លៃបឺនីស ហ្គូតហ្វ្រីតវិលហែម ជាអ្នកគណិតសាស្ត្រ និងទស្សនវិទូដ៏មហិមា ។ លោកជាជនជាតិអាល្លឺម៉ង់ កើតចេញពីត្រកូលបញ្ញវន្តអ្នកក្រ ។ តាំងពីនៅតូចម្ល៉េះ លៃបឺនីស បានទទួលការបំប៉នយ៉ាងយកចិត្តទុកដាក់ពីឪពុក ចំពោះទេពកោសល្យធម្មជាតិរបស់ខ្លួន ។ ម្ដាយរបស់លៃបឺនីស ជាស្ត្រីមួយរូបដ៏ឈ្លាសវៃ ចេះច្រើនភាសា ។ នោះជាចំណែកមួយដែលជះឥន្ធិពលយ៉ាងជ្រាលជ្រៅដល់ទេពកោសល្យ និងចរិយាសម្បត្តិរបស់អ្នកប្រាជ្ញយើងដែរ ។
លៃបឺនីស ហ្គូតហ្វ្រីតវិលហែម (Leibniz Gottfried Wilhelm, 1646-1716)
តាំងពីវ័យ១២ឆ្នាំមកម្ល៉េះ
លៃបឺនីសបានរៀនដោយខ្លួនឯង ហើយយល់យ៉ាងជ្រៅជ្រះបណ្ដាវណ្ណកម្មបុរាណ ។
ពេលនោះលៃបឺនីសក៏ចាប់ផ្ដើមនឹងប៉ុនប៉ងប្រាថ្នារុករកនូវអាថ៌កំបាំងទាំងឡាយក្នុងធម្មជាតិ ។ អាយុបាន១៤ឆ្នាំ កុមារលៃបឺនីសត្រូវបានទទួលឲ្យចូលរៀននៅមហាវិទ្យាល័យឡិបសិច ។ ក្នុងពេលសិក្សានេះ លៃបឺនីសបានបង្ហាញឲ្យឃើញនូវបញ្ញាដ៏ឆ្នើម
ហើយចាប់ផ្ដើមធ្វើការស្រាវជ្រាវបង្កើតនូវសំណង់គណិតសាស្ត្រនានា ។
ពលិកម្មដ៏សំខាន់បំផុតរបស់លៃបឺនីសគឺស្ថិតក្នុងវិស័យផលគុណ និងផលចែក ។ លៃបឺនីស និងញូវតុន ត្រូវបានគេចាត់ទុកជាអ្នកបង្កើតនូវក្បួននិពន្ធផលគុណ ។ ទន្ទឹមនោះ លោកជាទស្សនវិទូមួយដ៏ល្បីល្បាញ ។
ដំណើរផ្សេងព្រេងក្នុងបណ្ដា… ទូសៀវភៅ
ថ្ងៃមួយ លោក ហ្វ្រីឌ្រីត
លៃបឺនីស ដែលជាឪពុកបានប្រទះឃើញកូនប្រុសរបស់លោកដែលទើបមានអាយុ១០ឆ្នាំ លួចចូលក្នុងបណ្ណាល័យនៅពេលដែលលោកមិននៅ ។ លោករឹតតែស្រឡាំងកាំងខ្លាំងថែមទៀត
ពេលដែលឃើញសៀវភៅដែលកូនលោកអាន «មិនមែនរឿងព្រេងអ៊ីតាលី»
ឬ «មួយពាន់មួយយប់» ឡើយ តែបែរជាសៀវភៅវណ្ណកម្មរបស់ប្លាតុង អារីស្តូត និងស៊ីសេរ៉ូន ទៅវិញ ។
«ព្រះអើយ ! ធ្វើម្ដេចកូនឯងយល់បាននូវបញ្ហាដ៏ខ្លាំងកំពូលដែលនិយាយនៅក្នុងសៀវភៅទាំងនោះ ?» ។
កុមារហាក់ភ្ញាក់ខ្លួនពីដំណេក ក៏ងើបមុខឡើង «ខ្លាំងពូកែឬ ? ទេមិនមែនទេពុក
ផ្ទុយមកវិញ… កូននឹកថា
កូនកំពុងធ្វើដំណើរផ្សងព្រេងក្នុងព្រៃដែលពេញទៅដោយបុប្ផាក្រអូប
និងវាលស្មៅស្អាតចម្លែក…» ។
ឪពុកកុមារកាន់តែភាន់ភាំង ។ លោកបានរៀបរាប់រឿងនោះប្រាប់ភរិយា «ម៉ែវាអ្ហ៎ា !
