អ៊ីវ៉ាន់ ប៉េត្រូវិច ប៉ាវឡូវ ជាធម្មជាតិវិទូដ៏មហិមា ជាតិរុស្សី និងជាអ្នកដែលបានបង្កើតចេញនូវវិទ្យាសាស្ត្រនិពន្ធដ៏ល្បីល្បាញអំពីសកម្មភាពរបស់សរសៃប្រសាទកំពូលរបស់មនុស្ស និងសត្វ ។ លោកមានកំណើតក្នុងត្រកូលគ្រួសារដែលមានជំនឿសាសនាមួយនៅតំបន់រីយ៉ាហ្សង់ (Riazan) ។
អ៊ីវ៉ាន់ ប៉េត្រូវិច ប៉ាវឡូវ (Ivan Petrovich Pavlov, 1859-1936)
វ័យកុមារភាពរបស់ប៉ាវឡូវបានផ្សារភ្ជាប់នឹងកាលៈទេសៈដែលកំពុងមានការប្រែប្រួលខាងមនោគមវិជ្ជានៅក្នុងសង្គមរុស្សី ។ ប៉ាវឡូវទទួលឥទ្ធិពលយ៉ាងច្រើនពីទស្សនៈបដិវត្តរបស់ បេលីនស្គី ស៊ែកណីសេហ្វស្គី ។
ក្រោយពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យនាឆ្នាំ១៩៧៥ លោកបានចាប់ផ្ដើមធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងបន្ទប់ពិសោធន៍របស់លោក អ៊ូសទីម៉ូវិច ហើយមកដល់ឆ្នាំ១៨៨៣ លោកដណ្ដើមបានតួនាទីជាបណ្ឌិតវេជ្ជសាស្ត្រ ។ ចាប់ពីឆ្នាំ១៨៩១ ប៉ាវឡូវចាប់ដំណើរដឹកនាំការស្រាវជ្រាវវិទ្យាសាស្ត្រនៅវិទ្យាស្ថានវេជ្ជសាស្ត្រស្រាវជ្រាវអនុវត្ត
ហើយក្នុងអំឡុង៤៥ឆ្នាំ នៃការបំពេញកិច្ចការនៅទីនេះ
លោកបានសម្រេចនូវស្នាដៃស្រាវជ្រាវដ៏មានតម្លៃលើពិភពលោក ។
បដិវត្តន៍ខែតុលាបានសម្រេចជោគជ័យ
បានបើកចេញនូវមាគ៌ាដ៏ទូលំទូលាយឲ្យបុព្វហេតុបង្កើតថ្មីរបស់ប៉ាវឡូវ ។ ក្នុងលិខិតផ្ញើជូនយុវជន
អ្នកប្រាជ្ញបានសម្ដែងនូវការដឹងគុណរបស់ខ្លួនចំពោះរដ្ឋអំណាចបដិវត្តន៍
ហើយបានអំពាវនាវឲ្យយុវជនត្រូវតែសកម្មឈានសម្រុកឆ្ពោះទៅកាន់កំពែងវិទ្យាសាស្ត្រ ។
នាឡិកាដ៏ត្រឹមត្រូវឥតខ្ចោះ
ប៉ាវឡូវល្បីឈ្មោះថាជាអ្នកធ្វើការយ៉ាងម៉ឺងម៉ាត់ហ្មត់ចត់ ។ លោកស្អប់បំផុតចរិតបាត់សណ្ដាប់ធ្នាប់ គ្មានរបៀបរៀបរយ
ហើយលោកតឹងតែងបំផុតចំពោះខ្លួនឯង ។
អ្នកដែឡរួមសហការជាមួយលោកបានរៀបរាប់ថា ជារៀងរាល់ថ្ងៃ
គេតែងតែសង្កេតឃើញប៉ាវឡូវមកកាន់ការិយាល័យធ្វើការផ្លាស់សម្លៀកបំពាក់
រួចចូលអង្គុយនៅកន្លែងខ្លួន ដែលអ្វីៗទាំងអស់នេះ
