ប៊ីសមារក៍ មានលក្ខណៈជាអ្នកធ្វើអ្វីធ្វើពិត ។ បើត្រូវការអ្វីហើយ ត្រូវតែយកឲ្យបាន ពុំព្រមលះបង់ឡើយ នេះឯងជាលក្ខណៈពិតរបស់ ប៊ីសមារក៍ និងជាឧទាហរណ៍ដ៏សំខាន់នាំគាត់ទៅកាន់ការដ៏ធំក្នុងពង្សាវតារ ។ និស្ស័យដែលធ្វើពិតនេះ មាននៅក្នុងខ្លួនប៊ីសមារក៍ តាំងពីនៅជាកុមារ ។ មានរឿងដំណាលពីកាលនៅជាកុមារជាគ្រឿងបង្ហាញនូវ «និស្ស័យដែកថែប» របស់គាត់ដូចតទៅនេះ ៖
អូតូ វុន ប៊ីសមារក៍ (Otto Von Bismarck, 1815-1898) |
វេលានៅជាកុមារ ក្នុងសាលារៀន អាយុប្រហែល១១‑១២ឆ្នាំ
មានពិធីបុណ្យមួយនៅភូមិរបស់ខ្លួន ហើយប៊ីសមារក៍
ក៏នឹងត្រូវទៅរាំលេងជាមួយនឹងកុមារដទៃទៀតដែរ ។
តែខ្វះស្បែកជើងរកទិញពុំត្រូវសោះ ទើបទៅឲ្យជាងកាត់ស្បែកជើងកាត់ឲ្យ ។
ដំបូងជាងប្រកែក ព្រោះមានគេបញ្ជាឲ្យកាត់មុនច្រើនមកហើយៗត្រូវប្រញាប់ធ្វើឲ្យហើយស្រេចនៅថ្ងៃបុណ្យ
។ ដល់ទីបំផុត ប៊ីសមារក៍អន្ទោលខ្លាំងពេក ជាក៏ព្រមទទួល ។
មុននឹងដល់ថ្ងៃបុណ្យ ប៊ីសមារក៍ទៅសួររកស្បែកជើង
ជាងប្រាប់ថាមិនទាន់បានចាប់ធ្វើនៅឡើយ ។ នរណាបញ្ជាមុនត្រូវធ្វើឲ្យមុន
ចំណែកប៊ីសមារក៍មកក្រោយគេ
ជាងឥតសង្ឃឹមថានឹងធ្វើឲ្យបានហើយស្រេចទាន់ថ្ងៃបុណ្យឡើយ ។
ប៊ីសមារក៍ឈរត្រង់ខ្លួនស្ងៀមមួយស្របក់ ក៏និយាយនឹងជាងថា «ទុកជាយ៉ាងណាក៏ដោយ
ខ្ញុំត្រូវតែបានស្បែកជើងក្នុងថ្ងៃបុណ្យឲ្យទាល់តែបាន» ។ និយាយហើយក៏ដើរចេញទៅ ជាហេតុឲ្យម្ចាស់ហាងញញឹមបញ្ជោះ
ព្រោះទុកជាដូចម្ដេចក៏ស្បែកជើងនោះពុំហើយដែរ ។
មួយស្របក់ក្រោយមក ប៊ីសមារក៍ក៏ត្រលប់មកវិញ
ដឹកឆ្កែធំៗពីរមកផង ចូលទៅសួរជាងកាត់ស្បែកជើងថា «អ្នកឃើញឆ្កែពីរនេះឬទេ ?» «ឃើញ !