កូនយើងនឹងធ្វើបាននូវរឿងដ៏អស្ចារ្យមិនខានឡើយ» ។
ល្បែងកំសាន្តរបស់អ្នកប្រាជ្ញ
ពេលដែលបានក្លាយទៅជាបណ្ឌិតនីតិសាស្ត្រ
និងជាអ្នកគណិតសាស្ត្រដ៏ល្បីល្បាញទៅហើយនោះ លៃបឺនីសនៅតែតូលចិត្តការប្រលែងលេង… ។
កាលនៅជំនាន់នោះ កំពុងមានការរីកចម្រើនលើវិទ្យាសាស្ត្រ
អាថ៌កំបាំងមួយគឺធ្វើមាសក្លែងក្លាយ ។
បណ្ដាវិទ្យាសាស្ត្រពាក់ស្លាកបន្លំនេះ បានបង្កើតឲ្យមាន «សមាគមអ្នកធ្វើមាសក្លែងក្លាយ» ដែលប៉ិនខាងការធ្វើប្រឌិតនូវរឿងចម្លែកៗ
ដូចជា
គេថាគេអាចរកបាននូវទឹកមន្តម្យ៉ាងដែលសម្រក់ទៅលើផ្ទាំងសិលាឲ្យប្រែក្លាយទៅជាមាសបាន ។
មានម្ដងនោះ ពេលធ្វើដំណើរឆ្លងកាត់នូយរ៉ូមបែ
លៃបឺនីសបានសរសេរលិខិតមួយច្បាប់ផ្ញើឲ្យសមាគមនេះដែលពេញទៅដោយឃ្លាឃ្លោងគ្មានខ្លឹមសារ
ហើយជាពាក្យសម្ងាត់ដែលពុំមាននរណាយល់បានក្នុងគោលបំណងប្រលែងលេងតែប៉ុណ្ណោះ ។ តែជាការស្មានមិនដល់ ប៉ុន្មានថ្ងៃក្រោយមក លោកក៏បានទទួលលិខិតឆ្លើយតបថា
«សមាគមយើងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសតិអារម្មណ៍ដ៏កំពូល
និងវិជ្ជាដ៏ជ្រៅជ្រះក្នុងនិក្ខេបបទរបស់លោកផ្ញើមកយើងខ្ញុំ ។
សមាគមយើងខ្ញុំសូមសម្រេចបំពាក់ជូនលោកនូវរង្វាន់កិត្តិយសដែលទុកសម្រាប់សមាជិកសមាគមដែលមានស្នាដៃឆ្នើមបំផុត» ។
ការឱនលំទោនរបស់អ្នកប្រាជ្ញ
នៅពេលដែលបោះពុម្ពផ្សាយស្នាដៃស្ដីពីគណនាអនុគមន៍ លៃបឺនីសបានបង្កឲ្យមានការជជែកដេញដោលគ្នាយ៉ាងខ្លាំងក្នុងមជ្ឈដ្ឋានអ្នកប្រាជ្ញ ។ នរណាជាអ្នករកឃើញ ? ញូវតុន ឬលៃបឺនីស ?
ក្នុងសម័យប្រជុំចំហមួយ អ្នកប្រាជ្ញរបស់យើងបានថ្លែងមតិរបស់ខ្លួនដោយត្រង់ៗថា
«ហេតុដូចម្ដេចចាំបាច់ចោទជាបញ្ហាយ៉ាងនេះទៅវិញ ?