ប្រៀបដូចនឹងសំឡេងជួងដែលឲ្យសញ្ញាថាដល់ម៉ោងធ្វើការហើយ ។
កាលណោះមានមនុស្សម្នាក់បានត្អូញត្អែរជាមួយនឹងស្ត្រីដែលរស់នៅជិតខាងប៉ាវឡូវថានាឡិការបស់គាត់ដើរខុស ។ តែស្ត្រីរូបនេះបានប្រកែកយ៉ាងដាច់ខាតថា «មិនអាចខុសបានទេ ! នាឡិការបស់ខ្ញុំថ្ងៃណាក៏ផ្ទៀងតាមម៉ោងទៅធ្វើការរបស់លោកសាស្ត្រាចារ្យប៉ាវឡូវដែរ ។ ឲ្យតែឃើញលោកសាស្ត្រាចារ្យចេញផុតពីផ្ទះ គឺខ្ញុំដឹងច្បាស់ថា
នៅខ្វះ១០នាទីទៀតដល់ម៉ោងធ្វើការហើយ» ។
ចេះរស់នៅដោយសុភមង្គល
ប៉ាវឡូវជាអ្នកប្រាជ្ញមួយរូបដែលមានគ្រប់លក្ខណៈសម្បត្តិ
និងយល់ដឹងយ៉ាងជ្រៅជ្រះលើគ្រប់វិស័យ ។
លោកស្រលាញ់អក្សរសិល្ប៍ ចូលចិត្តអានប្រលោមលោក
ចូលចិត្តស្រាវជ្រាវប្រមូលផ្ដុំតែបប្រិ ឬគំរូរុក្ខជាតិ ។ ថ្ងៃណាក៏លោកហាត់ប្រាណ និងធ្វើចម្ការដែរ ។
មានម្ដងនោះ មិត្តម្នាក់សួរលោកថា «តើបងឯងស្វែងរកបានពីណាមកនូវទឹកចិត្តសោមនស្សលើគ្រប់កិច្ចការទាំងនេះ ?» ។
ប៉ាវឡូវឆ្លើយតបវិញ «ចំពោះខ្ញុំ
បើបានធ្វើការគឺទទួលបាននូវសុភមង្គលប្រសើរបំផុត ។ មិនថាកិច្ចការណាមួយឡើយ ទោះជាបើកបររថយន្តក្ដី
ឬស្រាវជ្រាវវិទ្យាសាស្ត្រ ឬក៏ភ្ជួរស្រែ
ការងារទាំងអស់នោះសុទ្ធសឹងនាំមកឲ្យមនុស្សនូវការសប្បាយរីករាយ» ។
ក្ដីជឿជាក់ស្ថិតនៅទីណ ?
ឆ្នាំ១៩២៧ ប៉ាវឡូវធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ ។ គេគ្រោងគិតថានឹងអញ្ជើញគ្រូពេទ្យវះកាត់ដ៏ល្បីល្បាញមួយរូបជាតិអាល្លឺម៉ង់
មកវះកាត់ឲ្យលោក ដើម្បីយកគ្រាប់ក្រួសចេញពីប្រមាត់ ។
ឮសូរដំណឹងនេះ ប៉ាវឡូវបានច្រានចោលបំណងប្រាថ្នានេះ
«តើមានតែវេជ្ជបណ្ឌិតអាល្លឺម៉ង់ទេឬទើបចេះវះកាត់ ? ខ្ញុំយល់ថាជនជាតិរុស្សីព្យាបាលរោគជនជាតិរុស្សីគ្នាឯងយ៉ាងណាក៏ប្រសើរជាងជនជាតិអាល្លឺម៉ង់ដែរ» ។
ដោយបានការលើកទឹកចិត្តនោះ
គ្រូពេទ្យវះកាត់ជាតិរុស្សី លោក ម៉ាទីណូវ
បានដំណើរការវះកាត់គ្រាប់ក្រួសពីប្រមាត់ដ៏ស្មុគស្មាញនេះយ៉ាងអង់អាច
ហើយយកគ្រាប់ក្រួសចេញពីប្រមាត់ប្រកបដោយជោគជ័យ ។
វិទ្យាសាស្ត្រត្រូវការអ្វីខ្លះពីមនុស្ស ?
