ជីវិត និង​ស្នាដៃ​របស់ ពីយ៉ូត នីកូឡៃយេវិច ឡេបេដេហ្វ

 ពីយ៉ូត នីកូឡៃយេវិច ឡេបេដេហ្វ មាន​ស្រុក​កំណើត​នៅ​មូស្គូ និង​រស់​នៅ​ក្នុង​ត្រកូល​អ្នក​ជួញដូរ​ម្នាក់ ។ តាំង​ពី​នៅ​កុមារ ឡេបេដេហ្វ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទេពកោសល្យ​ខាង​វិទ្យាសាស្ត្រ ។ ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​បច្ចេកទេស​មូស្គូ ឡេបេដេហ្វ​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​រូបវិទូ ។ លោក​បាន​ទៅ​ប្រទេស​អាល្លឺម៉ង់​បំពេញ​កម្មសិក្សា​នៅ​វិទ្យាស្ថាន​រូបវិទ្យា​របស់​គូន (អូខ្វីត្ស គូន ជា​រូបវិទូ​អាល្លឺម៉ង់ ១៨៣៩-១៨៩៤ ស្រាវជ្រាវ​អំពី​បញ្ហា​រលក​ទូរសព្ទ) ។ ក្រោយ​ពី​បំពេញ​កម្មសិកក្សា​ចប់ លោក​មក​រស់នៅ​ប៉េទែរស្បួក៍ ហើយ​ចាប់​ផ្ដើម​បម្រើ​បុព្វហេតុ​វិទ្យាសាស្ត្រ​របស់​ខ្លួន 

ពីយ៉ូត នីកូឡៃយេវិច ឡេបេដេហ្វ (Pyotr Nikolayevich Lebedev, 1866-1912)

ឡេបេដេហ្វ​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​មូស្គូ​តាំង​ពី​ឆ្នាំ​១៨៩០ ហើយ​បាន​រៀបចំ​នៅ​ទី​នោះ​នូវ​អ្នក​ស្រាវជ្រាវ​រូបវិទ្យា​មួយ​ក្រុម រួច​បន្ទាប់​ពី​នោះ លោក​បាន​បង្កើត​វិទ្យាស្ថាន​រូបវិទ្យា​ដំបូង​បង្អស់​នៅ​ប្រទេស​រុស្សី ក្រោម​របប​ស្ដេច​ត្យារ 


ស្នាដៃ​ច្នៃប្រឌិត​ដ៏​ធំ​បំផុត​របស់​ឡេបេដេហ្វ​គឺ​ទ្រឹស្ដីបទ​អំពី​សម្ពាធ​ពន្លឺ ។ លោក​នៅ​បាន​ផ្ដើម​គំនិត​អំពី​គោល​ទស្សនៈ​ថ្មីៗ ប្លែកៗ​ជាច្រើន​ទៀត​ក្នុង​វិស័យ​ម៉ាញ៉េទិច និង​បាន​សរសេរ​វណ្ណកម្ម​ដ៏​មាន​តម្លៃ​ជាច្រើន​អំពី​រូបវិទ្យា 


ការ​បរាជ័យ​របស់​ឪពុក

ឪពុក​របស់​ឡេបេដេហ្វ​ជា​ពាណិជ្ជករ ។ ដោយ​ចង់​ឲ្យ​កូន​បន្ត​មុខរបរ​របស់​ខ្លួន​ទៅ​អនាគត លោក​បាន​ប្រឹងប្រែង​ផ្ញើ​ឡេបេដេហ្វ​ឲ្យ​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​ពាណិជ្ជកម្ម​នៅ​អាល្លឺម៉ង់ 


ស្មាន​មិន​ដល់​សោះ​ថា នៅ​ទី​នេះ ឡេបេដេហ្វ​បែរ​ជា​រៀន​តែ​ភាសា​អាល្លឺម៉ង់ រៀន​របៀប​ធ្វើការ មាន​ផែនការ​របស់​ជនជាតិ​អាល្លឺម៉ង់ រៀន​ធម្មជាតិវិទ្យា និង​ពិជគណិត ។ ដោយឡែក មុខវិជ្ជា​ពាណិជ្ជកម្ម លោក​ស្អប់​ជាទី​បំផុត 


