ហ្សូហាន កេប្ល៉ែរ ជាអ្នកប្រាជ្ញជនជាតិអាល្លឺម៉ង់ដ៏ល្បីល្បាញមួយរូប ។ មួយជីវិតរបស់លោកបានផ្សារភ្ជាប់ទៅនឹងការរុករកនូវអាថ៌កំបាំងទាំងឡាយក្នុងអវកាស ។ ឈ្មោះរបស់លោកត្រូវបានប្រើសម្រាប់ហៅច្បាប់៣ស្ដីពីការធ្វើចលនារបស់បណ្ដាពិភពដែលជាការត្រៀមសម្រាប់ឲ្យកំណើតច្បាប់ទំនាញផែនដីរបស់ញូវតុន ។ ប្រការមួយគួរឲ្យស្ងើចសរសើរគឺ កេប្ល៉ែរបានសម្រេចនូវសំណង់វិទ្យាសាស្ត្រដ៏ធំធេងក្នុងលក្ខណៈដ៏លំបាក ដូចជាការខ្វះខាតសម្ភារៈ ហើយខាងស្មារតីក៏លោកត្រូវរងនូវការឈឺចាប់យ៉ាងច្រើនណាស់ដែរ ។ កាល់ម៉ាក់ ធ្លាប់បានវាយតម្លៃកេប្ល៉ែរថា «វីរបុរសមួយរូបដែលលោកស្រលាញ់ពេញចិត្ត» ។
ហ្សូហាន កេប្ល៉ែរ (Johannes Kepler, 1571-1630)
កេប្ល៉ែរនៅត្រូវបានគេវាយតម្លៃថា
ជាអ្នកគណិតសាស្ត្រដ៏មានទេពកោសល្យ
ជាឥដ្ឋមួយដុំដំបូងបង្អស់ដែលគេបានដាក់សម្រាប់ការត្រៀមឲ្យកំណើតនៃក្បួនលំហាត់គណនាអនុគមន៍ដ៏ទំនើប
។
បុព្វជិតមិនគ្រប់លក្ខណៈ
កេប្ល៉ែរ
បានបង្ហាញឲ្យឃើញនូវទេពកោសល្យគណិតសាស្ត្រតាំងពីលោកនៅវ័យក្មេងម្ល៉េះ ។
តែដោយមកពីឪពុកម្ដាយរបស់លោកក្រពេក មិនអាចឲ្យកូនទៅរៀនបាន
ម្ល៉ោះហើយបង្ខំចិត្តឲ្យលោកត្រូវពឹងផ្អែកលើវិជ្ជាស្ថានពូជសាសន៍
ដើម្បីជួយមើលខុសត្រូវដល់ការរៀនសូត្ររបស់កូន ។
កេប្ល៉ែរត្រូវបានវិជ្ជាស្ថានពូជសាសន៍ឲ្យសិក្សាខាងផ្នែករបស់មហាវិទ្យាល័យទូយប៊ីនហ្គេន
ក្នុងបំណងបណ្ដុំបណ្ដាលឲ្យក្លាយទៅជាបព្វជិត ។ កេប្ល៉ែររៀនយ៉ាងពូកែ ក៏ប៉ុន្តែក្រៅពីការប្រឡងបញ្ចប់ឆ្នាំសិក្សា
គណៈមេប្រយោគបានឯកភាពគ្នាថា លោកមិនគ្រប់លក្ខណៈសម្បត្តិជាបុព្វជិតឡើយ ។
ដោយហេតុផលយ៉ាងសាមញ្ញគឺ កេប្ល៉ែរជក់ចិត្តនឹងការអានសៀវភៅរបស់ នីកូឡា
ប៉ែតនិក (តារាវិទូជនជាតិប៉ូឡូញ ឆ្នាំ១៤៧៣‑១៥៤៣) ដែលនិយាយអំពីការវិលរបស់ភព (តាមទស្សនៈពីបុរាណ
បណ្ដាពិភពដូចជា ព្រះអាទិត្យ ផ្កាយ សុទ្ធសឹងវិលជុំវិញផែនដី)
ឬពីទ្រឹស្ដីបិសាច ដែលបានគូសបញ្ជាក់ថា
ផែនដីធ្វើចលនាវិលជុំវិញព្រះអាទិត្យ ។
