តូម៉ាស់ អេឌីសុន កើតនៅមីឡង រដ្ឋអូហៃយ៉ូ (Ohio) ។ លោកជាជនជាតិអាមេរិករស់ក្នុងត្រកូលគ្រួសារក្រីក្រមួយ ។ អេឌីសុនត្រូវបង្ខំចិត្តទៅរកស៊ីតាំងពីអាយុ១២ឆ្នាំ ។ ក៏ប៉ុន្តែទោះជាស្ថិតក្នុងស្ថានភាពដ៏លំបាកយ៉ាងនេះក្ដី កុមារអេឌីសុននៅតែស្រលាញ់ជក់ចិត្តរៀនសូត្រដោយខ្លួនឯង ជាពិសេសចូលចិត្តធ្វើការពិសោធន៍រូបវិទ្យា និងគីមីវិទ្យា ។
តូម៉ាស់ អេឌីសុន (Thomas Edison, 1847-1931)
ចាប់តាំងពីអាយុ១៥ឆ្នាំ អេឌីសុន បានចាប់ផ្ដើមកសាងបុព្វហេតុនៃការរកឃើញថ្មីមួយ
ដោយបង្កើតម៉ាស៊ីនសព្ទទូរសព្ទជាលើកដំបូងបង្អស់ជាមួយនឹងហុងវណ្ឌខ្សែលួសដែលគេគ្រវាត់ចោល ។ នៅអាយុ២២ឆ្នាំ អេឌីសុនបើកសហគ្រាសជួសជុលម៉ាស៊ីនមួយ
ហើយមិនយូវប៉ុន្មានបានក្លាយទៅជាអ្នកបច្ចេកទេសដ៏ល្បីល្បាញពេញទាំងពិភពលោក ។ ក្នុងមួយជីវិតធ្វើសកម្មភាពក៏ពុះកញ្ជ្រោលរបស់ខ្លួន
លោកបានផ្ដល់ឲ្យមនុស្សលោកនូវការរកឃើញថ្មីជាងមួយពាន់មុខដ៏មានតម្លៃ
ដូចជា ម៉ាស៊ីនច្រៀង ទូរសព្ទ អំពូលភ្លើង ម៉ាស៊ីនភ្លើង ។ល។
បរាជ័យនៃការពិសោធន៍មួយ
អាយុ១៥ឆ្នាំ អេឌីសុនត្រូវទៅរកលុយចិញ្ចឹមជីវិតតាមវិធីបោះពុម្ពកាសែតលក់ឲ្យអតិថិជននៅតាមរទេះភ្លើង ។ ជាមួយនឹងគំនិតច្នៃប្រឌិតរបស់ខ្លួន
អេឌីសុនបានធ្វើឲ្យទំព័រកាសែតកាន់តែមានសម្រស់ទទួលបានការពេញចិត្តពីអតិថិជន ។ ហេតុនោះ
ក្រុមហ៊ុនរទេះភ្លើងបានត្រៀមខ្លួនជាស្រេចរៀបចំនូវទូររថភ្លើងមួយដោយឡែកធ្វើរោងជាងបោះពុម្ពកាសែតសម្រាប់ផ្ដល់ឲ្យចាងហ្វាងកាសែតតូចច្រមក់នេះ ។
ថ្ងៃមួយរថភ្លើងកំពុងតែរត់
សំឡេងផ្ទុះមួយដ៏ខ្លាំងព្រឺព្រួចបានលាន់ឡើង ។
អ្នកដំណើរផ្អើលឆោឡោ ។ រថភ្លើងបញ្ឈប់ដំណើរ ។
បន្ទាប់ពីនាទីដ៏គួរឲ្យភិតភ័យនេះ
គេបានរកឃើញប្រភពនៃគ្រោះមហន្តរាយនេះ ។
ការពិតលោកចាងហ្វាងកាសែតតូចច្រមក់បានប្រើប្រាស់ទូររថភ្លើងសម្រាប់ខ្លួនមិនត្រឹមតែធ្វើការបោះពុម្ពកាសែតប៉ុណ្ណោះទេ
គឺនៅបានដំណើរការពិសោធន៍ផ្សេងៗទៀត ។ នៅលើកនេះ
ដោយធ្វេសប្រហែស អេឌីសុនបានធ្វើឲ្យផ្ទុះទូររថភ្លើង ហើយប្រហែលតែមួយវិនាទីទៀត…
ជីវិតរបស់អេឌីសុនក៏នឹងត្រូវបាត់បង់ដែរ ។
លោកប្រធានរថភ្លើងខឹងច្រឡោតយ៉ាងខ្លាំង
ក្រោយពីបានដឹងរឿងនោះ ។
គាត់ដាច់ខាតត្រូវតែបណ្ដេញអនាគតអ្នកប្រាជ្ញយើង
និងឲ្យរើគ្រឿងពិសោធន៍កំប៉ិកកំប៉ុកចេញពីទូររថភ្លើងមួយរំពេច និងប្រើសម្ដីគម្រាមកំហែងដល់អេឌីសុនថា