ឃើញ​ដូច្នេះ ឪពុក​ឡេបេដេហ្វ​ក៏​ឲ្យ​កូន​ត្រលប់​មក​វិញ ។ នៅ​លើក​នេះ លោក​ទិញ​រទេះ​សេះ​មួយ រៀបចំ​រាត្រី​សមោសរ ហើយ​មាន​តាំង​ទាំង​ការ​សម្ដែង​ល្ខោន និង​តន្ត្រី​ទៀត​ផង ។ លោក​សង្ឃឹម​ថា ឡេបេដេហ្វ​ប្រាកដ​ជា​នឹង​ភ្លេច​នូវ​គំនិត​វិទ្យាសាស្ត្រ និង​លែង​ឈ្លក់​វង្វែង​ក្នុង​គំនិត​ច្នៃប្រឌិត ដែល​ជា​ឯកទគ្គកម្ម​របស់​ខ្លួន​ជា​មិន​ខាន 


មួយ​រយៈពេល​ក្រោយ​មក មាន​អ្នក​សួរ​ពី​លទ្ធផល​របៀប​អប់រំ​ទិស​របរ​ជីវៈ​នោះ ឪពុក​របស់​ឡេបេដេហ្វ​បាន​លើក​ដៃ​ពីរ​ឡើង​លើ ហើយ​ពោល​ថា «ខ្ញុំ​សុំ​ចុះ​ចាញ់​វា​ហើយ ! ឥឡូវ​នេះ​វា​ជក់​ចិត្ត ជក់​អារម្មណ៍​ទាំង​វិទ្យាសាស្ត្រ ទាំង​សិល្បៈ ទាំង​កីឡា ។ ដោយ​ឡែក​មុខ​របរ​ជួញ​ដូរ វា​នៅ​តែ​ល្ងង់​ដូច​តែ​មុន​ដដែល» 


ឯកទគ្គកម្ម​មួយ​ត្រូវ​សង​ថ្លៃ​យ៉ាង​ខ្ពស់

អាយុ​ទើប​តែ​១៦​ឆ្នាំ ឡេបេដេហ្វ​បាន​ទទួល​ឈ្មោះ​ដ៏​ល្បី​ក្នុង​ចំណោម​សិស្សានុសិស្ស​ខាង​ទេពកោសល្យ ឯកទគ្គកម្ម និង​ការ​ច្នៃប្រឌិត ។ ឡេបេដេហ្វ​ជក់​ចិត្ត​នឹង​គ្រឿង​ម៉ាស៊ីន​អគ្គិសនី ម៉ាស៊ីន​ទូរលេខ ភ្លើង​អគ្គិសនី ហើយ​បាន​រៀបចំ​ដោយ​ខ្លួនឯង​នូវ​បន្ទប់​ពិសោធន៍​មួយ​នៅ​ផ្ទះ​របស់​ខ្លួន​តែ​ម្ដង ។ មួយ​ថ្ងៃៗ លោក​ជ្រមុជ​ក្បាល​តែ​នឹង​គំនូសតាង​នៃ​គ្រឿង​ម៉ាស៊ីន 


ថ្ងៃ​មួយ មាន​មិត្ត​ម្នាក់​បាន​និយាយ​ពី​រឿង​រោងចក្រ​ហ្គូសតាហ្វ កំពុង​ត្រូវការ​ទិញ​ម៉ូទ័រ​កម្លាំង​៤០​សេះ ពេល​នោះ​ឡេបេដេហ្វ​ក៏​ទទួល​ដំឡើង​ភ្លាម 


មិត្ត​របស់​លោក​បាន​ព្រមាន​ជា​មុន​ថា «ត្រូវ​ប្រយ័ត្ន​ប្រយែង​ណា ! តែ​ម៉ាស៊ីន​មិន​ដើរ នឹង​ត្រូវ​គេ​ចាប់​ឲ្យ​សង​ថ្លៃ​ហើយ» ។ ឡេបេដេហ្វ​ឆ្លើយ​តប​វិញ «កុំ​ភ័យ​ឲ្យ​សោះ ! យើង​ជឿ​ថា វា​មិន​ស្មុគស្មាញ​ពេក​ទេ» 