ឯតាមធម៌សាសនាគ្រឹះស្ថានបាននិយាយថា ផែនដីជាមណ្ឌលនៃពិភពលោក ។
សាស្ត្រាចារ្យម្នាក់ដ៏ពូកែ ក៏ប៉ុន្តែគ្មានការធ្វើ
បន្ទាប់ពីការប្រឡងជាប់កម្មសិក្សានៅមហាវិទ្យាល័យ
កេប្ល៉ែរត្រូវបានចាត់ឲ្យធ្វើជាសាស្ត្រាចារ្យនៅវិទ្យាល័យក្រាស
(ប៉ែកខាងត្បូងអូទ្រីស) ។ ទាំងសិស្សទាំងមជ្ឈដ្ឋានគ្រូបង្រៀននៅមហាវិទ្យាល័យនេះទុកចិត្ត
និងស្រលាញ់រាប់អានលោកសាស្ត្រាចារ្យវ័យក្មេងកេប្ល៉ែរណាស់ ។ លោកកេប្ល៉ែរ
ថ្វីបើមានរាងស្គមទន់ខ្សោយ ក៏ប៉ុន្តែគាត់មានស្មារតីព្យាយាម
និងខ្លាំងពូកែណាស់ ។ គ្រប់តែមេរៀនបង្រៀនរបស់លោក គឺច្បាស់លាស់
ព្រោះថាលោកចូលចិត្តរៀនសូត្រ និងចូលចិត្តស្រាវជ្រាវវិទ្យាសាស្ត្រណាស់ ។
ក្នុងរយៈពេលតែ៤ឆ្នាំដែលបំពេញការងារនៅក្រាស
កេប្ល៉ែរបានប្រកាសនូវស្នាដៃធំៗ ដូចជា សៀវភៅប្រវត្តិសាស្ត្រឆ្នាំ១៥៩៤
ក្នុងនោះមានទាំងផ្នែកស្ទង់មើលកម្រិតសីតុណ្ហភាព និងសៀវភៅប្រជុំវិញ្ញាសាស្រាវជ្រាវពីលំហអវកាស
(១៥៩៧) ។ ក៏ប៉ុន្តែ រហូតមកដល់ឆ្នាំ១៥៩៩
ពុំមានសាលាណាមួយនៅក្រាសហ៊ានអញ្ជើញលោកគ្រូកេប្ល៉ែរមកបង្រៀនទៀតឡើយ ។
ក្នុងការប្រជែងដណ្ដើមគ្នារវាងបក្សសាសនាចាស់ និងបក្សសាសនាថ្មី
កេប្ល៉ែរត្រូវគេមន្ទិលសង្ស័យថាចូលរួមក្នុងសកម្មភាពប្រឆាំងនឹងសមាគមសាសនាក្រាស
។ លោកសាស្ត្រាចារ្យដ៏ពូកែនោះត្រូវបាត់បង់ការងារធ្វើ
ហើយទទួលរងនូវការគំរាមកំហែងទៀតផង ។
លោកបង្ខំចិត្តត្រូវនាំគ្រួសាររត់គេចខ្លួន ។
គ្រូទស្សន៍ទាយដោយបង្ខំចិត្ត
ចាប់ពីឆ្នាំ១៦០១
កេប្ល៉ែរត្រូវបានព្រះមហាក្សត្រអូទ្រីស
តែងតាំងឲ្យធ្វើជាអ្នកគណិតសាស្ត្ររបស់ព្រះរាជា
ទទួលបន្ទុកស្ថានីយតារាសាស្ត្រប្រាក (ប្រទេសអូទ្រីសនៅសតវត្សទី១៧
រួមមានទាំងប្រទេសឆេកូស្លូវ៉ាគី) ។ អ្នកគណិតសាស្ត្ររូបនេះ
អាចធ្វើការតាមចំណង់ចិត្ត
ក៏ប៉ុន្តែបែរជាត្រូវខ្វះខាតលក្ខណៈដ៏សំខាន់មួយគឺព្រះរាជាពុំមានប្រាក់សម្រាប់បៀវត្សឲ្យកេប្ល៉ែរឡើយ
