អូកូបូ កើតពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៨៣០ ។ បើពោលពីការសិក្សា គ្មានអ្វីជាលក្ខឋានទេ ព្រោះប្រទេសជប៉ុន ក្នុងសម័យកាលជាង១០០ឆ្នាំមកនេះ ឥតបានចាត់ការសិក្សាតាមរបៀបអឺរ៉ុបទាល់តែសោះ ទាំងប្រទេសជប៉ុន ក៏ត្រូវជនជាតិស្បែកសជិះជាន់រហូតដល់ទៅមានច្បាប់ហាមមិនឲ្យជនជាតិជប៉ុនធ្វើការទាក់ទងនឹងជនជាតិស្បែកសទៀតផង ។ ការសិក្សារបស់អូកូបូ ទើបប្រកាន់តែការសិក្សានៅផ្ទះ ស្ដាប់តែមនុស្សធំនិយាយឲ្យស្ដាប់ពីកិច្ចការផែនដី ហើយដល់កាលធំឡើង ខ្លួនឯងក៏មានមិត្តសម្លាញ់ពីរបីនាក់ ដែលតែងតែមកជួបគ្នាសឹងតែរាល់ថ្ងៃ សន្ទនាជជែកឲ្យយោបល់គ្នាផ្សេងៗ ខួរក្បាលរបស់អូកូបូ បានទទួលការអប់រំដោយវិធីនេះឯង ទើបខុសពីវីរបុរស រដ្ឋបុរស ឬមហាបុរសដទៃទៀតជាច្រើនដែលសុទ្ធតែបានចូលមហាវិទ្យាល័យ បានទទួលការសិក្សាយ៉ាងប្រសើរមកហើយ ។ បើទុកជាដូច្នោះ សេចក្ដីឈ្លាសវៃរបស់អូកូបូ ក៏មិនចាញ់ពួកអ្នកទាំងនោះឡើយ ។
តូស្ហីមីឈី អូកូបូ (Toshimichi Okubo, 1830-1878)
ដោយអំណាចការបានស្ដាប់បានឮច្រើន អូកូបូ
ទើបបានលក្ខឋានច្រើនប្រការ
ជាគ្រឿងពិសោធន៍ឲ្យរដ្ឋាភិបាលឃើញការអាក្រក់ទន់ខ្សោយរបស់ជនខ្លះៗក្នុងគណៈរដ្ឋាភិបាល
។ តមកអាយុ២៣ឆ្នាំ បានឱកាសចូលគាល់ព្រះអង្គម្ចាស់ ណារិអាគី
ដែលកាន់អំណាចនៅប្រទេសជប៉ុនក្នុងវេលានោះ ហើយក៏ស្នើខពិសោធន៍របស់ខ្លួន
ដែលបានធ្វើមកជាយូរហើយ ។ ដោយហេតុនេះឯង អូកូបូ
ទើបបានទទួលតំណែងរាជការខាងក្រសួងហិរញ្ញវត្ថុ
និងជាទីប្រោសប្រាណរបស់ព្រះអង្គម្ចាស់ ណារិអាគី យ៉ាងក្រៃលែង ។
តែមានរឿងថា អូកូបូ ជាអ្នកមាននិស្ស័យរឹងប៉ឹងពេកនៅក្នុងពេលខ្លះ
ទាល់តែព្រះអង្គម្ចាស់ ណារិអាគី មានព្រះរាជឱង្ការពោលពីអូកូបូ ថា
ជនប្រភេទនេះរកបានដោយលំបាក និងមានប្រយោជន៍បំផុត
តែមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលចេះយកមនុស្សនេះទុកក្នុងកណ្ដាប់ដៃបាន
។
អាយុ៣០ឆ្នាំ អូកូបូ
បានជាអធិការកិច្ចការឃ្លាំងប្រាក់ ។ អាយុ៤២ឆ្នាំ
បានជាភូឈួយឯកអគ្គរាជទូតពិសេស ដែលបញ្ជូនជាផ្លូវការទៅកាន់ប្រទេសអង់គ្លេស