ចំពោះខ្លួនខ្ញុំ គឺមានតែការកំប៉ិកកំប៉ុកប៉ុណ្ណោះ ។ ចំណែកញូវតុនគឺជាមហាសាគរដ៏ល្វឹងល្វើយនៃទេពកោសល្យ» ។
ទុកជាយ៉ាងនេះក្ដី គេនៅតែចាត់ទុកលៃបឺនីស
ជាអ្នកបានបង្កើតចេញនូវជំនឿន និងវិធីគណិតសាស្ត្រ ។
កុំវាយតម្លៃមនុស្សតែរូបភាពខាងក្រៅ
លៃបឺនីសមានរបៀបរស់នៅយ៉ាងសាមញ្ញ ។ លោកច្រើនតែចេញចូលទៅមកបណ្ណគារ តៀមកាហ្វេ
រាប់អានលេងសើចនឹងជនទាំងឡាយ ។
ថ្ងៃមួយនៅប៉ារីស លៃបឺនីសបានចូលទៅបណ្ណាគារធំមួយក្នុងបំណងរកទិញសៀវភៅទស្សនវិជ្ជាដ៏មានតម្លៃមួយ ។ លោកបានរកឃើញសៀវភៅនោះ ប៉ុន្តែពេលដែលលោកសួរតម្លៃដើម្បីទិញ
ម្ចាស់បណ្ណាគារសម្ដែងអាកប្បកិរិយាងឿងឆ្ងល់ «សូមលោកពិនិត្យសៀវភៅនេះវិញមើល
តើលោកពិតជាត្រូវការវាមែនឬយ៉ាងណា ? ខ្ញុំយល់ថា…» ។ ម្ចាស់បណ្ណាគារនិយាយមិនទាន់ចប់ឃ្លាស្រួលបួលផង
ជាការចៃដន្យល្អមួយ
អ្នកនិពន្ធសៀវភៅនេះដែលជាអ្នកប្រាជ្ញម្នាក់នៅប៉ារីសក៏ដើរចូលមកបណ្ណាគារនេះដែរ ។
ក្រឡេកឃើញលៃបឺនីសភ្លាម គាត់ប្រញាប់ប្រញាល់គោរពសួរ «សូមគោរពលៃបឺនីសដ៏មហិមា ។
តើខ្ញុំអាចសូមការអនុញ្ញាតជូនលោកនូវកូនសៀវភៅមួយដែលខ្ញុំទើបនឹងបោះពុម្ពផ្សាយបានដែរទេ ?» ។
ពេលនោះទើបម្ចាស់បណ្ណាគារភ្ញាក់ខ្លួនដោយមិនស្មានថា
មនុស្សដ៏សាមញ្ញឈរនៅពីមុខខ្លួនគឺជាអ្នកប្រាជ្ញដ៏ល្បីល្បាញដែលបណ្ដាវណ្ណកម្មគណិតសាស្ត្រ
និងទស្សនវិជ្ជារបស់លោកបាននាំមកនូវកិត្តិយសដល់បណ្ណាគារខ្លួនសោះ ។
ត្រូវរៀនសូត្រដោយវិធីណាខ្លះ ?
អាយុបាន១៥ឆ្នាំ លៃបឺនីសចាប់ផ្ដើមទទួលយកប្រព័ន្ធទស្សនវិជ្ជារបស់ដេកាត ។ យុវនិស្សិតចូលចិត្តការសិក្សានេះ
បានប្ដេជ្ញាចិត្តត្រូវតែរៀនគណិតសាស្ត្រដើម្បីយល់ឲ្យជ្រៅជ្រះនូវបណ្ដាទស្សនៈរបស់ទស្សនវិទូ
និងអ្នកគណិតសាស្ត្ររបស់បារាំងរូបនេះ ។
លៃបឺនីសក៏បានទៅកាន់មហាវិទ្យាល័យអ៊ីអេណា តាមស្ដាប់ការពន្យល់មេរៀនរបស់អ្នកគណិតសាស្ត្រវ៉េហ្គេន ។ ភ្លាមនោះ
លៃបឺនីសក៏ផុសឡើងនូវគំនិតត្រូវតែកសាងនូវមុខវិជ្ជាគណិតសាស្ត្រមួយដែលអាចនឹងជាជំនួយគណិតសាស្ត្រភាវូបនីយកម្ម
និងមុខវិជ្ជាទស្សនវិជ្ជា ។
ស្នាដៃមួយក្នុងចំណោមស្នាដៃពលិកម្មដ៏សំខាន់ដែលលោកត្រូវចំណាយពេលវេលាយ៉ាងច្រើនសម្រាប់ដោះស្រាយ
គឺការកសាងនូវប្រព័ន្ធសញ្ញាផ្លូវការមួយដែលប្រើប្រាស់ភាសាគណិតសាស្ត្រ