ឡេបេដេហ្វ​បាន​ចុះ​កិច្ចសន្យា​ជាមួយ​រោងចក្រ ហើយ​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​កិច្ចការ​ច្នៃប្រឌិត​នោះ​យ៉ាង​សកម្ម ។ អស់​រយៈពេល​កន្លះ​ខែ ម៉ាស៊ីន​ត្រូវ​បាន​រៀបចំ​រួច​ជា​ស្រេច មាន​ទម្ងន់​ជាង​កន្លះ​តោន ។ តែ​ថ្វីបើ​អ្នក​កំលោះ​វិស្វករ​យើង​ប្រឹងប្រែង​យក​អស់​សមត្ថភាព​ទៅ​ហើយ​ក្ដី ក៏​ម៉ាស៊ីន​នៅ​តែ​មិន​ព្រម​ដើរ ។ ម្ចាស់​រោងចក្រ​ក៏​ចាប់​ឲ្យ​អ្នក​កំលោះ​សង ។ ឡេបេដេហ្វ​ត្រូវ​ចូល​ទៅ​ធ្វើការ​នៅ​រោងចក្រ​ដោយ​មិន​គិត​កម្រៃ​អស់​ចំនួន​៤​ខែ ទើប​ដោះ​បំណុល​រួច 


ការ​យល់​ដឹង​ការងារ​កាន់​តែ​ច្រើន​ថែម​ទៀត កាន់​តែ​មាន​ប្រយោជន៍

កាល​នៅ​រៀន​នៅ​សាលា​បច្ចេកទេស ឡេបេដេហ្វ​រៀន​ឥត​ខ្លាច​នឿយហត់ ទាំង​មុខវិជ្ជា​ក្រឡឹង មុខវិជ្ជា​ផ្សារ 


គេ​ក៏​សួរ​គាត់​ថា «ម៉េច​ក៏​បងឯង​ចូលចិត្ត​ចំណាយ​ពេល​ឥត​ប្រយោជន៍​ក្នុង​រឿង​កំប៉ិកកំប៉ុក​យ៉ាង​នេះ ? ព្រោះ​បងឯង​តែង​មាន​បំណង​ចង់​ក្លាយ​ជា​អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​នោះ​អី ?» ។ ឡេបេដេហ្វ​ឆ្លើយ​តប​វិញ «ពិត​ណាស់ ! ខ្ញុំ​នឹង​ដើរ​តាម​មាគ៌ា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ។ តែ​មិន​មែន​មាន​ន័យ​ថា យើង​មិន​ចាំបាច់​រៀន​ការងារ​ផ្សារ ក្រឡឹង ប្រមុំ​… ហើយ​ចាត់​ទុក​ថា ការងារ​នោះ​គ្មាន​ប្រយោជន៍​ទេ ។ ដូច្នេះ ចេះ​ថែម​ការងារ​កាន់​តែ​ច្រើន កាន់​តែ​មាន​ប្រយោជន៍​ដល់​កិច្ចការ​ដែល​យើង​ចង់​បាន និង​ស្រាវជ្រាវ» 


ការ​ពិត​ដូច្នោះ​មែន ! ថ្ងៃ​ក្រោយ​មក ក្នុង​កិច្ចការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ការងារ​ជំនាញ​របស់​ជាង​ជំនាញ​ទាំងនោះ បាន​ជួយ​ដល់​ឡេបេដេហ្វ​ថែម​ទៀត​ក្នុង​ការងារ​របស់​ខ្លួន 


