ជីវិត និង​ស្នាដៃ​របស់ អ៊ីវ៉ាន់ វ្លាឌីមៀរូវីច មីតស៊ូរីន

 អ៊ីវ៉ាន់ វ្លាឌីមៀរូវីច មីតស៊ូរីន ជា​អ្នក​កែ​លម្អ​ធម្មជាតិវិទ្យា​ដ៏​មហិមា​របស់​រុស្សី ។ លោក​បាន​បើក​ចេញ​នូវ​តំណាក់​កាល​ថ្មី​ក្នុង​បុព្វហេតុ​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ​និពន្ធ​របស់​ដាកវីន ។ លោក​ជា​កូន​របស់​ត្រកូល​អ្នក​មធ្យម​នៅ​តំបន់ រីយ៉ាហង្ស ដែល​តាំង​ពី​វ័យ​កុមារ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទេពកោសល្យ​ខាង​ធម្មជាតិវិទ្យា ។ តាំង​ពី​ឆ្នាំ​១៨៧៥ មក ក្នុង​ពេល​ធ្វើ​ជា​បុគ្គលិក​នៅ​ស្ថានីយ៍​រថភ្លើង មីតស៊ូរីន​ចាប់​ផ្ដើម​រៀបចំ​ធ្វើ​ការ​ពិសោធន៍​ជ្រើសរើស​ពូជ​រុក្ខជាតិ​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន 

អ៊ីវ៉ាន់ វ្លាឌីមៀរូវីច មីតស៊ូរីន (Ivan Vladimirovich Mitchourine, 1855-1935)

ក្នុង​ចន្លោះ​ឆ្នាំ​១៨៩០ ដល់ ១៩១០ លោក​បាន​សម្រេច​ជោគជ័យ​នូវ​ស្នាដៃ​ជាច្រើន​ស្ដីពី​ការ​ជ្រើសរើស​ពូជ ការ​សម្រប​នឹង​អាកាសធាតុ ការ​បង្កាត់​ពូជ​ថ្មី ហើយ​បាន​និពន្ធ​វណ្ណកម្ម​ដ៏​មាន​តម្លៃ​មួយ​ចំនួន​ទៀត 


ក្រោយ​បដិវត្តន៍​ខែ​តុលា ការ​ស្រាវជ្រាវ​របស់​មីតស៊ូរីន​ត្រូវ​បាន​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត ហើយ​វិទ្យាស្ថាន​ធំ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​លោក 


អ្នកប្រាជ្ញ​យើង​បាន​ទទួល​ឥស្សរិយយស​លេនីន និង​ឥស្សរិយយស​ទង់ជ័យ​ក្រហម ដោយ​មាន​ស្នាដៃ​ធំ​ធេង​របស់​ខ្លួន​ចំពោះ​ប្រទេស​ជាតិ 


ថ្ងៃ​មួយ​ឪពុក​របស់​មីតស៊ូរីន បាន​មក​ពី​ដើរ​លេង​ស្រុក​ឆ្ងាយ ។ គាត់​បាន​ឲ្យ​ដល់​កូនៗ​នូវ​ផ្លែ​ប៉ោម​ទុំ​យ៉ាង​ធំៗ​ឡើង​ពណ៌​លឿង​ឆ្អៅ ។ គ្រួសារ​ទាំង​មូល​បាន​រោម​ជុំ​វិញ​លោក ម្នាក់ៗ​រើស​ផ្លែ​ប៉ោម​មួយ ។ ដោយ​ឡែក មីតស៊ូរីន​ដែល​មាន​អាយុ​ទើប​តែ​១០​ឆ្នាំ បែរ​ជា​មិន​អើពើ​សោះ ។ កុមារា​ចេះ​តែ​តាម​មើល ហើយ​ឲ្យ​តែ​ឃើញ​គេ​គ្រវាត់​ចោល​គ្រាប់​នៅ​កន្លែង​ណា​ក៏​ដើរ​រើស​យក​មក​ទុក 


បងស្រី​ឃើញ​ដូច្នោះ ក៏​និយាយ​លេង​ថា «អូនែ៎ អ៊ីវ៉ាន់ ចូលចិត្ត​គ្រាប់​វា​ជាង​ផ្លែ​ទៅ​ទៀត​ឬ ?» ។ កុមារ​ឆ្លើយ​តប​វិញ​យ៉ាង​ធម្មតា «បាទ ! ពីព្រោះ​វា​មាន​គ្រាប់​ទើប​វា​មាន​ផ្លែ​ច្រើន​យ៉ាង​នេះ» 


