គេមិនដឹងពីថ្ងៃខែកំណើតរបស់អ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ ទេ ប៉ុន្តែឯកសារបានអះអាងថា លោកប្រសូតនៅឆ្នាំ១៨៦៥ ត្រូវនឹងពុទ្ធសករាជ២៤០៨ នៅភូមិព្រៃអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ (បច្ចុប្បន្នស្រុកអង្គស្នួល) ខេត្តកណ្ដាល ។ លោកមានឈ្មោះពីកំណើតគឺ អ៊ុក អ៊ូ ហៅង៉ុយ ។ ឯកសារដែលអាចប្រមូលបានឥឡូវនេះ មិនបានបញ្ជាក់ទេថា លោកមានបងប្អូនប៉ុន្មាននាក់ គឺគ្រាន់តែនិយាយថា លោកជាកូនទី២ក្នុងគ្រួសារប៉ុណ្ណោះ ។ បិតារបស់លោកគឺ ចៅពញាធម្មធារា មេឃុំកំបូល នាម អ៊ុក ។ រីឯមាតានាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកខេត្តជាមួយគ្នា ។ មាតាបិតាលោកត្រូវជាបងប្អូនជីទួតមួយនឹងគ្នា ។ ជីវិតស្នេហារបស់កវីប្រជាប្រិយយើង ពុំទាន់មានឯកសារណារៀបរាប់ទេ យើងគ្រាន់តែដឹងថា ក្រោយពីបានចាកសិក្ខាបទមកជាគ្រហស្ថ លោកមានភរិយាឈ្មោះ អ៊ិន និងមានកូនសុទ្ធតែប្រុសចំនួន ៦រូប រួមមានឈ្មោះ ដួង ចេង ចា ចិន ចុង និង ចេវ ។
តាមការបញ្ជាក់របស់លោក យី ធន់ ក្នុងចំណោមកូនលោកទាំង៦រូប
មានកូនទី៥ ដែលមានទេព្យកោសល្យខាងសំនួនវោហារ
ហើយក៏ល្បីល្បាញផងដែរក្នុងឈ្មោះថា «អាចារ្យចុង» ។ តាមព័ត៌មានខ្លះទៀតនិយាយថា លោក អ៊ុក អ៊ូ មានចៅម្នាក់ទៀតដែរ
ដែលមានវោហារល្បីខាងច្រៀងអាយ៉ៃ
ហើយមានរូបរាងស្គមស្ដើងដែលគេធ្លាប់ឮឈ្មោះថា «នាយស្លឹក» ។ នៅពេលច្រៀងអាយ៉ៃ នាយស្លឹកតែងឧទ្ទេសនាមខ្លួនគាត់ថា «ស្រុកខ្ញុំនៅខាងលិចពោធិចិនតុង កូនអាចារ្យចុង ចៅអាចារ្យង៉ុយ» ។ អាចារ្យចុង បានទទួលអនិច្ចកម្មក្នុងគុកនយោបាយនៅឆ្នាំ១៩៥៥
ពេលបោះឆ្នោតគណបក្សប្រជាធិតេយ្យប្រកួតប្រជែងនិងបក្សសង្គមរាស្ត្រនិយម ។
ក្នុងការរស់នៅជាកសិករ
តាង៉ុយមានប្រជាប្រិយភាពខ្លាំងខាងវោហារ និងល្បិចលើកកំណាព្យភ្លាមៗ
ច្រៀងឡើង និងសំនៀងសាដៀវយ៉ាងពីរោះ ព្រមទាំងចំណេះខាងធម៌អាថ៌យ៉ាងខ្ពង់ខ្ពស់
ដែលធ្វើឧ្យកសិករឯទៀតរាប់អានស្រឡាញ់ទុកលោកជាអ្នកប្រាជ្ញក្នុងភូមិស្រុក
ហើយអ្នកស្រុកហៅលោកថា «ភិរម្យ ង៉ុយ» ។ បន្ទាប់មក រដ្ឋអំណាចបានតាំងលោកជា «ក្រម»
គឺជាភារៈជន ដែលធ្វើទំនាក់ទំនងទាក់ទងរវាងរដ្ឋបាល
និងប្រជាជនក្នុងឃុំ ។
ពេលរដូវរំហើយ ក្រោយពីកិច្ចការច្រូតកាត់
អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរក្រមង៉ុយ តែងតែទេសនាប្រៀនប្រដៅ
ច្រៀងកំណាព្យបន្ទរដោយសំនៀងសាដៀវដ៏គ្រលួចពីភូមិមួយទៅភូមិមួយ ដោយយំស្រណោះអាណិតខ្មែរគ្នាឯង
ពីភាពខ្សត់ខ្សោយ ក្រីក្រ ល្ងង់ខ្លៅ ឈ្លោះគ្នាឯងបែកបាក់សាមគ្គី ។ល ។
ផ្ទុយនឹងទម្ងន់ពន្ធដារនៃរដ្ឋអំណាចបារាំង ភាពរហ័សរហួន ឆ្លាត
ការកេងបន្លំពីសំណាក់ជនបរទេស មានចិន យួន ជាដើម
ស្នូរល្បីល្បាញពីកវីសិល្បករនេះ លេចឮដល់ទីក្រុង
ហើយសម្តេចចក្រីបានហៅឲ្យទៅច្រៀងថ្វាយ ព្រះបាទស៊ីសុវត្ថិពេញព្រះទ័យបានប្រទានរង្វាន់ជាប្រាក់កាស
និងគោរមងារជា «ព្រះភិរម្យភាសា» ។
អ្នកភិរម្យភាសាអ៊ូហៅង៉ុយ (ក្រមង៉ុយ)
គឺជាគោរមងារមួយដែលហ្លួង ស៊ីសុវត្ថិ ប្រទានឲ្យកវីអ៊ុក អ៊ូ ហៅ ង៉ុយ
អ្នកដែលបានធ្វើឲ្យកូនខ្មែរបានរស់នៅក្នុងការប្រៀនប្រដៅបែបប្រជាប្រិយដោយការរួមបញ្ចូលរវាងពុទ្ធោវាទ
ជាមួយបរិស្ថានសង្គមកិច្ចកម្ពុជានាសម័យកាលថ្មីមួយ:
ប្រជាជនកម្ពុជាបាត់បង់សេរីភាព និងឥស្សរភាពជាម្ចាស់ប្រទេស ដោយពួកអាណានិគមបារាំងបានចាប់បង្ខំដាក់នឹមត្រួតត្រា ។ ជាមួយនឹងគោរមងារនេះ អ្នកមុខអ្នកការទាំងឡាយតែងហៅលោកថា
អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ
ព្រោះដើម្បីកុំឲ្យច្រឡំនឹងនាយក្រុមវាំងម្នាក់នាសម័យនោះដែលមានឈ្មោះ
អ៊ូ ដែរ ។ ក៏ប៉ុន្តែ ឈ្មោះខ្លីដែលអ្នកស្រុកចូលចិត្តហៅហើយដែលបន្តស្ថិតស្ថេរមកទល់ពេលនេះគឺឈ្មោះ
ក្រមង៉ុយ ។
អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្ម នៅថ្ងៃសុក្រ ៦កើត ខែមិគសិរ ព.ស ២៤៧៩ គ.ស ១៩៣៦ ក្នុងជន្មាយុ៧១ឆ្នាំ ដោយជំងឺទល់លាមក ។
ការសិក្សា និងស្នាដៃ
កុមារង៉ុយបានចូលរៀនលេខនព្ធន្ត
អក្សរសាស្ត្រនៅវត្តអង្គបឹងចក ភូមិបែកស្គរ ឃុំបែកចាន
ដែលជាស្រុកកំណើតរបស់លោក ។ គាត់ជាក្មេងឧស្សាហ៍រៀនសូត្រ
បានបួសជាសាមណេរ ចេះធម៌អាថ៌ជ្រៅជ្រះ ហើយកាលពេញវ័យ២១ឆ្នាំ
សាមណេរក៏បំពេញឧបសម្បទាជាភិក្ខុ ដែលបានសិក្សាធម៌អាថ៌
ស្វះស្វែងរៀនប្រែព្រះត្រ័យបិដកដំបូង ក្នុងសំណាក់លោកគ្រូអាចារ្យទិត្យ
គង់វត្តបឹងចក ភូមិបែកស្គរ ឃុំបែកចាន ស្រុកភ្នំពេញ ខេត្តកណ្តាល ។ បន្ទាប់ពីប្រែព្រះត្រ័យបិដក ភិក្ខុ ង៉ុយ
ស្វែងរៀនវិបស្សនាកម្មដ្ឋាន ក្នុងសំណាក់ព្រះអាចារ្យជាច្រើនកន្លែងទៀត ។
បន្ទាប់ពីបួសជាសាមណេរ (បួសនេន) បានប៉ុន្មានឆ្នាំ
