ទីមីរីយ៉ាហ្សែហ្វ ជាធម្មជាតិវិទូ និងជាអ្នកភូគោលវិទូដ៏មហិមា ។ លោកជាជនជាតិរុស្សី មានកំណើតក្នុងត្រកូលគ្រួសារនៃអ្នកបដិវត្តនៅទែរបួរ ។
គ្លីម៉ង់ អាកកាឌីយ៉េវីច ទីមីរីយ៉ាហ្សែហ្វ (Kliment Arkadievich Timiryazev, 1843-1920)
កាលនៅកំពុងសិក្សា
ទីមីរីយ៉ាហ្សែហ្វធ្លាប់ត្រូវបានបក្សពួកស្ដេចត្សារបណ្ដេញចេញពីមហាវិទ្យាល័យ
ដោយសារលោកមានសតិអារម្មណ៍
និងសកម្មភាពប្រឆាំងចំពោះរបបដ៏តឹងតែងរបស់ស្ដេចអង្គនេះ ។
តាំងពីអាយុ ២០ឆ្នាំ ទីមីរីយ៉ាហ្សែហ្វបង្កើតបាននូវស្នាដៃស្រាវជ្រាវមានតម្លៃជាច្រើនស្ដីពីទ្រឹស្ដីរបស់ដាកវីន ។ ក្រោយពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ
លោកត្រូវបានជ្រើសតាំងធ្វើជាសាស្ត្រាចារ្យភូគោលសាស្ត្រនៅវិទ្យាស្ថានរុក្ខជាតិវិទ្យាភីតធឺស្បើក ហើយនៅឆ្នាំ១៨៧៧ លោកបានមកធ្វើជាសាស្ត្រាចារ្យមហាវិទ្យាល័យមូស្គូ ។
លោកបានរួមចំណែកបង្កើតស្នាដៃច្នៃប្រឌិតជាច្រើនក្នុងវិស័យភូគោលវិទ្យា
ដែលស្នាដៃមួយចំនួនត្រូវបានចាត់ទុកជាមូលដ្ឋាននៃវិទ្យាសាស្ត្រ
ក្សេត្រសាស្ត្រទំនើប ។ ទន្ទឹមនោះ
លោកនៅបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយវិទ្យាសាស្ត្រ និងបណ្ដុះបណ្ដាលអ្នកវិទ្យាសាស្ត្រកសិកម្មរុស្សីនៅពេលមុន
និងក្រោយបដិវត្តន៍ទៀតផង ។
ឪពុកយ៉ាងណាកូនយ៉ាងហ្នឹង
ថ្ងៃមួយនៅឆ្នាំ១៨៤៨ មិត្តជិតស្និទ្ធម្នាក់របស់ទីមីរីយ៉ាហ្សែហ្វបានសួរលោកថា «តើអ៊ំឯងមានគម្រោងនឹងឲ្យកូនៗធ្វើអ្វីនៅពេលអនាគត ?» ។ ឪពុកទីមីរីយ៉ាហ្សែហ្វបានឆ្លើយតបវិញដោយមិនបាច់គិតវែងឆ្ងាយ «ខ្ញុំឬ ? ខ្ញុំគិតថានឹងដេរឲ្យពួកវានូវខោអាវនាវិកម្នាក់មួយសម្រាប់ៗ
កាំភ្លើងម្នាក់មួយដើម…ទុកដល់ពេលធំឡើង
ពួកវានឹងវាយលុកចូលវិមានសិសិររដូវ !» ។
ឫសគល់នៃសតិអារម្មណ៍បដិវត្តន៍ក្នុងគំនិតទីមីរីយ៉ាហ្សែហ្វ
ប្រហែលជាបានពូនជ្រុំលូតលាស់ឡើងក្នុងបរិយាកាសនៃគ្រួសារបដិវត្តន៍នោះឯង ។
ក្រោយមក ពេលកំពុងសិក្សា
ទីមីរីយ៉ាហ្សែហ្វបានក្លាយទៅជាស្នូលដ៏រឹងមាំនៃចលនាបដិវត្តន៍នៅសាលារៀន ។ មានមួយលើកនោះ អ្នកដឹកនាំនិស្សិតយើងបានប្រឆាំងតបនឹងវិន័យតឺងតែងរបស់សាលា ។ ទីមីរីយ៉ាហ្សែហ្វក៏ត្រូវបណ្ដេញចេញពីមហាវិទ្យាល័យ ។
តែក្រោយមក ដោយបានការជំទាស់ពីសាស្ត្រាចារ្យនានា
និងដោយលទ្ធផលសិក្សាដ៏ពូកែឆ្នើមរបស់ទីមីរីយ៉ាហ្សែហ្វ
មហាវិទ្យាល័យបង្ខំចិត្តត្រូវឲ្យគាត់ចូលរៀនវិញ
តែក្នុងនាម…មិនពេញសិទ្ធិ ។
តម្លៃស្ថិតនៅកន្លែងណា ?