ផ្លូវ​ពីរ​សម្រាប់​ជ្រើសរើស

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​អាល្លឺម៉ង់ ឡេបេដេហ្វ​បាន​វិល​មក​ប្រទេស​វិញ ។ ឪពុក​របស់​លោក​បាន​បង្ហាញ​ផ្លូវ​ពីរ​សម្រាប់​លោក​ជ្រើសរើស «កូន ! ចូរ​ឯង​ពិចារណា​ឲ្យ​ហ្មត់ចត់​ទៅ ! ទី​១ គឺ​ឯង​ត្រូវ​ចង់​មាន​ចង់​បាន ដូច​ស្ដេច​យូហ្គូស្លាវី ។ កូន​ឯង​ត្រូវ​តែ​បោះចោល​មួយ​កន្លែង​នូវ​គំនរ​ចំណេះ​វិជ្ជា បច្ចេកទេស​នោះ​ទៅ ហើយ​ឯង​ត្រូវ​ទៅ​លក់​ដូរ  ទី​២ គឺ​កូន​ឯង​ត្រូវ​តែ​កប់​ចោល​ឆាក​ជីវិត​របស់​ខ្លួន​ដែល​ត្រូវ​រស់​នៅ​ក្នុង​កូន​បន្ទប់​ដ៏​តូច​ចង្អៀត បណ្ដា​គ្រឿង​ម៉ាស៊ីន និង​ជាតិ​គីមី ដែល​ក្នុង​ហោប៉ៅ សូម្បី​តែ​មួយ​កាក់​មួយ​សេន​ក៏​គ្មាន​ដែរ ។ ដូច្នេះ​កូន​ឯង​ជ្រើស​ផ្លូវ​ណា​ល្អ​ជាង ?» ឡេបេដេហ្វ​ឆ្លើយ​តប​វិញ​ដោយ​ឥត​រួញរា «កូន​ជ្រើសរើស​ផ្លូវ​ទី​២» 


ធ្វើ​ការ​គឺ​ជា​របៀប​ព្យាបាល​ជំងឺ​មួយ

ដោយ​ធ្វើការ​ហួស​កម្លាំង​ក្នុង​លក្ខណៈ​ខ្វះខាត​នេះ ឡេបេដេហ្វ​ត្រូវ​ឈឺ​ជំងឺ​បេះដូង ។ គ្រូពេទ្យ​បាន​រឭក​លោក​ថា គួរ​តែ​ទៅ​សម្រាក​ព្យាបាល​ថែទាំ​សុខភាព​មួយ​រយៈ​ពេល​សិន ។ នៅ​លើ​ដង​ផ្លូវ​ធ្វើ​ដំណើរ លោក​បាន​ឆៀង​ចូល​ទៅ​លេង​ស្ថានីយ​តារាសាស្ត្រ​របស់​អ៊ុនហ្វ័រ (ជា​តារាវិទូ​ជាតិ​អាល្លឺម៉ង់ ១៨៦៣-១៩៣២។ ឆ្លង​តាម​ដំណើរការ​ជួប​គ្នា​នេះ អ៊ុនហ្វ័រ​បាន​រឭក​ដល់​លោក​អំពី​វិទ្យាសាស្ត្រ​និពន្ធ​សម្ពាធ​ពន្លឺ​ដែល​ឡេបេដេហ្វ​ទើប​នឹង​បាន​បង្កើត​ថ្មី «ទូទាំង​ពិភពលោក អ្នកប្រាជ្ញ​កំពុង​តែ​ជជែក​គ្នា​ពី​ទ្រឹស្ដីបទ​ដ៏​ថ្មីថ្មោង​នេះ ។ គេ​កំពុង​រង​ចាំ​លោក​ដែល​នឹង​ធ្វើ​ការ​ពិសោធន៍​មួយ​សម្រាប់​ការ​សន្និដ្ឋាន​ឲ្យ​ទ្រឹស្ដី​នោះ» 


ឡេបេដេហ្វ​បាន​ពិចារណា​យ៉ាង​ច្រើន​អំពី​បញ្ហា​ដែល​អ៊ុនហ្វ័រ​បាន​លើក​ឡើង ។ ថ្ងៃ​ក្រោយ​មក លោក​បាន​លុប​ចោល​ដំណើរ​ទៅ​សម្រាក​ព្យាបាល​ជំងឺ ហើយ​វិល​ទៅ​កាន់​មូស្គូ​វិញ រួច​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​ការងារ ៨​ឆ្នាំ​ក្រោយ​មក ទើប​ឡេបេដេហ្វ​ស្រាយ​បំភ្លឺ​បាន​បញ្ហា​នេះ 


ឡេបេដេហ្វ​តែងតែ​និយាយ​ជាមួយ​អ្នក​ទាំងឡាយ​ថា «កិច្ចការ​អាច​ធ្វើ​ឲ្យ​គេ​ជា​សះស្បើយ​ពី​ជំងឺ​ទាំងឡាយ» 