កុមារ​យើង​បាន​យក​គ្រាប់​ផ្លែ​ប៉ោម​ទាំង​នោះ​ទៅ​បណ្ដុះ​នៅ​ជ្រុង​ចម្ការ ហើយ​តាម​មើល​ថែទាំ​វា​ជា​រៀង​រាល់​ថ្ងៃ ។ មិន​យូរ​ប៉ុន្មាន គ្រាប់​ក៏​ដុះ​លូត​លាស់​ក្លាយ​ជា​កូន​ដើម​ប៉ោម​យ៉ាង​ល្អ ។ ប្រការ​នេះ​ហើយ​ដែល​ជា​ពន្លក​នៃ​បណ្ដា​ស្នាដៃ​ច្នៃប្រឌិត​របស់​មីតស៊ូរីន​នា​ពេល​អនាគត 


ជន​ជាប់​ពិរុទ្ធ​ដោយ​អំពើ​បំផ្លាញ​មួយ

ជីតា​របស់​មីតស៊ូរីន​ជា​ក្សេត្រវិទូ​មួយ​រូប ។ នៅ​ក្នុង​ចម្ការ​របស់​គាត់​នៅ រីយ៉ាហ្សង់ មាន​ឈើ​ហូប​ផ្លែ​ប្លែកៗ និង​មាន​ដើម​ឈើ​ជា​ច្រើន 


ថ្ងៃ​មួយ ពេល​ចេញ​ទៅ​មើល​ចម្ការ គាត់​ខឹង​ច្រឡោត​យ៉ាង​ខ្លាំង​ដោយ​ឃើញ​មែក​ឈើ​មួយ​ចំនួន​ត្រូវ​កាច់​កំបុត ។ លោក​តា​ក៏​ទៅ​ហៅ​មីតស៊ូរីន​មក​បន្ទោស «ហេតុ​អ្វី​បាន​ជា​ចៅ​ឯង​មក​លេង​បំផ្លាញ​កូន​ឈើ​យ៉ាង​នេះ ?» «ចៅ​… ចង់​ធ្វើ​ពិសោធន៍​បង្កាត់​ពូជ​…» ។ តាម​ពិត គឺ​កុមារ​បាន​កាត់​មែក​ឈើ​ទាំង​នោះ​ដើម្បី​រៀន​ផ្សាំ 


ដោយ​ឃើញ​ចៅ​របស់​ខ្លួន​ដូច​ជា​ចូលចិត្ត​ការងារ​ចម្ការ លោកតា​ក៏​បាន​ណែនាំ​ឲ្យ​មីតស៊ូរីន​ចេះ​របៀប​ផ្សាំ​មែកឈើ 


នៅ​ថ្ងៃ​ក្រោយ​មក ពេល​បាន​ក្លាយ​ទៅ​ជា​អ្នកប្រាជ្ញ​ហើយ មីតស៊ូរីន​នៅ​តែ​និយាយ​ថា «ជីវិត​ធ្វើ​សកម្មភាព​វិទ្យាសាស្ត្រ​របស់​ខ្ញុំ ចាប់​ផ្ដើម​ពី​ចម្ការ​របស់​ជីតា​ខ្ញុំ​…» 