ឆ្នាំ១៨៧៧ ទីមីរីយ៉ាហ្សែហ្វត្រូវបានតែងតាំងជាសាស្ត្រាចារ្យមហាវិទ្យាល័យមូស្គូ ។ ដោយដឹងថាលោកជាអ្នកមានសតិអារម្មណ៍បដិវត្តន៍
ពួកកាន់អំណាចច្រើនតែបង្កការលំបាក និងឧបសគ្គរារាំងក្នុងការបង្ហាត់បង្រៀនរបស់លោក
ដោយមិនឲ្យលោកទាក់ទងជាមួយនិស្សិតឡើយ ។
គ្មានទាំងបន្ទប់ធ្វើការ គ្មានទាំងសាលសហសិក្សាសម្រាប់អធិប្បាយ
ពេលខ្លះលោកត្រូវតែបង្ខំចិត្តពន្យល់
និងបង្រៀនសិស្សនៅក្នុងឃ្លាំងតែម្ដង ។
មានម្ដងនោះ មិត្តភក្តិម្នាក់ឃើញដូច្នេះក៏តម្អូញជំនួសលោកថា «សាស្ត្រាចារ្យធ្វើការក្នុងលក្ខណៈដ៏ខ្វះខាតបែបនេះ
តើអ្វីទៅដែលជាកិត្យានុភាពនោះ ?» ។
ទីមីរីយ៉ាហ្សែហ្វសើចញញឹម ចង្អុលទៅពួកនិស្សិតជាង ១០០នាក់ ដែលកំពុងយកចិត្តទុកដាក់រៀនសូត្រនៅក្នុងកូនបន្ទប់ដ៏តូចចង្អៀតនេះ
រួចនិយាយថា «ប្រហែលជាកិត្យានុភាពរបស់សាស្ត្រាចារ្យគឺមិនមែននៅត្រង់សាលសហសិក្សា
និងនៅបន្ទប់ធ្វើការធំទូលាយនោះទេ ។
កិត្យានុភាពនោះស្ថិតនៅចំណុចផ្សេង» ។
សួរមតិនរណា ?
ទីមីរីយ៉ាហ្សែហ្វចាត់ទុកការស្រាវជ្រាវពិសោធន៍ជាការសំខាន់បំផុតជានិច្ច ។
ស្នាដៃទាំងឡាយរបស់លោកសុទ្ធសឹងផ្អែកលើមូលដ្ឋាននៃបណ្ដាលទ្ធផលត្រួតពិនិត្យដ៏យូរ
និងហ្មត់ចត់ពីជីវិតរស់នៅរបស់រុក្ខជាតិ ។
មានម្ដងនោះ និស្សិតម្នាក់ត្រូវបានប្រគល់ភារៈឲ្យស្រាវជ្រាវពូជថ្មីមួយ ។
និស្សិតនេះអេះអុញមិនដឹងតើត្រូវធ្វើបែបណាខ្លះ
ក៏បង្ខំចិត្តទៅសួរទីមីរីយ៉ាហ្សែហ្វ «ជម្រាបប្រសាសន៍លោកសាស្ត្រាចារ្យ
តើលោកអាចជួយផ្ដល់មតិខ្លះអំពីចរិតរបស់ពូជនោះបានទេបាទ ?» ។ អ្នកប្រាជ្ញសើចញញឹមក្នុងន័យចំអក «នែមិតសម្លាញ់ !