តើអ្នកនឹងធ្វើដូចម្ដេច ?» «អ្នកចូរជ្រាបថា
បើខ្ញុំមិនបានស្បែកជើងពាក់ក្នុងថ្ងៃបុណ្យនេះទេ
ឆ្កែទាំងពីរនេះនឹងហែកសញ្ជែកអ្នក» ។ និយាយរួចហើយ
ក៏ដឹកឆ្កែចេញទៅអង្គុយនៅមាត់ថ្នល់ពីមុខហាងនោះឯង ។
អង្គុយទាល់តែយប់ហាងបិទទ្វារ ជាងកាត់ស្បែកជើងគិតថានឹងសម្រាក
ក៏បានឮសំឡេងឆ្កែព្រុសពីមុខហាង និងបានឮសំឡេងប៊ីសមារក៍
ដែលទុកជាហាងបិទទ្វារហើយក្ដី នៅតែអង្គុយទីនោះឯង ស្រែកមកថា «ប្រយ័ត្ន ! ត្រូវឲ្យស្បែកជើងរបស់ប៊ីសមារក៍បានរួចស្រេច
បើពុំដូច្នោះទេ ជីវិតរបស់អ្នកនឹងរលត់» ។
ជាងកាត់ស្បែកជើងក៏សម្រេចចិត្តហៅភរិយាមកជួយធ្វើនៅយប់ថ្ងៃនោះ
ដោយឥតបានដេក ធ្វើអស់មួយយប់ ព្រឹកឡើងស្បែកជើងក៏ហើយស្រេច ។ បើកទ្វារឡើង
ក៏ឃើញប៊ីសមារក៍ និងឆ្កែនៅអង្គុយពីមុខហាងនៅឡើយ
អស់មួយយប់ដោយឥតបានសម្ដែងឲ្យឃើញថាងាកងុយ ឬរោយបន្តិចបន្តួចឡើយ
ហើយក៏បានស្បែកជើងពាក់ទាន់ថ្ងៃបុណ្យដូចប្រាថ្នា ។
នេះឯងគឺនិស្ស័យដែលរឹងដូច «ដែកថែប» របស់លោកនាយករដ្ឋមន្ត្រី
ជាអ្នកតាំងមហាណាចក្រអាល្លឺម៉ង់ ។ បើសិនពុំបានជានាយករដ្ឋមន្ត្រីទេនោះ
អាចនឹងទៅជាចោរដ៏សាហាវបំផុតក៏បាន ។
ប៊ីសមារក៍ កើតនៅថ្ងៃទី១
ខែមេសា ឆ្នាំ១៨១៥ ក្នុងត្រកូលអ្នកមានបង្គួរ
និងជាទាហាន បានទទួលការសិក្សាយ៉ាងប្រសើរ ចាប់រៀនច្បាប់ជាមុន
ហើយរៀនវិជ្ជាទាហានជាក្រោយ ដើម្បីតំណវង្សត្រកូល ។ សម្រេចវិជ្ជាពីរប្រការនេះហើយ ក៏ចូលធ្វើការផ្នែករាជការស៊ីវិល
ដោយអាស្រ័យលក្ខណៈមាំទាំរឹងប៉ឹង និងវាងវៃរបស់ខ្លួន
ក៏បានចូលជាសមាជិកក្នុងរដ្ឋសភា ។ កាលអាយុបាន៣២ឆ្នាំ បានជាប្រធានគណបក្សខាងស្ដាំ ។ អាយុ៣៧ឆ្នាំ បានទទួលតំណែងជាលេខាធិការស្ថានទូតព្រូស ប្រចាំរដ្ឋហ្វ្រង់ហ្វរដ (Francforts)
ពីរខែក្រោយមក ក៏បានជាឯកអគ្គរាជទូត ។ តមកទៀត១០ឆ្នាំ បានជាងឯកអគ្គរាជទូតប្រចាំនៅក្រុងប៉ារីស
តែនៅបានតែមួយឆ្នាំ គណបក្សនយោបាយនៅក្នុងប្រទេស
ក៏ចាប់ផ្ដើមប្រកួតប្រជែងនឹងស្ដេចផែនដី ។
ព្រះរាជាប្រទេសព្រូស ទ្រង់យល់ឃើញថា មានតែប៊ីសមារក៍ម្នាក់ប៉ុណ្ណោះ
អាចនឹងជួយព្រះអង្គបាន ទើបកោះហៅប៊ីសមារក៍ ឲ្យត្រលប់មកបែរឡាំង ។ ប៊ីសមារក៍ ក៏បានជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីកិច្ចការបរទេសផង
ក្នុងអាយុ៤៩ឆ្នាំ ។ អច្ឆរិយនិស្ស័យរបស់ប៊ីសមារក៍
ម្យ៉ាងទៀតនោះ គឺមិនចូលចិត្តធ្វើអ្វីងាយៗ
ចូលចិត្តរើសរកផ្លូវដែលលំបាកៗ ដោយយល់ឃើញថា របស់អ្វីដែលសម្រេចដោយលំបាក
តែងនាំផលល្អមកឲ្យប្រសើរជាងរបស់ដែលសម្រេចដោយងាយៗ ។ក្រៅពីនេះ
គាត់ជាមនុស្សដែលមិនចេះរន្ធត់ញាប់ញ័រចំពោះព្រឹត្តិការណ៍ណាមួយឡើយ ។ កាលឡើងជានាយករដ្ឋមន្ត្រីថ្មីៗ
តំណាងរាស្ត្រក្នុងរដ្ឋសភាក៏មិនចូលខាងខ្លួន កាសែតជាច្រើនក៏ចោមគ្នាជេរ
តែក៏ឥតធ្វើឲ្យប៊ីសមារក៍ញាប់ញ័រឡើយ ។
ទ្រនិចរបស់ប៊ីសមារក៍ចង្អុលទៅទិសតែមួយ គឺលើកស្ទួយអំណាចព្រះមហាក្សត្រ
និងរួបរួមអាណាចក្រអាល្លឺម៉ង់ទាំងអស់ដែលកំពុងបែកខ្ញែកគ្នា
ឲ្យរួមគ្នាតែមួយ តែការធ្វើដូចនេះ ត្រូវជួបការលំបាកពីរផ្លូវគឺ ៖
1.