ចាំបាច់​ត្រូវ​តែ​សម្រេច​ចិត្ត

ដើម្បី​ជំទាស់​នឹង​របប​តឹងតែង​របស់​ស្ដេច​ត្យារ​ដែល​បាន​គាប​សង្កត់​មក​លើ​សាលា​បណ្ដា​សាស្ត្រាចារ្យ​ទាំងឡាយ​នៃ​មហាវិទ្យាល័យ​មូស្គូ​បាន​សុំ​លាលែង​ពី​តំណែង​គ្រប់គ្រង​ក្នុង​នោះ​ក៏​មាន​ឡេបេដេហ្វ​ផង​ដែរ ។ ពេល​ដែល​មាន​គេ​សុំ​មតិ​ពី​រឿង​នេះ ឡេបេដេហ្វ​បាន​និយាយ​ថា «ពី​មុន​នេះ ពេល​ដែល​ត្រូវ​ជ្រើសរើស​រវាង​ការ​មាន​បាន និង​វិទ្យាសាស្ត្រ ខ្ញុំ​បាន​ជ្រើស​យក​វិទ្យាសាស្ត្រ ។ ចំណែក​ពេល​នេះ បើសិន​ជា​ត្រូវ​ជ្រើសរើស​រវាង​វិទ្យាសាស្ត្រ និង​ការ​តស៊ូ ខ្ញុំ​សូម​ជ្រើសរើស​យក​ការ​តស៊ូ» 


លោក​បាន​មាន​ប្រសាសន៍​ដូច្នេះ​ដោយ​ក្ដី​ស្មោះត្រង់ ពីព្រោះ​ថា ការ​ចាកចោល​មហាវិទ្យាល័យ​នៅ​ពេល​នេះ ក៏​មាន​ន័យ​ថា ជា​ការ​ចាក​ចោល​បន្ទប់​ពិសោធន៍​ចោល​ការងារ​ស្រាវជ្រាវ ចោល​និស្សិត​ស្រាវជ្រាវ​ជា​ច្រើន​ដែល​លោក​កំពុង​តែ​ណែនាំ 


ការ​សប្បាយ​នៅ​កន្លែង​ណា ?

ឡេបេដេហ្វ​មាន​ទម្លាប់​ធ្វើការ​យ៉ាង​ជក់ចិត្ត ។ ជា​រៀងរាល់​ថ្ងៃ គេ​ឃើញ​ហាក់​ដូច​ជា​គ្មាន​ពេល​ណា​ដែល​លោក​ចោល​បន្ទប់​ពិសោធន៍​សោះ ។ លោក​មាន​មុខ​នៅ​ផ្ទះ​តែ​នៅ​ពេល​ត្រូវ​គេង និង​ពេល​បរិភោគ​ពេល​ព្រឹក​តែ​ប៉ុណ្ណោះ 


អ្នកជំនួកយការ​របស់​ឡេបេដេហ្វ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង មាន​ម្ដង​នោះ គេ​បាន​សួរ​លោក​ថា «ជម្រាប​សួរ​លោក​សាស្ត្រាចារ្យ ! ខ្ញុំ​យល់​ថា​មិន​គួរ​ណា​លោក​មិន​លំហែ​ខួរក្បាល​បន្តិច​ណា​សោះ​អញ្ចឹង !» 


អ្នកប្រាជ្ញ​យើង​សម្លឹង​ទៅ​គាត់​វិញ ហាក់​ស្រឡាំកាំង «កែ​កំសាន្ត​ឬ ? ចាំបាច់​ទៅ​រក​ការ​សប្បាយ​នៅ​កន្លែង​ណា​ទៀត បើ​ខ្ញុំ​មាន​បន្ទប់ពិសោធន៍​រូបវិទ្យា​ទាំងមូល​នៅ​ក្នុង​ដៃ​ទៅ​ហើយ​នោះ !» 


អ្នក​ម្ដាយ​របស់​អ្នកប្រាជ្ញ

ក្នុង​រឿង​សប្បាយ​មួយ មាន​មនុស្ស​ម្នាក់​បាន​សួរ​ឡេបេដេហ្វ​ថា «ហេតុ​អ្វី​បាន​ជា​លោក​ក្លាយ​ទៅ​ជា​រូបវិទូ ?» 


