ប្លេស ប៉ាស្កាល់ ជាអ្នកប្រាជ្ញលើច្រើនវិស័យ និងរួមចំណែកយ៉ាងធំធេងក្នុងវិទ្យាសាស្ត្រ ។ លោកចាប់បដិសន្ធិក្នុងត្រកូលបញ្ញវន្ត ។ បរិយាកាសវិទ្យាសាស្ត្របានជំរុញដល់ការពង្រីកនូវទេពកោសល្យរបស់លោកតាំងពីនៅវ័យកុមារម៉្លេះ ។ អាយុបាន១០ឆ្នាំ កុមារប៉ាស្កាល់ចេះធ្វើការកត់សម្គាល់ពីការរាលឆ្លងសូរសព្ទ ហើយបានសរសេរនិក្ខេបបទខ្លីអំពីក្រឹត្យក្រមរាលឆ្លងសូរសព្ទទៀតផង ។ វ័យបាន២០ឆ្នាំ ប៉ាស្កាល់ចាប់ផ្ដើមបង្កើតស្នាដៃថ្មីយ៉ាងឆ្នើមលើគណិតសាស្ត្រ និងរូបវិទ្យា ។
ប្លេស ប៉ាស្កាល់ (Blaise Pascal, 1623-1662)
លោកជាអ្នកបង្កើតចេញនូវវិធីផ្ទៃមុខរាបកូនីក
ច្បាប់ទឹកនឹងថ្កល់ និងការសន្និដ្ឋានពីការស្ថិតស្ថេរនៃសម្ពាធបរិយាកាស ។ លោកក៏ជាបិតាបង្កើតបណ្ដាម៉ាស៊ីនគិតលេខ ហើយបានច្នៃប្រឌិតបង្កើតម៉ាស៊ីនគិតលេខចំនួន៥០ ដែលមានម៉ូតខុសប្លែកៗពីគ្នា ។
មិនតែប៉ុណ្ណោះ ប៉ាស្កាល់ក៏ជាទស្សនវិទូមួយរូបដែលមានទស្សនៈនយោបាយ
និងសង្គមជឿនលឿន ។ វណ្ណកម្ម «លិខិតផ្ញើចំពោះមិត្ត» របស់លោកត្រូវបានវាយតម្លៃថា ជាវណ្ណកម្មសិល្បៈអក្សរសិល្ប៍ដ៏ឆ្នើមរបស់បារាំង ។
រូបកង់រថយន្ត និងរូបជ្រុងទ្រវែង
នៅរាល់ពេលល្ងាចក្នុងបន្ទប់ទទួលភ្ញៀវរបស់អ្នកគណិតសាស្ត្រ អេជៀង ប៉ាស្កាល់ (ឪពុករបស់ ប្លេស
ប៉ាស្កាល់) ច្រើនតែមានឥស្សរជនដ៏ល្បីៗឈ្មោះនៅទីក្រុងប៉ារីសមកលេងកុះករ ។ គេបានពិភាក្សាគ្នាលើច្រើនបញ្ហា ។
ក្នុងនោះមានទាំងបញ្ហាគណិតសាស្ត្រទៀតផង ។
កាលណោះ កុមារប្លេស ប៉ាស្កាល់ទើបតែមានអាយុ៨ឆ្នាំប៉ុណ្ណោះ
ម្ដងនោះគេបានលួចបើកទ្វារចូលដោយបើកភ្នែកធំៗថ្លាយង់សម្លឹងទៅមុខដ៏ក្រហមរបស់លោកឪពុកដែលកំពុងជជែក
និងប្រកែកគ្នា… ។
ថ្ងៃមួយ ប៉ាស្កាល់បានសួរឪពុកថា «ពុកអ្ហ៎ា ! តើធរណីមាត្រសាស្ត្រដែលអ៊ំៗគាត់បានប្រកែកជជែកគ្នានោះគឺជាអ្វីទៅពុក ?» ។ ថ្វីបើខ្លួនជាអ្នកគណិតសាស្ត្រពិតមែន ប៉ុន្តែឪពុកប៉ាស្កាល់មិនដែលនឹកឃើញដល់រឿងត្រូវបង្រៀនកូនរបស់ខ្លួននូវចំណេះដឹងពីគណិតសាស្ត្រឡើយ
ពីព្រោះលោកយល់ឃើញថា កូនរបស់លោកនៅតូចពេក ។
ហេតុនោះ លោកគ្រាន់តែឆ្លើយឲ្យរួចពីមាត់តែប៉ុណ្ណោះ «អូ៎ ! នោះគឺជាវិធីគូរបណ្ដារូបជ្រុង