ព្រោះសង្គ្រាមដែលអូសបន្លាយជាមួយបណ្ដាប្រទេសនានាបានបង្ហិនបង្រីងសម្ងួតថវិការបស់ប្រទេសព្រះអង្គទៅហើយ
។ ពីរបីឆ្នាំជាប់គ្នា កេប្ល៉ែរមិនទទួលបានបៀវត្សមួយកាក់មួយសេនណាទាំងអស់
។ ដើម្បីអាចនឹងរស់បន្តដង្ហើម បន្តការស្រាវជ្រាវវិទ្យាសាស្ត្រ
កេប្ល៉ែរបង្ខំចិត្តត្រូវធ្វើជាគ្រូទស្សន៍ទាយជោគតារាឲ្យអស់លោកនាម៉ឺនមន្ត្រីក្នុងព្រះរាជវង្ស
(សម័យនោះគេជឿថា វាសនារបស់មនុស្សម្នាក់ៗសុទ្ធសឹងមានទាក់ទងដល់ចលនារបស់ផ្កាយទាំងឡាយនៅលើមេឃ
។
ក្បួនជោគតារាគឺជាក្បួនសម្រាប់ទស្សន៍ទាយវាសនារបស់មនុស្សតាមផ្កាយលើមេឃ)
។ កេប្ល៉ែរបានកត់សម្គាល់ដោយភាពល្វីងជូរចត់ថា «ក្បួនជោគតារាដ៏ផ្ដេសផ្ដាសនោះ បានចិញ្ចឹមបំប៉ននូវបណ្ដាស្នាដៃវិទ្យាសាស្ត្រដ៏បរិសុទ្ធរបស់ខ្ញុំ»
។
បរិមាណកិច្ចការដ៏ធំសម្បើម
ច្បាប់កេប្ល៉ែរថ្លែងយ៉ាងសាមញ្ញថា ៖
- ពិភពលោកទាំងអស់សុទ្ធសឹងធ្វើចលនាវិលជុំវិញព្រះអាទិត្យ
តាមគោលចររាងអេលីបដែលមានព្រះអាទិត្យជាចំណុចមួយក្នុងចំណុចរួមពីរ ។
- បណ្ដាផ្ទៃក្រឡាដែលបង្កឡើងដោយកាំវិកទ័ររបស់ពិភពនីមួយៗសមាមាត្រជាមួយនឹងថេរៈវេលាចលនារបស់វា
។
- ការរេរបស់ថេរៈវេលាវិលនៃពិភពជុំវិញព្រះអាទិត្យសមាមាត្រជាមួយគីបនៃចម្ងាយមធ្យមរបស់វាទៅកាន់ព្រះអាទិត្យ
។
មនុស្សតិចណាស់ដែលបានដឹងថា
ឃ្លាអក្សរដ៏ខ្លីនេះគឺជាលទ្ធផលនៃបរិមាណការងារដ៏ធំធេង ។
ច្បាប់២ដំបូង
ដែលកេប្ល៉ែរបានរកឃើញក្រោយពីការធ្វើពលីកម្ម៥ឆ្នាំយ៉ាងតានតឹង
ដោយត្រូវធ្វើលេខរាប់លានតួដែលកត់ត្រាបានពីតារាសាស្ត្ររបស់តារាវិទូ
ទីខូប្រាហេ (តារាវិទូជាតិដាណឺម៉ាក ១៥៤៦‑១៦០១) បន្សល់ទុកមក ។ ចំណែកច្បាប់ទី៣
លោកត្រូវចំណាយពលីកម្មចំនួន៩ឆ្នាំយ៉ាងនឿយហត់
គឺថាលោកកេប្ល៉ែរត្រូវធ្វើការសង្កេតមើលបណ្ដើរ
កត់ត្រាតួលេខតារាសាស្ត្របណ្ដើរ ដោយត្រូវកែសម្រួល និងគិតលេខបណ្ដើរ ។
ពេលឆ្លងកាត់លើវាសនាអភ័ព្វ
កេប្ល៉ែរកើតមក
ហាក់ទុកខ្លួនលោកសម្រាប់រងទទួលនូវការសាកល្បងនឹងពេលវេលា ។