លោកបានសឹក (លាចាកសិក្ខាបទ) ទៅបំរើមាតាបិតា
ហើយបានធ្វើជាស្មៀនរបស់ឪពុកលោកក្នុងការដើរហូតពន្ធស្រូវអាជ្ញាហ្លួង ។ នៅអាយុ ២១ឆ្នាំ លោកបានបួសម្ដងទៀត ដោយបំពេញឧបសម្បទាជាភិក្ខុ
(បួសភឹក) នៅក្នុងវត្តដដែលដោយមានព្រះឧបជ្ឈាយ៍នាមសាស់
លោកគ្រូសូត្រស្តាំនាមជ្រូក ជាកម្មវាចា លោកគ្រូសូត្រឆ្វេងនាមអ៊ុង
ជាអនុស្សាវន ។ សូមបញ្ជាក់ថា
ក្នុងការបំពេញឧបសម្បទាជាភិក្ខុ ព្រះនាមគ្រូឧបជ្ឈាយ៍ដែលបំបួសមានសារៈសំខាន់ណាស់សម្រាប់ព្រះសង្ឃពុទ្ធសាសនាក្នុងការឧទ្ទិសរំលឹកមួយជីវិត ។ ភិក្ខុ អ៊ូ បានរៀនសូត្រធម៌អាថ៌ និងរៀនប្រែព្រះត្រ័យបិដក
(ពីបាលីមកភាសាខ្មែរ) ដំបូងក្នុងសំណាក់លោកគ្រូអាចារ្យទិត្យ
នៅវត្តខាងលើ ។
បន្ទាប់មកលោកបានស្វែងរករៀនវិបស្សនាកម្មដ្ឋាន
ក្នុងសំណាក់លោកអាចារ្យជាច្រើនកន្លែង ។
លោកបានគង់ក្នុងផ្នួស៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយ
លោកក៏លាចាកសិក្ខាបទមកប្រែជីវភាពជាគ្រហស្ថវិញ
ដោយបន្តជួយធ្វើការឪពុកក្នុងនាមជាក្រមការផង ជាស្មៀនផង ។ ដល់ពេលស្រុកភ័ន្តប្រែ លោកលាឈប់លែងធ្វើការរាជការ
ហើយមករស់នៅជាកសិករធម្មតា ។
គឺចាប់ពីពេលនោះហើយ ដែលលោកបានប្រើទេព្យកោសល្យគ្មានពីររបស់លោកច្រៀង
ឬទេសនាពីភូមិមួយទៅភូមិមួយ ក្នុងពិធីបុណ្យទាននារដូវរំហើយ
ស្រឡះដៃពីការងារស្រែចម្ការ ។ ការច្រៀង ឬទេសនានោះមិនកំណត់ថ្លៃទេ
ប៉ុន្តែអ្នកស្រុកតែងប្រមែប្រមូលស្រូវអង្គរជូនលោកតាមសទ្ធា ។
ការរៀនសូត្ររបស់កវីយើងមិនចប់ទេ
ពោលគឺរៀងរាល់ពេលធ្វើដំណើរកាត់ភ្នំពេញ លោកតែងឈប់សំចតនៅវត្តឧណ្ណាលោម
ជជែកពិគ្រោះរៀនសូត្រជាមួយភិក្ខុសង្ឃនៅទីនោះ អំពីបញ្ហាផ្សេងៗទាក់ទងនឹងពុទ្ធសាសនា ។ ដំណើរត្រាច់ចរ ច្រៀងទេសនារបស់លោកអ៊ុក អ៊ូ
បានល្បីដល់ព្រះមហាក្សត្រ ហើយព្រះបាទស៊ីសុវត្ថិ ដែលគ្រងរាជ្យជំនាន់នោះ
ក៏ត្រាស់បង្គាប់ឲ្យចូលគាល់ និងច្រៀងថ្វាយរហូតលោកបានទទួលគោរមងារ «ភិរម្យភាសា» ជាប់រៀងមក ។
ដូចដែលបានរៀបរាប់ខាងលើ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ
មិនបានសរសេរកំណាព្យដែលលោកស្មូតច្រៀងនោះដោយខ្លួនឯងទេ
ហេតុនេះហើយទើបពុទ្ធសាសនបណ្ឌិត្យអញ្ជើញលោកមកច្រៀងយឺតៗ ហើយកត់ត្រាទុក ។ ស្នាដៃរបស់ក្រមង៉ុយ ដែលគេរកឃើញរហូតមកដល់សព្វថ្ងៃនេះ រួមមាន ៖
1.