រូបមូល ហើយរកទំនាក់ទំនងរវាងរូបទាំងនោះទៅវិញទៅមក…» ។
មិនយូរប៉ុន្មានស្រាប់តែឪពុកប៉ាស្កាល់ប្រទះឃើញកូនរបស់ខ្លួនកំពុងប្រឹងគូរបណ្ដារូបចម្លែកៗលើឥដ្ឋ ។
«កូនឯងធ្វើអីហ្នឹង ?» កុមារប៉ាស្កាល់អេះអុញ
មុខឡើងក្រហម «កូន… កូនកំពុងរកទំនាក់ទំនងរវាងកង់ឡាន
ជាមួយរូបជ្រុងទ្រវែង» ។
រូបកង់ឡានដែលកុមារប៉ាស្កាល់ហៅនោះគឺជារង្វង់មូល
ចំណែករូបជ្រុងទ្រវែងគឺរូបចតុកោណកែង ។
ឪពុកប៉ាស្កាល់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកូនរបស់លោកដែលមិនទាន់បានរៀនគណិតសាស្ត្រមួយថ្ងៃណាសោះ
បែរជាអាចសន្និដ្ឋានបាននូវទ្រឹស្ដីបទមួយចំនួនទៀត ។
អំណោយជូនចំពោះលោកឪពុក
កាលលោកស្ថិតនៅក្នុងវ័យជានិស្សិត
នាពេលអធ្រាត្រមួយនោះ
ពេលឃើញឪពុករបស់ខ្លួនកំពុងអង្គុយប្រឹងធ្វើការនៅលើតុមួយ
ប៉ាស្កាល់ក៏លួចដើរស្រាលជើងថ្នមៗមកជិតឪពុក តែឪពុកនៅតែជក់អារម្មណ៍
ភ្លេចខ្លួននឹងតួលេខដ៏ច្រើន ។
លោកកំពុងពិនិត្យបញ្ជីរបស់មន្ទីរហិរញ្ញវត្ថុដែលលោកទើបនឹងបានទទួលតំណែង
និងទទួលបន្ទុក ។
«ខ្សែតួលេខបូកដ៏វែងរាប់ពាន់លេខ… !»
ប៉ាស្កាល់លួចនឹងក្នុងចិត្ត កិច្ចការដ៏គួរឲ្យធុញទ្រាន់
តែមិនអាចគេចផុត ។ ក៏ប៉ុន្តែ…
ក្នុងខួរក្បាលរបស់អ្នកគណិតសាស្ត្រវ័យក្មេងនេះ បានលេចឡើងនូវពន្លឺមួយ !
ប៉ាស្កាល់នឹកក្នុងចិត្តរួចវិលទៅកាន់បន្ទប់របស់ខ្លួន
គូសវាសនូវប្លង់មួយនៅលើក្រដាស… ១០ថ្ងៃក្រោយមក
លោកតាប៉ាស្កាល់ជាឪពុកស្រឡាំងកាំងក្រៃលែង
ដោយឃើញកូនរបស់ខ្លួនឱបវត្ថុចម្លែកមួយមកដាក់លើតុរបស់គាត់ ។
«កូនសង្ឃឹមថា អំណោយដ៏តូចស្ដួចស្ដើងនេះ
អាចនឹងជួយសម្រាលដល់ការឈឺក្បាលរបស់ពុក ដោយសារតួលេខទាំងឡាយ» ។ ការពិតនោះគឺជាម៉ាស៊ីនបូកសង
ដែលប៉ាស្កាល់បានយកអស់កម្លាំងកាយចិត្តបញ្ញារបស់ខ្លួនបូជាចំពោះឪពុកក្នុងការរុករកបង្កើតវា ។ នោះក៏ជាម៉ាស៊ីនគិតលេខដំបូងបង្អស់លើសកលលោក
ជាមាតាបិតាបុព្វសម័យនៃបណ្ដាម៉ាស៊ីនកុំព្យូទ័រដ៏ទំនើបនាពេលបច្ចុប្បន្ន ។
ដើមប្របុសចេះពិចារណា
ប៉ាស្កាល់ពុំត្រឹមតែជាអ្នកប្រាជ្ញដ៏មហិមាប៉ុណ្ណោះទេ