ការពិតឯងមិនគួរមកសួរមតិខ្ញុំទេ
តែត្រូវសួរមតិរុក្ខជាតិនោះទើបត្រូវជាង» ។
សកម្មភាព… ដ៏គ្រោះថ្នាក់
ដំណើរដាកវីនទទួលមរណភាព បានលេចឮដល់និស្សិតសូវៀតនាឆ្នាំ១៨៨២ ។
ដើម្បីសម្ដែងនូវទឹកចិត្តស្រលាញ់ចំពោះអ្នកប្រាជ្ញដ៏ល្បីល្បាញរូបនេះ
ដែលបានបង្កើតឡើងនូវទ្រឹស្ដីការវិវឌ្ឍ
និស្សិតទាំងអស់បានពិគ្រោះគ្នានឹងផ្ញើសារលិខិតមួយច្បាប់ទៅអង់គ្លេស
ដោយពឹងពាក់លោកទីមីរីយ៉ាហ្សែហ្វជួយបកស្រាយសារលិខិតនោះ ។ ជាការធម្មតា
ទីមីរីយ៉ាហ្សែហ្វបានត្រៀមខ្លួនជាស្រេចដើម្បីជួយដល់និស្សិតទាំងនោះ ។
ក៏ប៉ុន្តែកិច្ចការនេះបែរជាត្រូវអ្នកកាន់អំណាចរុស្សីចាត់ទុកថាគ្រោះថ្នាក់ ។ ការបោសសម្អាតមួយត្រូវបានដំណើរការ ។
និស្សិតជាច្រើនរូបត្រូវបណ្ដេញចេញពីមហាវិទ្យាល័យ
ចំណែកទីមីរីយ៉ាហ្សែហ្វក៏ត្រូវបញ្ឈប់ពីការងារដែរ ។
ទទួលបានដំណើរនេះ និស្សិតរុស្សីទាំងមូលក្ដៅក្រហាយក្រៃលែង
ពួកគេបានផ្ញើសារលិខិតមួយច្បាប់ទៅលោករដ្ឋមន្ត្រីរដ្ឋាភិបាលសក្ដិភូមិរុស្សីថា
«សាស្ត្រាចារ្យទីមីរីយ៉ាហ្សែហ្វទុកជាមិនបានបង្ហាត់បង្រៀននៅក្នុងមហាវិទ្យាល័យទៀតក៏ពិតមែន
តែលោកជានិច្ចកាលគឺនៅតែជាគ្រូដ៏មហិមារបស់យើងខ្ញុំដែរ» ។
ចម្លើយចំពោះម៉ាំងទីត
ទីមីរីយ៉ាហ្សែហ្វជាអ្នកជំទាស់យ៉ាងខ្លាំងក្លាចំពោះទស្សនៈប្រតិកិរិយារបស់ម៉ាំងទីត ដែលចាត់ទុកថាប្រភពស្បៀងនៅលើផែនដីមានកម្រិត
ហេតុនោះក៏អាចចិញ្ចឹមរស់បានតែមនុស្សមួយចំនួន ហើយក៏មានកម្រិតដែរ ។ ក្នុងការជជែកដេញដោលមួយ
ជនអ្នកដើរតាមលទ្ធិម៉ាំងទីតបានលើកឡើងនូវរូបភាពមួយថា «ប្រភពស្បៀងធម្មជាតិប្រៀបដូចនឹងតុជប់លៀង…បើសិនជាពិធីជប់លៀងកំណត់សម្រាប់តែមនុស្ស
១២នាក់ រួចបែរជាភ្ញៀវមានដល់ទៅ ២៤នាក់ យើងមិនដឹងថាធ្វើដូចម្ដេចទេ ?» ។
ទីមីរីយ៉ាហ្សែហ្វក៏ប្រើរូបភាពនោះឆ្លើយតបវិញដែរ «ជាដំបូងបង្អស់ យើងគួរតែស្វែងយល់មើល តើម្ហូបចំណីត្រៀមនោះ
រៀបចំចេញអស់ហើយឬនៅ ? បន្ទាប់មកទៀត
បើសិនជាយើងចែករបបហូបនោះឲ្យបានគ្រប់គ្នា
យើងប្រាកដជាបង្កបរិយាកាសសប្បាយជាងការច្រានចោលអ្នកខ្លះឲ្យចេញពីតុជប់លៀងដែរ ?» ។
ក្នុងស្នាដៃស្រាវជ្រាវរបស់ខ្លួន