ឡេបេដេហ្វ​ពិចារណា រួច​ឆ្លើយ​តប​វិញ «មក​ពី​ម្ដាយ​ខ្ញុំ​ហ្នឹង​ឯង ។ ម្ដាយ​ខ្ញុំ​ជឿជាក់​ចំពោះ​ខ្ញុំ ហើយ​តែង​បាន​លើក​ទឹកចិត្ត ។ ម្ដាយ​ខ្ញុំ​តឹងតែង​បំផុត​ចំពោះ​កំហុស​ខ្វះខាត​ទាំងឡាយ​របស់​ខ្ញុំ ។ ហេតុ​នេះ ខ្ញុំ​មិន​ដែល​ចង់​បង្ហាញ​ឲ្យ​ម្ដាយ​ខ្ញុំ​ឃើញ​នូវ​កង្វះខាត​របស់​ខ្ញុំ​ជាថ្មី​ទៀត​ឡើយ ។ ខ្ញុំ​តែងតែ​ត្រូវ​ប្រឹងប្រែង​ដើម្បី​ឆ្លើយ​តប​វិញ​នូវ​ការ​ថែទាំ និង​ក្ដី​ស្រលាញ់​របស់​ម្ដាយ​ខ្ញុំ​… និង​លោកគ្រូ​ដ៏​ល្អ​ប្រសើរ​ម្នាក់» 


ក្នុង​លិខិត​មួយ​ដែល​ផ្ញើ​ឲ្យ​ម្ដាយ ឡេបេដេហ្វ​បាន​រៀបរាប់​ពី​លោកគ្រូ​របស់​ខ្លួន គឺ​លោក​សាស្ត្រាចារ្យ​គូន​ដូច​តទៅ 


«ថ្ងៃ​នេះ លោក​បាន​ស្ដីបន្ទោស​ឲ្យ​កូន ដោយ​កូន​ធ្វើ​ខុស​ពី​មតិ​ណែនាំ​របស់​លោក ។ កូន​បាន​ធ្វើការ​រៀបរាប់​ពី​ហេតុផល​ដែល​នាំ​ឲ្យ​កូន​ពុំ​ស្ដាប់​តាម​ពាក្យ​ទូន្មាន​របស់​លោក ។ កូន​នឹក​ថា​លោក​ប្រាកដ​ជា​ខឹង​ច្រឡោត​មិន​ខាន តែ​មិន​ដូច្នោះ​ទេ លោក​ស្រឡាំងកាំង ឈរ​ពិចារណា​មួយ​ស្របក់ រួច​ចាប់​កាន់​ដៃ​កូន​យ៉ាង​ណែន ហើយ​មាន​ប្រសាសន៍​ខ្លាំងៗ​ថា ល្អ​ប្រសើរ​ណាស់ ! ប្រសើរ​ណាស់ ! ពិត​ជា​ត្រូវ​ធ្វើ​យ៉ាង​នោះ​ហើយ !» 


បន្ទប់​ឡេបេដេហ្វ

ពេល​ត្រូវ​បាន​គេ​ជ្រើស​តាំង​ឲ្យ​ធ្វើ​ជា​សាស្ត្រាចារ្យ​រូបវិទ្យា​នៅ​មហាវិទ្យាល័យ​មូស្គូ ឡេបេដេហ្វ​ត្រូវ​ធ្វើការ​ក្នុង​លក្ខណៈ​យ៉ាង​លំបាក ។ រាល់​សំណូមពរ​របស់​លោក​ទាំង​ក្នុង​ការ​រៀបចំ​ចាត់​តាំង និង​ប្រដាប់​ប្រដា​គ្រឿងបរិក្ខា​សម្រាប់​បន្ទប់​ពិសោធន៍​រូបវិទ្យា សុទ្ធសឹង​ត្រូវ​គេ​ច្រាន​ចោល​ដោយ​គ្មាន​អាណិត 