បារាំង អាល្លឺម៉ង់ និងរុស្ស៊ី ហើយក៏ឆ្លៀតយកឱកាសនោះឯង
សិក្សាយកវិជ្ជាថ្មីៗទៀតបានជាច្រើន ។ លុះត្រលប់មកប្រទេសជប៉ុនវិញ
បានជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងអាយុ៤៤ឆ្នាំ ។
អូកូបូ ជាវីរជនជប៉ុនដំបូងបំផុតដែលជាអ្នកយល់ថា
ការដែលនឹងប្រជែងប្រណាំងនឹងជនជាតិស្បែកសបាននោះ
ចាំបាច់ត្រូវរៀនតាមវិធីសិក្សារបស់ជនជាតិស្បែកស
យកមកផ្លាស់ប្ដូរកិច្ចការផែនដីរបស់ខ្លួន
និងមិនគួររឹងរូសយកតែការច្បាំងជាត្រីមុខតែម្យ៉ាងតាមគំនិតរបស់ពួក
សាមូរ៉ៃ (Samurai) ឡើយ ។ ហេតុនោះឯង
រដ្ឋបាលនយោបាយរបស់អូកូបូ
ទើបងាកទៅរកផ្លូវដែលនឹងបើកការទាក់ទងជាមួយជនជាតិស្បែកសឲ្យបានច្រើនឡើងផ្ដើមធ្វើការកែប្រែសន្ធិសញ្ញានឹងប្រទេស
។ ស្ថាបនាផ្លូវរថភ្លើងរៀបចំក្រុមនគរបាលតាមបែបទំនើបផ្គត់ផ្គងខាងវប្បកម្ម
តាំងសលារៀនខាងកសិកម្ម និងពាណិជ្ជកម្ម កិច្ចការផ្សេងៗរបស់អូកូបូ
នេះញ៉ាំងប្រយោជន៍ដ៏ធំមហិមាដល់ប្រទេសជប៉ុន
តែក៏រមែងមិនជាទីពេញចិត្តរបស់ជនជាតិជប៉ុន
ដែលមិនត្រូវការយកតម្រាប់ជនជាតិស្បែកស ។
ដូច្នេះទើបមានគណៈបក្សពួកដែលធ្វើការតតាំងប្រឆាំងជំទាស់នយោបាយរបស់អូកូបូ
។ តែអូកូបូ បានទទួលការគាំទ្រពីព្រះមហាក្សត្រ
ទើបអាចយកឈ្នះពួកបក្សដែលជំទាស់ ចាត់ការស្ថាបនាប្រទេសជប៉ុន
ឲ្យចូលបែបទំនើបរហូតមក ។ តែ៥ឆ្នាំក្រោយពីបានជានាយករដ្ឋមន្ត្រី
អាយុ៤៨ឆ្នាំ គ.ស១៨៧៨
ក៏ត្រូវជនពុំស្គាល់មុខលួចសម្លាប់កណ្ដាលផ្លូវថ្នល់
យ៉ាងគួរឲ្យអាណោចអាធ័មក្រៃលែង ។ មរណភាពរបស់អូកូបូ
នាំមកនូវសេចក្ដីតក់ស្លុតដល់ព្រះរាជានៃប្រទេសជប៉ុនយ៉ាងលើសលប់ ។
ព្រះអង្គទ្រង់ជាអ្នកចាត់ចែងពិធីបញ្ចុះសពអូកូបូ ផ្ទាល់ព្រះអង្គឯង ។
រហូតមកទល់នឹងថ្ងៃមរណៈ អូកូបូ
មានទ្រព្យសម្បត្តិសល់នៅត្រឹមតែ២០០យេនប៉ុណ្ណោះ ។ អូកូបូ
ធ្លាប់បានទទួលព្រះរាជអំណោចដ៏ច្រើនពីព្រះមហាក្សត្រម្ដងដែរ
តែគាត់ពុំបានយកទៅជាប្រយោជន៍ផ្ទាល់ខ្លួន បែរជាយកទៅទំនុកបម្រុងសាលាវប្បកម្មទាំងអស់ទៅវិញ
។
បានសេចក្ដីថា អូកូបូ
ទទួលមរណៈភាពទៅចោលគ្រួសារនៅក្រោមអំណាចនៃសេចក្ដីក្រខ្សត់
ខុសពីជនដទៃៗទៀត ៕
ដោយ ស៊ា ប៊ុនភេង សៀវភៅសាងខ្លួនឯង