«ប្រយ័ត្នណា ! ឲ្យតែឯងបន្តល្បែងចម្កួតបែបនេះទៀត
គង់តែមានថ្ងៃអស់ជីវិត ហើយថែមទាំងអន្តរាយដល់ជីវិតអ្នកដទៃទៀតមិនខាន» ។
តែយុវជនដែលស្រលាញ់ការចេះដឹង
មិនយកត្រចៀកស្ដាប់សម្ដីទាំងនោះឡើយ ។ ម្នាក់ឯងជាមួយបាតដៃទាំងពីរ
អេឌីសុនបានឈានលើមាគ៌ាឯតទគ្គកម្មវិទ្យាសាស្ត្រយ៉ាងអង់អាចក្លាហាន ។
ល្បែងបោកប្រាស់មួយទៀត
ឆ្នាំ១៨៧៩ ក្នុងពិធីតាំងពិពណ៌មួយនៅប៉ារីស គេបានតាំងម៉ាស៊ីនច្រៀងមួយដែលអេឌីសុនបានផលិត ។
នៅពេលដែលឮសំឡេងមនុស្សលាន់ចេញពីគ្រឿងបំពងសំឡេងនៃម៉ាស៊ីនច្រៀង
បុរសត្រកូលអភិជនមួយរូបដែលមានមុខនៅទីនោះមិនព្រមជឿដាច់ខានចំពោះការរកឃើញម៉ាស៊ីននេះឡើយ ។
«វាជាល្បែងបោកប្រាស់មួយទៀតហើយ ! ខ្ញុំសូមអះអាងថា គឺអ្នកបញ្ជាម៉ាស៊ីននោះឯងដែលបញ្ចេញសំឡេងនោះ…» ។ បុរសស្ទុះទៅបិទមាត់អ្នកបញ្ជាម៉ាស៊ីនច្រៀង…
តែគួរឲ្យអាណិតណាស់ទុកជាបុរសត្រកូលអភិជននោះប្រឹងរកគ្រប់មធ្យោបាយដើម្បីវែកមុខល្បែងបោកប្រាស់នេះយ៉ាងណាក៏ដោយ
ក៏ម៉ាស៊ីនច្រៀងនៅតែបន្តបញ្ចេញសំឡេងរបស់ចម្រៀង…ដដែល ។
ប្រយោជន៍របស់ទ្វារមួយ
អេឌីសុនជានិច្ចកាលនឹកឃើញដល់បណ្ដាមធ្យោបាយដើម្បីឲ្យធូរស្រាលកម្លាំងពលកម្ម ។
លោកបានរកឃើញកន្លែងសម្រាប់ប្រើការរកឃើញថ្មីៗដោយមិនថានៅកន្លែងណាឡើយ ។
ថ្ងៃមួយ មានមិត្តម្នាក់មកលេងជាមួយលោក ។ គាត់តម្អូញថា ទ្វារនៅខាងក្រៅផ្ទះធ្ងន់ពេក ។ អេឌីសុនផ្ទុះសំណើច «គ្មានអ្វីគួរឲ្យត្អូញត្អែរទេ…
បើសិនជាបងឯងដឹងថា ភ្ញៀវគ្រប់រូបដែលមកកាន់ទីនេះ
ពេលរុញទ្វារចូលមកម្នាក់ៗ បានជួយបូមទឹកជំនួសខ្ញុំដល់ទៅ៣០លីត្រ
បង្ហូរទៅដាក់អាងនៅលើដំបូលផ្ទះ ។
ការពិតឯតទគ្គកម្ម
យើងបានឆ្លៀតប្រើទ្វារចេញចូលដើម្បីឲ្យទៅជាម៉ាស៊ីនបូមទឹកសម្រាប់បង្ហូរទឹកទៅកាន់បន្ទប់ទឹកនានា» ។
លទ្ធផលនៃការប្រុងប្រយ័ត្ន
អេឌីសុនធ្វើការងារអ្វីមួយដោយហ្មត់ចត់ណាស់ ។ មិនចំពោះឯតទគ្គកម្មណាមួយឡើយ
លោកតែងតែតស៊ូធ្វើការពិសោធន៍មួយហើយមួយទៀតរហូតដល់បានទទួលលទ្ធផលដូចបំណង ។ ដូចជាក្នុងពេលស្រាវជ្រាវពីអាគុយជាដើម
លោកត្រូវធ្វើពិសោធន៍ដល់ទៅ… ៥០ពាន់លើក ។
ចំណែកក្នុងការរកវត្ថុធាតុសម្រាប់ធ្វើរេស៊ីស្តង់អំពូលភ្លើង
តួលេខនៃការធ្វើពិសោធន៍ឡើងដល់ទៅ៨ពាន់លើកដែរ ។
មិត្តម្នាក់សួរលោកថា «បងឯងមិននឹកឃើញថា
ធ្វើបែបនេះជាការប្រុងប្រយ័ត្នហួសហេតុពេកទេឬ ?» ។ អេឌីសុនឆ្លើយតបវិញ «មានអ្វីដែលថាហួសហេតុនោះ ?