តែនៅជាទស្សនវិទូមួយរូបដែលតែងធ្វើការតស៊ូប្រឆាំងរាល់ជំនឿឈ្លក់វង្វេងនឹងសាសនាទៀតផង ។
ថ្ងៃមួយមិត្តម្នាក់បានរម្លឹកដល់លោកថា «មនុស្សយើងប្រៀបបាននឹងដើមប្របុសដ៏ទន់ខ្សោយចំពោះធម្មជាតិដ៏ខ្លាំងក្លា
និងធំធេង ។ ដូច្នេះធ្វើម្ដេច
បងឯងអាចនឹងទ្រាំទ្ររួចនឹងកម្លាំងព្យុះព្យោមានោះ ?» ។ ប៉ាស្កាល់តបវិញថា «ពិតណាស់ ! មនុស្សគ្រាន់តែជាដើមប្របុសដ៏ទន់ខ្សោយ
តែជាដើមប្របុសដែលចេះពិចារណា ។ ហេតុនេះ វាមិនសុខចិត្តទុកឲ្យព្យុះព្យោមាបោកបក់រំលំរំលើងឡើយ… »។
ពន្លឺនៃវិទ្យាសាស្ត្រ
មានម្ដងនោះ ក្នុងពិធីជប់លៀងមួយដោយចៃដន្យ
ប៉ាស្កាល់អង្គុយនៅក្បែរសង្ឃរាជស្រុក ។
ពេលដែលសង្ឃរាជស្រុកជក់បារី តាមច្បាប់សុជីវធម៌
អ្នកវិទ្យាសាស្ត្របង្ខំចិត្តត្រូវគូសឈើគូសដើម្បីឲ្យសង្ឃរាជអុជបារី ។ ជាភ័ព្វអាក្រក់ ឈើគូសគ្រាន់តែខ្ទាតភ្លើង ហើយរលត់ភ្លាម ។
សង្ឃរាជស្រុកញញឹម ហើយនិយាយលេងថា «លោកឃើញទេ ពន្លឺវិទ្យាសាស្ត្រដែលទើបនឹងបង្កាត់ភ្លើង
ត្រូវរលត់បាត់ទៅវិញហើយ» ។
គំនិតរបស់សង្ឃរាជស្រុកចង់និយាយដល់ការប្រកែកជជែកគ្នាដែលទើបនឹងផ្ទុះឡើងរវាងអ្នកវិទ្យាសាស្ត្រជាមួយបណ្ដាអ្នកនៅក្នុងសមាគមសាសនា ។ ប៉ាស្កាល់ក៏សើច ហើយឆ្លើយតបវិញថា «ជម្រាបលោកម្ចាស់
នៅក្នុងដៃលោកម្ចាស់ ទុកជាពន្លឺភ្លើងអ្វីក៏គង់តែត្រូវរលត់ដែរ»
។ អាកប្បកិរិយា
និងសតិអារម្មណ៍ជឿនលឿនរបស់ប៉ាស្កាល់មិនបានធ្វើឲ្យមជ្ឈដ្ឋានអ្នកកាន់សាសនាមានការពេញចិត្តឡើយ ។
នៅអាយុ៣២ឆ្នាំ គ្រោះថ្នាក់មួយនៅលើដងទន្លេសែន បម្រុងនឹងផ្ដាច់ជីវិតអ្នកវិទ្យាសាស្ត្រដ៏ក្មេងវ័យរូបនេះ ។ ឆ្លៀតឱកាសល្អនេះ បណ្ដាសង្ឃកាតូលិកនាំគ្នាបំប្លោងថា ព្រះយេស៊ូបានដាក់ទណ្ឌកម្មដល់ជនដែលមើលងាយដល់ព្រះជាម្ចាស់ហើយ ។ ប៉ុន្តែទុកជាមានការប្រឆាំងពីវិហារកាតូលិកយ៉ាងណាក្ដី
ក៏បណ្ដាវណ្ណកម្មវិទ្យាសាស្ត្ររបស់ប៉ាស្កាល់ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ
ហើយនៅទីបញ្ចប់
វិទ្យាសាស្ត្រនៅតែទទួលជ័យជម្នះលើជំនឿស៊ប់វង្វេងនឹងសាសនាជានិច្ច ៕
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ
ចងក្រងដោយ ចាន់ សុខហេង