ច្បាប់ល្បើកថ្មី (ជាបទកាកគតិ ឆ្នាំ១៩២២)
2.
ច្បាប់កេរកាលថ្មី (ជាបទព្រហ្មគីតិ ឆ្នាំ១៩២២)
3.
សេចក្ដីរំលឹកដាស់តឿន (ជាបទពាក្យ៧ ឆ្នាំ១៩៣១)
4.
ពាក្យកាព្យប្រដៅជនប្រុសស្រី (ជាបទពាក្យ៧ មិនដឹងកាលបរិច្ឆេទ អាចក្នុងឆ្នាំ១៩៣៥)
5.
បណ្ដាំក្រមង៉ុយ (ជាបទព្រហ្មគីតិ ក្នុងរវាងឆ្នាំ១៩៣៥)
បើតាមលោក យី ធន់ដដែល បានឲ្យដឹងថា
នៅមានស្នាដៃផ្សេងទៀតរបស់ក្រមង៉ុយ ដែលគេរកមិនឃើញឯកសារសរសេរ
ប៉ុន្តែអ្នកស្រាវជ្រាវមុនៗបានចាត់ទុកថាជាស្នាដៃរបស់លោកដែរ
គឺចម្រៀងស្ដីពី: ការប្រែប្រួលនៃស្រុកទេស កតញ្ញូកតវេទី ត្រៃលក្ខណ៍
ចម្រៀងស្រី-ប្រុស ។
កិត្តិសព្ទលោកតាក្រមង៉ុយ
ក្រមង៉ុយគឺជាកវីម្នាក់ដែលមិនសរសេរនូវកំណាព្យកាព្យឃ្លោងដែលលោកច្រៀងនោះឡើយ ។
ស្នាដៃរបស់លោកដែលគង់វង្សមកដល់សព្វថ្ងៃនេះកើតមានឡើងដោយការអញ្ជើញលោកទៅច្រៀងនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនៅភ្នំពេញ
ហើយធ្វើការកត់ត្រាទុក ។
លោក ប៉ែន ជីវ (ស្លាប់ឆ្នាំ១៩៧៧ ជំនាន់ខ្មែរក្រហម) ធ្លាប់បានអះអាងថា
លោកបានស្ថិតនៅក្នុងក្រុមស្មៀនវ័យក្មេង
ដែលមានភារៈជួយកត់ត្រាចម្រៀងកំណាព្យរបស់ក្រមង៉ុយ តាមការរៀបចំរបស់លោកស្រីស៊ុយហ្សាន
កាប៉ឺឡែស (Suzanne Karpeles) ដែលជានាយិកាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនាសម័យនោះ ។ ឯកសាររបស់លោក យី ធន់
ដែលត្រូវបានបោះពុម្ពផ្សាយដោយសាលាក្រុងភ្នំពេញមានចំណងជើងថា «អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ» នាឆ្នាំ២០០៨
ក៏បានបញ្ជាក់ថា លោក សឺដេស បាននាំឲ្យអ្នកភិរម្យភាសាទៅជួបលោកស្រី
កាប៉ឺឡែស ហើយពេលច្រៀងកត់ត្រាចប់ លោកស្រីជនជាតិបារាំងរូបនោះ
បានផ្ដល់ប្រាក់១រៀលជូនលោកកវីយើង
ដើម្បីជានិមិត្តរូបនៃការស្រឡាញ់វប្បធម៌អរិយធម៌ខ្មែរ ។ ក្រោយមកពុទ្ធសាសនបណ្ឌិត្យបានចាត់ចែងចងក្រងចម្រៀងកំណាព្យនោះជាសៀវភៅបោះពុម្ពចំនួន៤ច្បាប់