វាសនាអភ័ព្វតែងតែសង្កត់ធ្ងន់មកលើស្មាទាំងគូរបស់លោក ។ ប្រពន្ធស្លាប់
កូនស្លាប់ ម្ដាយត្រូវជាប់គុកដោយការចោទប្រកាន់ថាធ្វើធ្មប់ ។
កេប្ល៉ែរត្រូវរស់យ៉ាងវេទនាដើម្បីរំដោះជីវិតម្ដាយពីទុក្ខទោស
ហើយខ្លួនលោកក៏តែងតែត្រូវរងទទួលនូវការចោទប្រកាន់ថា
ធ្វើការផ្សព្វផ្សាយនូវទ្រស្ដីបិសាចរបស់កូប៉ែកនិក ។
ក៏ប៉ុន្តែកេប្ល៉ែរបានពុះពារឆ្លងកាត់គ្រប់ការលំបាក គ្រប់ឧបសគ្គដោយក្លាហានអង់អាច
។ ច្បាប់ទី៣របស់កេប្ល៉ែរដែលបានរកឃើញក្នុងអំឡុងពេល១១ឆ្នាំ
គឺជាពេលដែលគ្រួសាររបស់លោកត្រូវជួបវាសនាអាក្រក់ខ្លាំងក្លាបំផុត ។
កេប្ល៉ែរបានដកដង្ហើមចុងក្រោយបំផុតក្នុងដំណើរដោយរទេះសេះមួយពីទីក្រុងលីន្ស
ទៅកាន់រេហ្គេន្សប៊ួ ។ ក្នុងហោប៉ៅរបស់លោកនៅពេលនោះ មានប្រាក់តែ២២អេវី
ជិតស្មើនឹងមួយកាក់ ក៏ប៉ុន្តែបណ្ដាលឲ្យលោកពោរពេញដោយមោទនភាពៈ «ខ្លួនខ្ញុំជិតបានវាស់ដីហើយ
ក៏ប៉ុន្តែខ្ញុំធ្លាប់បានវាស់ផ្ទៃមេឃរួចហើយដែរ !
រូបកាយខ្ញុំជិតនឹងបានកប់បាត់ក្នុងជម្រៅដីដ៏ត្រជាក់
ក៏ប៉ុន្តែព្រលឹងរបស់ខ្ញុំធ្លាប់បានហោះហើរសព្វផ្ទៃមេឃ» ។
រស់នៅដោយក្ដីសង្ឃឹម
ដោយម្ដាយត្រូវរងនូវការចោទប្រកាន់ថាជាយាយធ្មប់
ហើយសាមីខ្លួនលោកកេប្ល៉ែរក៏ជាអ្នកធ្លាប់ពង្រីកនូវទ្រឹស្ដីកេប្ល៉ែរនិក នៅឆ្នាំ១៦២៦
ពួកអ្នកវង្វេងសាសនានៅលីន្ស បានសម្រុកចូលវាយកម្ទេចផ្ទះលោក
ហើយគំរាមកំហែងធ្វើបាបដល់អ្នកប្រាជ្ញរូបនេះទៀតផង ។
មិត្តភក្ដិជាច្រើនរូបបានតឿនឲ្យកេប្ល៉ែរភៀសខ្លួនទៅនៅអ៊ីតាលី
។ គេបានអះអាងថា ទេពកោសល្យរបស់លោកនឹងបានគេប្រើប្រាស់
បើលោកយល់ព្រមប្រកាសចោលទ្រឹស្ដីកូប៉ែកនិក ។
កេប្ល៉ែរប្រកែកដាច់អហង្ការចំពោះយោបល់ទាំងនេះ
ទុកជាជីវភាពគ្រួសាររបស់លោកនៅពេលនោះទីទ័លក្រយ៉ាងខ្លាំងក្ដី ។
គេបានព្រួយបារម្ភជួសលោក មិនដឹងតើលោកនឹងរស់នៅដោយរបៀបណា តែកេប្ល៉ែរបាននិយាយដោយមោទនៈថា
«ខ្ញុំនឹងរស់នៅដោយក្ដីសង្ឃឹមជានិច្ច !» ៕
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ ចងក្រងដោយ
ចាន់ សុខហេង