ជាង​អគ្គិសនី​ដោយ​បង្ខំ​ចិត្ត

ឈាន​ចូល​ក្នុង​ឆាក​ជីវិត មីតស៊ូរីន​មាន​ឋានៈ​ត្រឹមតែ​ជា​បុគ្គលិក​ធម្មតា​នៅ​ស្ថានីយ៍​កូហ្សីឡូហ្វ ។ ប្រាក់​ខែ​ដែល​លោក​បាន​ទទួល​ស្ដួចស្ដើង មិន​គ្រប់​ឲ្យ​លោក​ទិញ​នូវ​ឧបករណ៍​ធ្វើ​ចម្ការ​ផង ។ មីតស៊ូរីន​ត្រូវ​រក​គ្រប់​មធ្យោបាយ​ដើម្បី​រក​ប្រាក់​បន្ថែម​ដោយ​វិធី​ទទួល​ជួសជុល​ឧបករណ៍​អគ្គិសនី និង​គ្រឿង​ម៉ាស៊ីន​មួយ​ចំនួន ។ ជាង​អគ្គិសនី​ដោយ​បង្ខំ​ចិត្ត ធ្លាប់​ធ្វើការ​រហូត​ដល់​យប់​ជ្រៅ​ក្នុង​បន្ទប់​ដេក​ដ៏​ចង្អៀត​របស់​ខ្លួន​ដើម្បី​បាន​ប្រាក់​យក​ទៅ​ផ្គត់ផ្គង់​ការ​ចំណាយ​សម្រាប់​បណ្ដុះ​ពូជ​របស់​លោក 


នៅ​ពេល​នោះ មាន​មនុស្ស​ងឿង​ឆ្ងល់​ចំពោះ​ស្នាដៃ​ស្រាវជ្រាវ​ពូជ​រុក្ខជាតិ​របស់​លោក ហើយ​សួរ​លោក​ថា «បង​ឯង​រក​បាន​មក​ពី​ណា​ពូជ​ល្អ​កម្រ​មាន​ទាំង​នេះ ?» ។ មីតស៊ូរីន​សើច ហើយ​និយាយ​លេង​ថា «នោះ​ជា​លទ្ធផល​នៃ​អំពែរ និង​វ៉ាត់​ហ្នឹង​ឯង» (ឯកតា​វាស់​ថាមពល​អគ្គិសនី ។ គំនិត​នេះ​ចង់​និយាយ​ថា ដោយសារ​មាន​ប្រាក់​ពី​ការ​ជួសជុល​ឧបករណ៍​អគ្គិសនី ទើប​លោក​បង្កើត​បាន​ចម្ការ​ល្អ​ដូច​នេះ


អាថ៌កំបាំង​របស់​ដងព្រៃ​ខូរីយូស

ដោយ​ធ្វើការ​ហួស​កម្លាំង នៅ​ឆ្នាំ​១៨៨០ មីតស៊ូរីន ត្រូវ​បាន​ជំងឺ​រាតត្បាត​យ៉ាង​ធ្ងន់ធ្ងរ ។ គ្រូពេទ្យ​បញ្ជា​លោក​ឲ្យ​ឈប់​ធ្វើការងារ ហើយ​ត្រូវ​ទៅ​សម្រាក​បំប៉ន​សុខភាព​នៅ​តំបន់​ព្រៃ​ខូរីយូស​ដែល​នៅ​ឆ្ងាយ​ពី​ទីក្រុង 


ក្នុង​រយៈពេល​ស្នាក់​សម្រាក​នៅ​ទី​នេះ ក្រោម​ពាក្យ​ថា «សម្រាក​ការងារ» តែ​ការ​ពិត មីតស៊ូរីន​មិន​បាន​ទុក​ចោល​នូវ​ឱកាស​ដ៏​ល្អ​នេះ​ទេ លោក​ធ្វើការ​តាមដាន​មើល​ពិភព​រុក្ខជាតិ និង​ស្រាវជ្រាវ​ប្រមូល​ទុក​នូវ​របស់​គំរូៗ ហេតុ​នេះ លោក​ប្រមូល​ទុក​យ៉ាង​ច្រើន​បង្គួរ​នូវ​ឯកសារ​ជាក់​ស្ដែង ដែល​នៅ​ថ្ងៃ​ក្រោយ​មក វា​ជា​ទុន​ក្នុង​ការ​បង្កើត​បាន​ជា​ស្នាដៃ​ច្នៃប្រឌិត​ធំៗ ។ ថ្ងៃ​ក្រោយ​មក​ទៀត ពេល​រឭក​ពី​រឿង​នេះ​ឡើង​វិញ មីតស៊ូរីន​នៅ​តែ​និយាយ​របៀប​កំប្លែង​ថា «ប្រការ​អាថ៌កំបាំង​នៅ​ក្នុង​តំបន់​ព្រៃ​ខូរីយូស» 