បើសិនជាគ្មានការពិសោធន៍ ៥០ពាន់លើកមុននោះ
វាប្រាកដជាគ្មានអាគុយគំរូ ៥០.០០១ ដែលខ្ញុំពេញចិត្តនោះឡើយ» ។ អាគុយទី ៥០.០០១
នេះគឺជាអាគុយដែលយើងប្រើរហូតមកទល់សព្វថ្ងៃនេះ ។
ដើម្បីសម្រេចបានគោលដៅ
នៅពេលធ្វើពិសោធន៍រកវត្ថុធាតុសម្រាប់ធ្វើរេស៊ីស្តង់អំពូលភ្លើង
អេឌីសុនត្រូវរិះរកអស់ពេលយ៉ាងយូរនៅតែមិនទាន់សម្រេចបានគោលបំណង ។ លោកបានចាត់មនុស្សម្នាក់ឲ្យទៅដល់ប្រទេសជប៉ុន
រកទិញឫស្សីពកមួយប្រភេទដែលសរសៃរបស់វាអាចច្នៃធ្វើជាធ្យូងវត្ថុធាតុដើមសមស្របនឹងសំណូមពរជាកំណត់របស់លោក ។
អ្នកដែលបានចាត់ទៅបង្ហាញនូវការអល់អែក «តើរេស៊ីស្តង់អំពូលភ្លើងមួយគួរតែចំណាយកម្លាំងដល់ថ្នាក់ហ្នឹងឬ ?» ។ អេឌីសុនបញ្ចេញទឹកមុខម៉ឺងម៉ាត់ រួចនិយាយ «នែមិត្តសម្លាញ់ !
ធ្វើការជាមួយខ្ញុំ សុំកុំនិយាយដល់ការខាតបង់កម្លាំងអី ។ តែគួរសម្លឹងទៅកាន់គោលបំណងដែលយើងត្រូវការ» ។
មេរៀនសម្រាប់អ្នកស្កប់ស្កល់និយម
មានមួយលើកនោះ អេឌីសុនបានប្រគល់ឲ្យសហការីរបស់ខ្លួនស្រាវជ្រាវរចនាសម្ព័ន្ធកម្លាំងម៉ាស៊ីននាវាមុជទឹកមួយ ។ សហការីនេះយកមកឆ្លងនូវវិធានការបី
ដែលទាំងបីលើកនោះត្រូវអេឌីសុនបដិសេធទាំងអស់ ។
ដល់លើកទី៤ សហការីនិយាយថា «ខ្ញុំបានពិចារណារកគ្រប់របៀបហើយៗមិនអាចធ្វើអ្វីឲ្យលើសនេះបានទៀតទេ !»