ទីមីរីយ៉ាហ្សែហ្វបានបញ្ចេញនូវទស្សនៈថា
បើសិនជាចុះអនុវត្តការកែលម្អខាងបច្ចេកទេសនោះ
ទិន្នផលដំណាំនឹងអាចកើនឡើងពី ២ ទៅ ៥ដង បើប្រៀបនឹងពេលបច្ចុប្បន្ន ។
ចុងភៅដ៏ពូកែ
ទីមីរីយ៉ាហ្សែហ្វជាអ្នកប្រាជ្ញដែលយកចិត្តទុកដាក់ជាទីបំផុតដល់ការផ្សព្វផ្សាយវិទ្យាសាស្ត្រ ។ សៀវភៅដែលលោកសរសេរសុទ្ធសឹងងាយយល់
ដោយភ្ជាប់ទៅនឹងរូបភាពរស់រវើកទាក់ទាញទឹកចិត្តអ្នកអាន ។
នៅក្នុងសៀវភៅ «ជីវភាពដំណាំ»
សោកសរសេរថា «បើសិនជាប្រគល់ឲ្យចុងភៅដ៏ពូកែបំផុតម្នាក់នូវវត្ថុធាតុដើមតែ៣មុខគឺ
ទឹក ខ្យល់អាកាស និងពន្លឺព្រះអាទិត្យ
រួចប្រាប់ឲ្យអ្នកនោះត្រៀមរៀបចំម្ហូបមួយមុខឲ្យឆ្ងាញ់ពិសា
ពេលនោះប្រាកដជាអ្នកនោះបង្ខំចិត្តត្រូវតែឈរឱបដៃមិនខានឡើយ ។ ក៏ប៉ុន្តែចំពោះធម្មជាតិ
ដំណាំបានបំពេញកិច្ចការនេះជំនួសចុងភៅដ៏ពូកែបំផុតនោះដែលមិនអាចធ្វើបាន…» ។
មិត្តម្នាក់បាននិយាយលេងជាមួយលោកថា «ខ្ញុំអានសៀវភៅរបស់បង
ដោយទទួលអារម្មណ៍ដូចបានស្រស់ស្រូបអាហារមួយយ៉ាងឆ្ងាញ់ពិសា» ។ ទីមីរីយ៉ាហ្សែហ្វឆ្លើយតបវិញ «គឺអ្នកសរសេរសៀវភៅនោះឯងក៏ត្រូវចាត់ទុកខ្លួនឯងដូចជាចុងភៅដែរ !
គេមិនត្រូវបានអ្វីក៏សុទ្ធតែយកទៅរៀបលើតុតែទាំងអស់ទេ
តែគេត្រូវចេះច្នៃយ៉ាងណាឲ្យអ្នកអានទទួលបានអារម្មណ៍
ត្រូវទាក់ទាញចូលទៅក្នុងបញ្ហាដល់កម្រិតមិនអាចប្រកែកបាន» ។
សៀវភៅដែលទីមីរីយ៉ាហ្សែហ្វសរសេរបានពង្រីកនូវឥទ្ធិពលរបស់វាយ៉ាងធំធេង ។
សមាជិកបណ្ឌិតសភា ម៉ាក់ស៊ីមូវ បានបញ្ចេញមតិថា «ហេតុផលដែលលោកត្រូវជ្រើសយកខាងផ្នែកជីវសាស្ត្រ
និងភូតគាមសាស្ត្រ គឺក៏ដោយសារលោកទទួលឥទ្ធិពលពីសៀវភៅ “ជីវភាពដំណាំ”» ។
ចំណែកអ្នកនិពន្ធ សេរ៉ាហ្វីម៉ូវិច ក៏បាននិយាយថា «កាលពីមុន រូបភាពព្រះ ទេវតា
ដ៏ទុក្ខសោកតែងតែសណ្ឋិតជាប់នៅជាមួយខ្លួនខ្ញុំ… តែពេលដែលខ្ញុំអានសៀវភៅ
“ជីវភាពដំណាំ” រួចហើយ ខ្ញុំសម្គាល់ឃើញថា
ខ្លួនខ្ញុំមានការផ្សំផ្គុំដោយឡែក និងមានជីវិតមួយដោយឡែករបស់វា ។
ពេលនោះគំនិតជឿលើភព្វវាសនាស្រាប់តែរលាយបាត់ខ្សុលពីខ្លួនខ្ញុំ…» ៕
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ
ចងក្រងដោយ ចាន់ សុខហេង