ទ្រព្យសម្បត្តិ​របស់​ជាតិ

ក្នុង​អំឡុង ៣០​ឆ្នាំ ធ្វើការ​ក្រោម​អំណាច​ស្ដេច​ត្យារ មីតស៊ូរីន​មិន​ដែល​ទទួល​បាន​នូវ​ការ​ជួយ​ឧបត្ថម្ភ​តិចតួច​ណា​ឡើយ ទាំង​ស្មារតី ទាំង​សម្ភារៈ ។ ក្នុង​ពេល​នោះ ក្រសួង​កសិកម្ម​ត្រូវ​ចំណាយ​ប្រាក់​ក្នុង​មួយ​ឆ្នាំៗ​យ៉ាង​ច្រើន សម្រាប់​ទិញ​ពូជ​រុក្ខជាតិ​ពី​ប្រទេស​ក្រៅ 


ស្ថិត​ក្នុង​ស្ថានភាព​នេះ មីតស៊ូរីន ត្រូវ​តែ​ត្អូញត្អែរ «វា​ពិត​ជា​ល្ងង់ខ្លៅ​ណាស់ បើ​ចេះ​តែ​នឹក​ថា អ្វីៗ​ទាំងអស់​របស់​ប្រទេស​ក្រៅ​សុទ្ធ​តែ​ល្អ​លើស​ប្រទេស​យើង ។ វា​ច្បាស់​ណាស់​ថា ដើម​ឈើ​របស់​គេ គេ​ដាំ​ក្នុង​លក្ខខណ្ឌ​អាកាសធាតុ និង​បច្ចេកទេស​របស់​គេ ហើយ​វា​មិន​អាច​សមស្រប​នឹង​លក្ខណៈ​សម្បត្តិ​របស់​ប្រទេស​យើង​ឡើយ ។ ចាំបាច់​ត្រូវ​តែ​ពង្រីក​លទ្ធភាព​សក្ដានុពល​របស់​យើង ហើយ​លទ្ធភាព​នេះ​មិន​មែន​តូច​ឡើយ» 


ប្រការ​ផ្ទុយ​ស្រឡះ​ពី​គ្នា​មួយ គឺ​នៅ​ពេល​ដែល​ជនជាតិ​រុស្សី​បញ្ចេញ​អាកប្បកិរិយា​មើល​ងាយ មើល​ស្រាល​ស្នាដៃ​ច្នៃប្រឌិត​របស់​មីតស៊ូរីន​នោះ បណ្ដា​ប្រទេស​ក្រៅ គេ​បែរ​ជា​យក​ចិត្ត​ទុក​ដាក់​ទៅ​វិញ 


ឆ្នាំ​១៩១២ ពូជ​ថ្មី​ជា​ច្រើន​ដែល​មីតស៊ូរីន​រក​ឃើញ​ត្រូវ​គេ​លួច​យក​ទៅ​អាមេរិក ហើយ​ដាក់​ឈ្មោះ​អាមេរិក​ទៀត​ផង ។ ក្រសួង​កសិកម្ម​អាមេរិក​បាន​ចាត់​មនុស្ស​មក​ដល់​ប្រទេស​រុស្សី​ឲ្យ​ជួប​មីតស៊ូរីន ដើម្បី​ស្នើ​ទិញ​ពូជ​ថ្មីៗ​ដោយ​តម្លៃ​យ៉ាង​ខ្ពស់ ។ ពេល​នោះ មីតស៊ូរីន​កំពុង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​លើ​បញ្ហា​ប្រាក់​កាស តែ​អ្នក​ប្រាជ្ញ​យើង​ប្ដូរ​ផ្ដាច់​មិន​យល់​ព្រម​លក់​ពូជ​ទាំង​នោះ​ទេ «មិន​បាន​ទេ នោះ​ជា​ទ្រព្យ​សម្បត្តិ​របស់​ជាតិ មិន​មែន​ជា​កម្មសិទ្ធិ​បុគ្គល​ខ្ញុំ​ទេ» 


ក្រោយ​ពី​បដិវត្តន៍​បាន​ទទួល​ជោគជ័យ មីតស៊ូរីន បាន​ប្រគល់​ទាំង​ចម្ការ​បណ្ដុះ​ពូជ​ ទាំង​ស្នាដៃ​របស់​ខ្លួន​ឲ្យ​រដ្ឋាភិបាល​សូវៀត​គ្រប់គ្រង 