តែ​ឡេបេដេហ្វ​មិន​ចុះចាញ់​ឡើយ ។ លោក​បាន​យក​បន្ទប់​ធ្វើ​ការ​ដ៏​តូច​ចង្អៀត​របស់​លោក សម្រាប់​ធ្វើ​ជា​បន្ទប់​ពិសោធន៍ ។ សិស្ស​ទាំង​២០​នាក់​របស់​លោក​បាន​ធ្វើការ​ក្នុង​បន្ទប់​ដោយ​ខ្វះ​សព្វ ខ្វះ​គ្រប់ និង​ខ្វះ​ពន្លឺ ។ តែ​ដោយ​ទឹកចិត្ត​ណែនាំ​យ៉ាង​អស់​ពី​ចិត្ត​របស់​លោក គេ​បាន​ក្លាយ​ជា​រូបវិទូ​ដ៏​ឆ្នើមៗ 


នៅ​ពេល​ដែល​គេ​សួរ​ពី​ដំណាក់​កាល​បណ្ដុះបណ្ដាល អ្នក​ទាំងអស់​បាន​និយាយ​ដោយ​ក្ដី​មោទនភាព​ថា «យើង​ខ្ញុំ​ចាប់​ប្រភព​គឺ​បន្ទប់​ឡេបេដេហ្វ» ។ ពាក្យ​បន្ទប់​ឡេបេដេហ្វ​បាន​ក្លាយ​ទៅ​ជា​ពាក្យ​ដោយ​ឡែក​សម្រាប់​និយាយ​អំពី​និកាយ​នៃ​រូបវិទូ​ដំបូង​បង្អស់​នៅ​ប្រទេស​រុស្សី 


ដោយ​ក្ដី​មោទនភាព​ជាតិ នៅ​ពេល​ដែល​បាន​ឮ​ដំណឹង​ថា ឡេបេដេហ្វ​លាលែង​ពី​តំណែង​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​មូស្គូ នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​ណូប៊ែល នៅ​ស៊ុយអែត គឺ​លោក អារ៉េនីវីត បាន​ស្នើ​ឲ្យ​លោក​មក​បំពេញ​ការងារ​នៅ​កន្លែង​របស់​លោក ហើយ​បាន​សន្យា​ថា​នឹង​ផ្គត់ផ្គង់​គ្រប់មធ្យោបាយ​ដល់​លោក 


ឡេបេដេហ្វ​បាន​ឆ្លើយ​តប​នឹង​អារ៉េនីវីត​ថា «ខ្ញុំ​យល់​ថា ការ​សហការ​ជាមួយ​លោក នឹង​នាំ​មក​នូវ​ផលប្រយោជន៍​ច្រើន តែ​ស្ថានភាព​សុខភាព​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ដូច្នេះ​បាន​ទេ» 


តាម​ពិត ឡេបេដេហ្វ​យល់​ថា បើសិន​ជា​លោក​ទៅ​នៅ​ស៊ុយអែត គឺ​ការ​ប្រមាថ​មើល​ងាយ​មួយ​ចំពោះ​ប្រទេស​រុស្សី ។ ទឹកចិត្ត​មោទនភាព​ជាតិ​មិន​អនុញ្ញាត​ឲ្យ​លោក​ទទួល​យក​នូវ​សំណើ​របស់​អារ៉េនីវីត​ឡើយ 


ជន​សម្រាប់​អ្នកប្រាជ្ញ

ដោយ​ត្រូវ​ធ្វើការ​ហួស​កម្លាំង និង​រិះគន់​ច្រើន​ពេក ឡេបេដេហ្វ​ត្រូវ​ស្លាប់​ក្នុង​ជន្មាយុ ៤៦​ឆ្នាំ 


នៅ​ចំពោះ​មុខ​មរណភាព​របស់​លោក ទី មីរីយ៉ាហ្សែហ្វ ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​សរសេរ​ថា «មិន​មែន​មាន​តែ​ចុង​កាំបិត​នៃ​ម៉ាស៊ីន​កាត់​ក​តែ​ប៉ុណ្ណោះ​ទេ​ដែល​អាច​សម្លាប់​មនុស្ស ! គឺ​របប​ដ៏​អាក្រក់​របស់​មហាវិទ្យាល័យ​មូស្គូ​ក្រោម​របប​ស្ដេច​ត្យារ​ដែល​បាន​សម្លាប់​អ្នកប្រាជ្ញ​ដ៏​មហិមា​របស់​មនុស្ស​ជាតិ​តែ​ម្ដង» 



ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង

 

មុន បន្ទាប់