។ «ពិតទេ ?» ។
ពីរថ្ងៃក្រោយមក អេឌីសុនអញ្ជើញសហការីនោះមកជួបលោក
ហើយបង្ហាញឲ្យមើលព្រមគ្នា… នូវវិធានការ ៤០ខុសប្លែកពីគ្នា ដែលអេឌីសុនសម្ដែងឲ្យឃើញយ៉ាងជាក់ស្ដែង ។
ការពិតដើម្បីបង្ហាញជាគំរូពីការប្រុងប្រយ័ត្នដល់សហការីរបស់ខ្លួន
អេឌីសុនបានចំណាយពេលស្រាវជ្រាវលើគ្រប់ជ្រុងជ្រោយនៃបញ្ហា
ហើយបានដាក់បន្ថែមនូវវិធានការសមស្របផ្សេងៗជាច្រើនទៀត
ដើម្បីបញ្ជាក់ឲ្យឃើញថា … ចំនួន៤ មិនទាន់ជាឯកតាលេខធំជាងគេទេ ។
ពាក្យទូន្មានដ៏មានប្រយោជន៍
គ្មានថ្ងៃណាមួយដែលអេឌីសុនបដិសេធមិនទទួលជួបជាមួយអ្នកឯតទគ្គកម្មពាក់កណ្ដាលរដូវ
ដែលមិនព្រមស្រាវជ្រាវរុករក ហើយចេះតែស្រមៃចង់ឆក់បានលទ្ធផលភ្លាមៗឡើយ ។
មានម្ដងនោះ ជនម្នាក់បានមកជួបអេឌីសុន ហើយសួរថា «ជម្រាបប្រសាសន៍លោក ខ្ញុំកំពុងចង់រកឲ្យឃើញនូវអង្គធាតុមួយដែលអាចនឹងរលាយចូលក្នុងគ្រប់វត្ថុធាតុដែលជាសូឡុយស្យុងមួយដ៏អស្ចារ្យ ។ ខ្ញុំមកនេះដើម្បីសុំលោកជួយបង្ហាញណែនាំផ្លូវដែលត្រូវដើរ» ។ អេឌីសុនសើចញឹមៗ «ជម្រាបប្រសាសន៍លោក
មុនពេលលោកគិតឃើញដល់ការរកឃើញថ្មីនូវអង្គធាតុរលាយដ៏អស្ចារ្យនោះ
សូមលោកពិចារណាមើល… តើវាអាចនឹងដាក់នៅក្នុងអ្វីបានសិន ?» ។
អ្នកបង្កើតថ្មីអៀនរឹងខ្លួន ។ ពេលនោះទើបដឹងថា ខ្លួនពិតជាល្ងង់ខ្លៅមែន ។
មាគ៌ាក្លាយទៅជាអ្នកប្រាជ្ញ
មានមនុស្សខ្លះបានសួរអេឌីសុនថា «ជម្រាបប្រសាសន៍លោក
តើអ្នកបង្កើតថ្មីគ្រប់រូបត្រូវការនូវលក្ខណៈអ្វីខ្លះ ?» ។ អេឌីសុនឆ្លើយតប «ចំពោះអ្នកបង្កើតថ្មី
ទេពកោសល្យដែលទេវតាប្រទានឲ្យមានតែ ១% ប៉ុណ្ណោះ ចំណែក ៩៩% ទៀត គឺដោយដំណក់ញើស និងទឹកភ្នែក» ។
គុណសម្បត្តិ និងការខ្វះខាតរបស់អេឌីសុន
អេឌីសុនជាមនុស្សដែលមានការប្រឹងប្រែងដ៏មហស្ចារ្យ ។ ជារៀងរាល់ថ្ងៃលោកធ្វើការដល់ទៅ១២ម៉ោង ក្នុងបន្ទប់ពិសោធន៍ ។
លោកប្រឹងប្រែងធ្វើពិសោធន៍អស់ពីករណីមួយដល់មួយ
រហូតដល់រកឃើញវិធីដោះស្រាយបានយ៉ាងសមរម្យបំផុត ។
តែនៅពេលយកចិត្តទុកដាក់ការអនុវត្ត លោកមានការខ្វះខាតមួយ ដោយមើលស្រាលទ្រឹស្ដី ។ អ្នកបច្ចេកទេសអូទ្រីស នីកូនតេសឡា បានកត់សម្គាល់ពីអេឌីសុនថា «បើសិនជាគាត់ធ្វើធ្លាក់ម្ជុលមួយដើមទៅក្នុងគំនរចំបើង
គាត់នឹងរើចំបើងម្ដងមួយទងៗ ដើម្បីរកដោយមិនរវល់រិះគិតមើល
តើម្ជុលធ្លាក់នៅកន្លែងណាឡើយ ។
ក្នុងដំណាក់កាលធ្វើពលកម្មវិទ្យាសាស្ត្ររបស់ខ្លួន
លោកត្រូវបង់ខាតកម្លាំងពលកម្មយ៉ាងហោចណាស់ ៣០% នៃការងាររបស់លោក» ៕
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ
ចងក្រងដោយ ចាន់ សុខហេង