បណ្ដាអាណាចក្រអាល្លឺម៉ង់ទាំងអស់
ក្រៅពីព្រូសចេញ នៅមានអូទ្រីសមួយទៀត
ដែលបានទទួលការគោរពរាប់អានពីជនជាតិអាល្លឺម៉ង់ជាទូទៅ
ហើយមានអាណាចក្រខ្លះចង់រួមនឹងអូទ្រីស ជាងរួមនឹងព្រូស ។
2.
គឺប្រទេសបារាំងនៅតែព្យាយាមរារាំង
មិនឲ្យប្រទេសអាល្លឺម៉ង់រួមចូលគ្នាបាន
ព្រោះនឹងទៅជាគ្រោះថ្នាក់ដល់ប្រទេសបារាំងទៅអនាគត ។
ដោយហេតុនេះឯងផែនការណ៍របស់ប៊ីសមារក៍ទើបមានបីខគឺ ៖
1.
ការពារកុំឲ្យមនោគមវិជ្ជាអូទ្រីសផ្សាយចូលទៅក្នុងអាណាចក្រអាល្លឺម៉ង់ទាំងអស់ ។
2.
ការពារកុំឲ្យប្រទេសបារាំង
ជាមិត្តស្និទ្ធស្នាលនឹងប្រទេសដទៃៗ ព្រោះប៊ីសមារក៍យល់ថា
លំពាំងបារាំងតែមួយពុំអាចជាគ្រោះថ្នាក់ដល់ខ្លួនបានឡើយ ។
3.
បង្កើនកម្លាំងប្រទេសព្រូសឲ្យមាំទាំឡើងទាល់តែបានជាទីកោតក្រែង
និងនិយមរាប់អានអាណាចក្រអាល្លឺម៉ង់ទាំងអស់ ។
គ្រោងការណ៍ទាំងបីនេះឯងដែលប៊ីសមារក៍
អនុវត្តអស់មួយសម័យដែលគាត់កាន់អំណាច ។
ការសម្រេចជាដំបូងរបស់ប៊ីសមារក៍ គឺដណ្ដើមយក ស្លេស្វិក (Slesvig)
និង ហូលស្តែន៍ (Holstein)
មកពីដាណឺម៉ាក បានជាហេតុឲ្យសត្រូវខាងក្រៅនាំគ្នាកោតក្រែង
ហើយសត្រូវខាងក្នុងគឺរដ្ឋសភា ក៏ក្លាយទៅជាមិត្ត អំណាចរបស់ប៊ីសមារក៍
ក្នុងព្រូសក៏មាំទាំឥតឃ្លេងឃ្លោង ។
កាលបានចាត់ការបង្កើនកងទ័ពក្នុងព្រូសឲ្យមានកម្លាំងគ្រប់គ្រាន់ហើយ
ក៏ប្រកាសយក ហ្វ្រង្គហូរ៍ដ រួមចូលបានមួយទៀត ។
សង្គ្រាមដែលរុស្សីបានជ័យជម្នះលើបារាំងនៅឆ្នាំ១៨៧១
ជាការសម្រេចជាន់ទីបំផុតរបស់ប៊ីសម៉ារក៍
រួបរួមអាណាចក្រអាល្លឺម៉ង់ទាំងអស់ចូលជាប្រទេសតែមួយបាន ។ នេះពោលយ៉ាងសង្ខេបបំផុតពីជីវប្រវត្តិរបស់ប៊ីសម៉ារក៍ ។ លោក ប៊ីសមារក៍ បានអនិច្ចកម្មនៅឆ្នាំ១៨៩៨ ក្នុងអាយុ៨៣ឆ្នាំ ។
ដោយ ស៊ា ប៊ុនភេង សៀវភៅសាងខ្លួនឯង