សាលារៀន​របស់​ដើមឈើ

មាន​ម្ដង​នោះ មាន​គេ​យក​មក​ឲ្យ​មីតស៊ូរីន​នូវ​ពូជ​ប៉ោម​ដ៏​ឆ្ងាញ់ ហើយ​និយាយ​ថា «ត្រូវ​ដាំ​វា​នៅ​ក្នុង​ផ្ទះកញ្ចក់ ។ ពូជ​ប៉ោម​អភិជន​នេះ មិន​អាច​ទ្រាំ​បាន​នឹង​ខ្យល់​រងា និង​ការ​ប្រែប្រួល​អាកាសធាតុ​ឡើយ» 


មីតស៊ូរីន​និយាយ​លេង​តប​ទៅ​វិញ​ថា «ទុក​ចាំ​មើលៗ ! បើសិន​ជា​វា​មិន​ចេះ​ទ្រាំ​រងា យើង​នឹង​បង្រៀន​ឲ្យ​វា​ទ្រាំ​រងារ» 


លោក​បាន​យក​គ្រាប់​ពូជ​នេះ ទៅ​បណ្ដុះ​នៅ​ចម្ការ​បណ្ដុះ​ដែល​មាន​ចម្ងាយ ៣០០​គម នៅ​ទិស​ខាង​ជើង ។ ពេល​បណ្ដុះ​កូន​បាន​សម្រេច​ហើយ លោក​ក៏​រើស​នូវ​ដើម​ដែល​ពូកែ​ទ្រាំ​រងា​ជាង​គេ យក​ទៅ​ដាំ​នៅ​កន្លែង​ឆ្ងាយ​ជាង​មុន​ទៀត ។ ក្រោយ​រយៈពេល  ទៅ ៣​ឆ្នាំ មីនសូរីន​មាន​ពូជ​ដើម​ប៉ោម​ថ្មី​ទ្រាំ​បាន​រងា​ហើយ ផ្លែ​ក៏​មាន​រសជាតិ​ឆ្ងាញ់​ពិសា ។ លោក​បាន​ផ្ញើ​ផ្លែ​មួយ​ចំនួន​ទៅ​ឲ្យ​ម្ចាស់​ដើម​របស់​វា ព្រមទាំង​សរសេរ​ថា «ឆ្លង​កាត់​សាលារៀន​របស់​យើង​ខ្ញុំ ពូជ​ប៉ោម​អភិជន​របស់​លោក​បាន​ប្រែក្លាយ​ជា​ពូជ​មាន​មារយាទ​ធម្មតា​វិញ​ហើយ» 


ព្រះអាទិត្យ​មិន​លិច​នៅ​លើ​ចម្ការ​ដើម​ឈើ​ទេ

ចាប់​ពី​ឆ្នាំ​១៩២១ ដល់ ១៩៣៥ ជំរុំ​ពិសោធន៍​ស្រាវជ្រាវ​ពូជពង្ស និង​ជ្រើសរើស​ពូជ​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​មីតស៊ូរីន បាន​ផលិត​ដើម​ឈើ​ជាង​មួយ​លាន​ដើម ដែល​មាន​គ្រាប់​ពូជ​ថ្មីៗ​ផ្គត់ផ្គង់​ឲ្យ​ទូទាំង​សហភាព​សូវៀត ។ បន្ទាប់​មក រុក្ខជាតិ​របស់​មីតស៊ូរីន​នៅ​ចេញ​ផុត​ពី​ព្រំដែន​សូវៀត​ទៅ​ដល់​អឺរ៉ុប​កណ្ដាល និង​ប្រទេស​មួយ​ចំនួន​ទៀត​ផង 


ក្នុង​សន្និបាត​វិទ្យាសាស្ត្រ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០០ ថ្ងៃ​កំណើត​របស់​មីតស៊ូរីន អ្នកប្រាជ្ញ ស៊ីយ៉ាកូឡែហ្វ បាន​ប្រើ​នូវ​រូបភាព​មួយ​ដើម្បី​លើក​សរសើរ​ដល់​ការ​រួម​ចំណែក​របស់​ក្សេត្រវិទូ​ដ៏​មហិមា​នេះ​ថា «ព្រះអាទិត្យ​មិន​លិច​លើ​ចម្ការ​មីតស៊ូរីន​ទេ» 



ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង

 

មុន បន្ទាប់