ដែលថ្ងៃក្រោយមកបានក្លាយទៅជាវិទ្យាសាស្ត្រឯករាជ្យមួយគឺមុខវិជ្ជាឡូការីតគណិតសាស្ត្រ ។
ក្នុងរយៈពេលសិក្សានៅមហាវិទ្យាល័យអ៊ីអេណានោះ
លៃបឺនីសក៏បានយល់ដឹងអំពីស្នាដៃគណិតសាស្ត្ររបស់ប៉ាស្កាល់ ។
មួយរំពេចនោះ
លៃបឺនីសបានរកឃើញក្នុងវណ្ណកម្មរបស់ប៉ាស្កាល់នូវពន្លឺដ៏ចិញ្ចែងចិញ្ចាចដែលជាជំនួយឲ្យលោកឈានទៅរកសតិអារម្មណ៍ដ៏សំខាន់នៃក្បួនគណនាអនុគមន៍
ដែលតមកថ្ងៃក្រោយគឺលោកជាអ្នកបានបង្កើតវាឡើង ។ ក្រោយមក
ពេលដែលនិយាយអំពីហេតុផលនាំលោកទៅដល់ការរកឃើញនូវគណិតសាស្ត្រដ៏មហិមានេះ
លៃបឺនីសសង្កត់ធ្ងន់ថា «ខ្ញុំសម្រេចបានលទ្ធផលគឺដោយសារចេះរៀនសូត្របន្តពីបណ្ដាបុព្វព្រឹទ្ធាចារ្យ ។ ការរៀនសូត្រមិនចំពោះបញ្ហាណាមួយឡើយ ខ្ញុំប្រឹងស្វែងយល់ឫសគល់
ទាញយកផលឲ្យអស់គ្រប់ជ្រុងជ្រោយដែលនៅបង្កប់ទុក
ពិចារណានូវរបៀបប្រើប្រាស់ឲ្យល្អបំផុតនូវប្រការដែលសម្រេចបាន
និងអាចសម្រេចបាន…» ។
ថាមពលដ៏មហស្ចារ្យ
តាំងពីពេលលៃបឺនីសនៅរស់ម្ល៉េះ
គេបានចាត់ទុកលោកជាគតិបណ្ឌិតប្រកបដោយទេពកោសល្យរាប់រយមុខ
ហើយដែលច្រើនជាងគេក្នុងប្រវត្តិសាស្ត្រវប្បធម៌មនុស្សជាតិ ។ ស្ទើរតែគ្រប់ផ្នែកវិទ្យាសាស្ត្រ ស្ទើរតែគ្រប់ផ្នែកឧស្សាហកម្ម
និងទូទាំងជីវភាពនយោបាយរបស់អឺរ៉ុបកាលជំនាន់នោះ
សុទ្ធសឹងបានទទួលនូវការរួមវិភាគទានដ៏មានតម្លៃពីមនុស្សដ៏មហិមានេះ ។
គិតដោយឡែកតែលិខិតទាក់ទងគ្នា លៃបឺនីសបានសរសេរដល់ទៅចំនួន១៥.០០០ច្បាប់ ហើយប្រការគួរងឿងឆ្ងល់នោះ
គឺលិខិតណាមួយក៏មានផ្ទុកនូវសតិអារម្មណ៍ថ្មីធំធេងដែរ ។ ថាមពលដ៏អស្ចារ្យរបស់លៃបឺនីស គឺជាលទ្ធផលនៃដំណាក់កាលធ្វើពលិកម្មដ៏តានតឹង
តែមានរបៀបរបប ។ លោកនិយាយសង្កត់ធ្ងន់ពីគោលការណ៍
«មានបញ្ហាកាន់តែគ្រប់គ្រាន់ ច្បាស់ណាស់ថា
ការដោះស្រាយសមីការកាន់តែងាយ» ។
គ្រាន់តែសរសេរសៀវភៅមួយពីប្រវត្តិគ្រួសារ លៃបឺនីសត្រូវចំណាយកម្លាំង៣ឆ្នាំដែរ ។ លោកលៃបឺនីសប្រមូលឯកសារគរដូចភ្នំ ។
ពេលខ្លះលោកបានសម្រេចចិត្តត្រូវទៅទស្សនាបណ្ដាកេរ្តិ៍ដំណែលប្រាសាទបុរាណដើម្បីជាការបញ្ជាក់អះអាងលើឯកសារ ។ ទីបំផុតទើបលោកចាប់ផ្ដើមដំណើរការសរសេរ ៕
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ ចងក្រងដោយ
ចាន់ សុខហេង