ប៉ាវឡូវជាមនុស្សរស់នៅយ៉ាងសាមញ្ញ ។ លោកមិនជក់បារី មិនពិសាស្រា
មិនចូលចិត្តការលេងកំសាន្តអ៊ូអរឡើយ ។
ក្នុងលិខិតមួយច្បាប់ផ្ញើដល់យុវជនរុស្សី
ប៉ាវឡូវបានបង្ហាញឲ្យឃើញនូវការពិចារណាដ៏ស្មោះត្រង់របស់ខ្លួនថា «វិទ្យាសាស្ត្រត្រូវការពីមនុស្សយើងនូវឆាកជីវិតទាំងមូល ។ ទោះជាបណ្ដាមិត្តយើងមានជីវិតដល់ទៅពីរដង
ក៏នៅតែមិនទាន់គ្រប់ដដែល ។
ចូរផ្ដល់ឲ្យវិទ្យាសាស្ត្រនូវកម្លាំងបញ្ញា
និងទឹកចិត្តស្រលាញ់ទាំងអស់របស់យុវវ័យ ។ ពេលនោះ
មិត្តប្រាកដជានឹងមិនត្រូវសោកស្ដាយពីរយៈពេលដែលកន្លងមកនោះឡើយ» ។
ត្រូវតែមានស្មារតីប្រុងប្រយ័ត្នខ្ពស់
ប៉ាវឡូវមានទម្លាប់ធ្វើការយ៉ាងហ្មត់ចត់ ។
បណ្ដាការពិសោធន៍នានារបស់លោកត្រូវបានធ្វើសាចុះសាឡើងជាច្រើនលើកលើពួកសត្វមុននឹងចាប់អនុវត្តលើខ្លួនមនុស្ស ។
លោកតែងតែនិយាយជាមួយសិស្សរបស់ខ្លួនថា «ធ្វើពិសោធន៍កាន់តែបានគ្រប់គ្រាន់
កាន់តែបន្ថយបាននូវផលវិបាកដ៏អាក្រក់ដែលអាចកើតឡើងចំពោះអ្នកជំងឺរបស់យើង ។ ចូរនឹកថា រាល់កិច្ចការរបស់យើងសុទ្ធសឹងទាក់ទងនឹងជីវិត
និងមរណភាពរបស់មនុស្ស ហេតុនេះត្រូវតែមានស្មារតីប្រុងប្រយ័ត្នខ្ពស់» ។
របស់បង ឬរបស់ខ្ញុំ
ក្នុងកិច្ចការស្រាវជ្រាវវិទ្យាសាស្ត្រ
ប៉ាវឡូវដែងសង្កត់ធ្ងន់ដល់ចរិតសមូហភាព ។
មានម្ដងនោះ
គេបានស្នើលោកឲ្យជួយមតិក្នុងការវាយតម្លៃលើការរួមចំណែករបស់ជនគ្រប់រូបក្នុងស្នាដៃមួយដើម្បីធ្វើការសរសើរជូនរង្វាន់ ។ ប៉ាវឡូវបានបង្ហាញការមិនពេញចិត្ត ហើយនិយាយថា «ក្នុងកិច្ចការរបស់យើង យើងកុំដាក់បញ្ហាប្រកាន់ថា
ចំណែកនេះជារបស់ខ្ញុំតែម្នាក់ ឬចំណែកនោះជារបស់បងឲ្យសោះ ។ ធាតុពិតគឺអាស្រ័យដោយសារតែការប្រឹងប្រែងរួមទាំងអស់គ្នា
ទើបយើងអាចសម្រេចលទ្ធផលនេះ» ។
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ
ចងក្រងដោយ ចាន់ សុខហេង