់ពាក្យដែលយើងខ្ញុំនិយាយ»
។ ក្រោយពីនោះមក ឌីស្រាអែលី
ក៏តាំងគណបក្សរបស់ខ្លួនមួយឡើងឲ្យឈ្មោះថា «យុវអង់គ្លេស
(Young England)» ដែលមានសមាជិកសុទ្ធតែអ្នកចេះដឹង
និងមានឋានៈល្អទាំងអស់ ។ អាយុ៤៩ឆ្នាំ ក៏បានជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
ជាការសម្រេចជាន់ទី៣ ។
តែ ឌីស្រាអែលី មិនបានរួញរា
ឬលះបង់ព្យាយាមតែត្រឹមណេះក៏ទេដែរ
បានព្យាយាមប្រៀនប្រដៅបក្សពួកក្នុងគណៈរបស់ខ្លួនឲ្យមានការចេះដឹងបន្ថែមច្រើនឡើងៗ
ហើយខ្លួនឯងក៏មានៈធ្វើការយ៉ាងក្រៃលែង រហូតដល់អាយុ៦៨ឆ្នាំ
ក៏បានជានាយករដ្ឋមន្ត្រី ដែលជាការសម្រេចជាន់ទី៤ និងជាជាន់ខ្ពស់បំផុត
។
ផលដែល ឌីស្រាអែលី បានធ្វើឲ្យប្រទេសអង់គ្លេសនោះ
គឺធ្វើឲ្យប្រទេសអង់គ្លេសបានមានភាគហ៊ុនក្នុងព្រែកជីក ស៊ុយអេ ពាក់កណ្ដាល
ដែលជាគ្រឿងឧបករណ៍សំខាន់សម្រាប់វាតអំណាចរបស់អង់គ្លេសមកកាន់ប្រទេសឥណ្ឌា
និងអាស៊ី បានធ្វើឲ្យព្រះរាជវង្សអង់គ្លេសមានអំណាចពេញបរិបូណ៌ ។ ឌីស្រាអែលី
បានចូលរួមប្រជុំដោយផ្ទាល់នាក្រុងបែរឡាំង ពីបញ្ហាសង្គ្រាមរាជវង្ស រុស្សី
និងតួកគី និងជាអ្នកដែលធ្វើឲ្យប្រទេសអង់គ្លេសមិនត្រូវប្រកាសសង្គ្រាមនឹងប្រទេសព្រូស
(Prusse)
ដែលអាចជាគ្រោះថ្នាក់ដល់ប្រទេសអង់គ្លេស
នឹងជាហេតុឲ្យប្រទេសដទៃៗនាំគ្នាចោមវាយប្រទេសអង់គ្លេស ។ ហេតុនេះឯ
ឌីស្រាអែលី ទើបអះអាងបានថា
ខ្លួនជាផ្សាយរស្មីនៃប្រទេសអង់គ្លេសដោយសន្តិវិធី
មិនមែនដោយការកាប់សម្លាប់បង្ហូរឈាមតែម្យ៉ាងឡើយ
ហើយការដែលអាចធ្វើបានយ៉ាងនេះ
ក៏ដោយខួរក្បាលដែលឆ្លាតជាងមនុស្សធម្មតាជាច្រើន ។
ឌីស្រាអែលី បានទទួលឋានន្តរជា ឡត ប៊ីខនហ្វីល (Lord
Beaconsfield) និងទទួលមរណភាពកាលអាយុ៧៧ឆ្នាំ ។ សពរបស់គាត់បានបញ្ចុះក្នុងវិហារ
វេស្តមិនស្ទ័រ (Westminster) ដែលជាទីបញ្ចុះសពវីរបុរស
និងមហាបុរសនៃប្រទេសអង់គ្លេស ។ មហាក្សត្រីយានី វិគតូរៀ នៃប្រទេសអង់គ្លេស
ស្ដេចយាងទៅដាក់ភួងផ្កាដោយផ្ទាល់ព្រះអង្គ
និងទ្រង់ចារឹកអក្សរទុកដូច្នេះ ៖
អនុស្សាវរីយ៍ជាទីស្រលាញ់ និងប្រកបដោយកិត្តិយស
សម្រាប់
បេនហ្សាមិន ខៅ អូហូ ប៊ីខនហ្វីល
អនុស្សាវរីយ៍នេះបានសាងឡើងដោយព្រះរាជិនី
ជាមិត្តដែលស្គាល់គុណ និងស្រលាញ់រាប់អាន
(ព្រះហស្តលេខា)
វិគតូរៀ
ខាងក្រោយបង្អស់មានពាក្យស្លោកថា «ម្ចាស់ផែនដីទ្រង់ប្រោសជនដែលពោលពាក្យពិត»
ដោយ ស៊ា ប៊ុនភេង សៀវភៅសាងខ្លួនឯង