ដែលបន្ទាប់មកទៀតបញ្ចូលគ្នាធ្វើជាមួយច្បាប់វិញ ។
ការពិតទៅ ភាពល្បីល្បាញរបស់លោក អ៊ុក អ៊ូ
មិនមែនគ្រាន់តែស្ថិតនៅត្រង់ជើងកាព្យពីរោះ
ពោរពេញទៅដោយខ្លឹមសារជ្រាលជ្រៅនោះទេ ប៉ុន្តែលោកថែមទាំងមានទេព្យកោសល្យក្នុងការដេញចាប៉ីខ្សែមួយ
ឬសាយដៀវ ថែមទៀតផង ។ ពេលលោកសូត្រកំណាព្យ
លោកតែងដេញចាប៉ីខ្សែមួយកំដរ ដែលបន្ថែមនូវការទាក់ចិត្តយ៉ាងអស្ចារ្យ ។ ក្នុងពេលដែលលោកច្របល់គ្រប់ទិសច្រៀងទូន្មានមនុស្សផងទាំងពួង
លោកតែងមានបង្វិច និងឈើច្រត់កាន់តាមខ្លួនជាប់ជានិច្ច ។ យើងអាចស្រមៃអំពីរូបរាងរបស់ក្រុមង៉ុយ គឺបុរសម្នាក់មាឌធំ
ដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន
ពាក់អាវកត្រង់ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសម្បុក ។ គឺរូបរាងនេះហើយ
ដែលសិល្បៈករចម្លាក់បានឆ្លាក់ឡើងដាក់តម្កល់នៅបូជនីយដ្ឋានអ្នកភិរម្យភាសាអ៊ូ
ហៅង៉ុយ នាទីក្រុងភ្នំពេញសព្វថ្ងៃនេះ ។
បើតាមការចងក្រងរបស់លោក យី ធន់ បានឲ្យដឹងថា
ចាប៉ីខ្សែមួយរបស់ក្រុមង៉ុយ អាចដោះចេញពីគ្នាហើយដំឡើងបានភ្លាមៗកាលណាគាត់ត្រូវការប្រើ ។ ឃ្លោកនៃចាប៉ីខ្សែមួយ ឬសាយដៀវនោះលោកដាក់ក្នុងបង្វិច
ហើយឈើច្រត់ត្រូវបានលោកយកមកធ្វើជាដង រួចដាក់ខ្សែ
កើតជាឧបករណ៍ចាប៉ីខ្សែមួយប្រគុំបានភ្លាម ។
កិត្តិសព្ទនៅក្រៅប្រទេស
កេ្តរិ៍ឈ្មោះរបស់ក្រមង៉ុយ បានសាយភាយរហូតដល់ស្រុកសៀម ។ ស្ដេចសៀមបានធ្វើរាជសារមកសុំអញ្ជើញអ្នកភិរម្យភាសាអ៊ូ
ទៅច្រៀងថ្វាយឯស្រុកបាងកក ។ លោកក្រមង៉ុយ
បានធ្វើដំណើរទៅនៅស្រុកសៀមអស់រយៈពេល៣ខែ
ហើយបានទទួលការរាប់អានពីសំណាក់ព្រះមហាក្សត្រ និងមន្ត្រីសៀម ។ ពេលនោះស្ដេចសៀមបានប្រទានងារជាភិរម្យភាសា «ផៃរ៉ោះលឿកឺន» និងប្រទានឡេវអាវប្រាក់ឌួង
ព្រមទាំងប្រាក់ និងវត្ថុផ្សេងៗទៀតជាច្រើន ។
តាមការរៀបរាប់ឯកសារទាំងឡាយមិនបានបញ្ជាក់ទេថា
ការអញ្ជើញទៅកាន់ស្រុកសៀមនោះកើតឡើងនៅពេលណា ៕
ប្រភព: wikipedia